អត្ថប្រយោជន៍ នៃដើមកន្ទួត ជាគ្រឿងទេស និងឱសថ!
កន្ទួត (Star Gooseberry) ដើមមានកម្ពស់ ៥-១០ម គល់រលោងមានជ័រ លើដើមតែមួយ (monoecious plant) មានផ្កាញី និងផ្កាឈ្មោល (Female and Male flower) ជួនកាលលើដើមនោះមានផ្កាទ្វេភេទ (bisexual flower) មែកមានលក្ខណៈស្រួយគ្រឿមៗដោយសារស្នាមធាងរលេះ។
ផ្កាឈ្មោល និងផ្កាញីមានត្របក៤ ពណ៌ក្រហមគ្មានស្រទាប ហើយកេសរឈ្មោលមាន ៤ក្លែប និងកេសរញីមាន ៦-៨ក្លែប។ ផ្លែ(Drupe) មានគ្រាប់តែ១ ហើយរឹង ឯសាច់ក្រៅទន់ជាកញ្ចុំៗ។ តួដើមពណ៌លឿងតិចៗរាងមូលមានអង្គត់ផ្ចិត ១,៥-២,៥ស.ម ហើយផ្កាដុះចេញផ្ទាល់លើតួដើម ឬផ្ទាល់លើមែក និងនៅលើផ្លែមានចង្អូរ ៦-៨ស.ម ផ្កាឈ្មោលច្រើនដុះលើមែកថ្មីៗហើយវែង ឯផ្កាញីដុះលើមែកចាស់ហើយមិនសូវវែង។ កន្ទួតបន្តពូជដោយគ្រាប់ ដុះស្ទើរគ្រប់កន្លែង នៅប្រទេសកម្ពុជា។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_គ្រឿងទេស ផ្លែធ្វើជាម្ជូរ ឬបុកត្រីឆ្អើរ ស្លឹកអាចធ្វើជាបន្លែ អាម៉ុក និងអន្លក់។
_ឱសថ ជ័រដែលហូរចេញពីមែក កាត់ធ្វើថ្នាំក្អួត។ ស្លឹកបុកព្យាបាលចុកចង្កេះ ឈឺសសៃជើង គ្រុនក្តៅ និងឈាមអញ្ចាញធ្មេញ។ ស្លឹកនឹងឬស ប្រើសម្រាប់ឃាត់ឈាម ធ្វើឱ្យឈាមរត់ស្រួល និងរំលាយឈាម។ ផ្លែជាថ្នាំត្រជាក់ព្យាបាលក្អក ឯសម្បកដើមព្យាបាលបូសស្វាយ ស្ងោរងូតសម្រាប់ព្យាបាលចែងថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។