ក្រសួងទេសចរណ៍ ណែនាំ​៥​ចំណុច ស្តីពី​ការរៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ និង​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ខាងមុខនេះ​

​ភ្នំពេញ​៖ នា​ថ្ងៃទី​១៣ កញ្ញា​នេះ ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ សម្រាប់​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ ដោយ​បញ្ជាក់ថា ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​- ១៩ ដែល​អាច​កើតមាន​ជាយថាហេតុ​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ក្នុងឱកាស បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃ​ណ៏​ជាតិ ថ្ងៃទី​២៤-២៥-២៦ ខែកញ្ញា ឆ្នាំ​២០២២ ក្រសួងទេសចរណ៍ សូម​ធ្វើ​ការណែនាំ​ដល់​មន្ទីរ​ទេសចរណ៍ រាជធានី ខេត្ត ដូចខាងក្រោម​៖

១. ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឹងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ ដោយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ *៣ ការពារ​” និង “៣ កុំ​” ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រមជាមួយ​ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គ​ម្ដង​ប្រក្រតីភាព​ថ្មី ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម និង​ធានា សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​

២. ត្រូវ​បន្ត​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​នានា រៀបចំ​ឲ្យ​មាន​កម្មវិធី​លើកទឹកចិត្ត ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ា​កំលាំង ខណៈដែល​បុគ្គលិក​បម្រើការ​ទាំងអស់ ត្រូវ​ទទួលបាន ការចាក់​វ៉ា​កំលាំង​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។​

៣. ត្រូវ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​

​ទេសចរណ៍ ថែរក្សា​បរិស្ថាន អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ​។ រាល់ តម្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ​ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង ដើម្បី​ជម្រាប ជួន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន ជៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្តតាម​តារាង​ដែល បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

៤. ត្រូវធ្វើ​ការណែនាំ​ម្ចាស់​ទូកដ កាណូត​ទេសចរណ៍ និង​មធ្យោបាយ​ដឹកជញ្ជូន​ទេសចរ​ណ៏​តាម​ផ្លូវទឹក នានា ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិន​ឲ្យ​ផ្ទុក​លើស​ចំណុះ និង ត្រូវ​បំពាក់​នូវ​សម្ភា​រះ​សង្គ្រោះ​ចាំបាច់​នានា​។​

៥. ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ ឲ្យ​បាន ទូលំទូលាយ និង​គ្រប់​រូបភាព ទៅដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ត្រូវធ្វើ​របាយការណ៍​បូកសរុប​ស្ថិតិ ភ្ញៀវទេសចរ​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា និង​ផ្ញើមក​ក្រសួងទេសចរណ៍ ឲ្យ​បាន​ទាន់ពេល វេលា​ជាប្រចាំ​ថ្ងៃ​។​

​ក្រសួង បញ្ជាក់ថា សារាចរ​ណែនាំ​នេះ សូម​ឲ្យ​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន អនុវត្តតាម​ខ្លឹមសារ​ខាងលើ​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close