ក្រសួង​ការងារ ចុះ​MOU ជាមួយ​ក្រុមហ៊ុន Food panda ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត អុ​ិ​ត សំហេង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU)​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​ឌី​លី​វើ​រី ហេ​រ៉ូ (​ខេ​ម​បូ​ឌា​) ឯ​.​ក (Foodpanda)​។ អនុស្សរណៈ​នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង ឯកឧត្តម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Pichaya Thongthua នាយក​គ្រប់គ្រង​ស្តីទី​របស់​ក្រុមហ៊ុន ឌី​លី​វើ​រី ហេ​រ៉ូ (​ខេ​ម​បូ​ឌា​) ឯ​.​ក (Foodpanda)​។

​អនុស្សរណៈ ដែលមាន​រយៈពេល​២​ឆ្នាំនេះ មាន​គោលបំណង​បង្កើត​នូវ​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​គូភាគី ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​។

​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមហ៊ុន ដែល​បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងការ​បង្កើត​ឱកាស​ការងារ​ដល់​យុវជន​ជិត​១​ពាន់​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​។ ឯកឧត្តម​រដ្ឋមន្ត្រី មើលឃើញថា នៅក្នុង​ការបិទ​ខ្ទប់​ដោយសារ​ការគំរាមកំហែង​ដោយ​កូ​វីដ​-១៩ Foodpanda បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អ​។

​ឯកឧត្តម​បណ្ឌិត អុ​ិ​ត សំហេង បញ្ជាក់ថា គោលបំណង​នៃ​ពិធី​ចុះហត្ថលេខា​ក្នុងថ្ងៃនេះ ដើម្បី​បង្កើត​កិច្ច​សហការគ្នា​ផ្តល់នូវ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ដើម្បី​ឲ្យ​បុគ្គលិក និង​អ្នក​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ទាំងអស់ ទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទាំងនេះ ហើយក៏​ជាការ​ផ្តល់​កិច្ច​គាំពារ​បន្ថែម​ទៅដល់​បុគ្គលិក និង​អ្នក​ជញ្ជូន​ទៅជា​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ខណៈ​កន្លងមក​ក្រុមហ៊ុន​ក៏បានផ្តល់​សេវា​ធានារ៉ាប់រង ជា​ពិ​សេ​គ្រោះថ្នាក់​ចរាចរណ៍​ទៅដល់​ផ្នែក​អ្នក​ដឹកជញ្ជូន​។

​នាឱកាស​នោះ លោកស្រី Pichaya Thongthua នាយក​គ្រប់គ្រង​ស្តីទី បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន​នៅក្នុង​ការចូលរួម​ដោះស្រាយ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​វឌ្ឍនភាព​រយៈពេល​៣​ឆ្នាំ ដែល​ក្រុមហ៊ុន​បាន​ដំណើរការ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី​យល់ឃើញថា បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក្រុមហ៊ុន ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ កាន់​តែមាន​គុណភាព​។

​លោកស្រី បន្ថែមថា តាម​យៈ​ការអនុវត្ត​អនុស្សរណៈ ក្រុមហ៊ុន​ក៏បាន​បង្ហាញ​ឆន្ទៈ​ក្នុងការ​លើកទឹកចិត្ត និង​ជម្រុញ​ឱ្យ​បុគ្គលិក​របស់ខ្លួន​មក​កំណត់​អត្តសញ្ញាណ​នៅ​បេឡា​ជាតិ​សន្ដិសុខ​សង្គម​។ ក្រុមហ៊ុន​នឹង​ពិភាក្សា​អំពី​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​គម្រោង​ជាមួយ​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ បន្ទាប់ពី​ការចុះ​អនុស្សរណៈ​នេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ឲ្យ​ខាង​ក្រុមហ៊ុន រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ចំពោះ​អ្នក​ដឹកជញ្ជូន​ឆ្នើម ពោលគឺ​បុគ្គលិក​ដឹកជញ្ជូន​ដែល​គិតគូ​គោរព​ច្បាប់​ចរាចរណ៍ បរិស្ថាន និង​រកប្រាក់​ចំណូល​ស​ម្រា​ប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​ពង្រីក​សាខា​របស់ខ្លួន​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ឱកាស​ការងារ​ដល់​យុវជន និង​ផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។

​ខាង​តំណាង​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​យកចិត្តទុកដាក់​លើកទឹកចិត្ត និង​ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុនៗ​នឹង​ទទួលយក​អនុសាសន៍​ណែនាំ​នេះ​ទៅ​អនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​ស្របតាម​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​។

​គួរ​ជម្រាបជូន​ដែរ​ថា Foodpanda គឺជា​យីហោ​វេទិកា​ចែកចាយ​អាហារ និង​គ្រឿងទេស ដែលជា​កម្មសិទ្ធិ​របស់ ក្រុមហ៊ុន Delivery Hero ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ទីក្រុង​ប៊ែ​ឡាំង ប្រទេស​អាល្លឺម៉ង់​។ ក្រុមហ៊ុន​នេះ​ដំណើរការ​ម៉ាក​យីហោ​ចំនួន ២០ នៅក្នុង​ប្រទេស​ប្រហែល ៥០ នៅ​ទូទាំង​ទ្វីប​ចំនួន ៤​។ បច្ចុប្បន្ន​ម៉ាក​យីហោ Foodpanda ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចំនួន ១៤ នៅ​ទូទាំង​អាស៊ី ប៊ុលហ្គារី និង​រូ​ម៉ា​នី ត្រូវបាន​ទិញ​ដោយ Delivery Hero ក្នុង​ខែធ្នូ ឆ្នាំ ២០១៦​។ ក្រុមហ៊ុន​នេះ​បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា ដោយបាន​ចុះបញ្ជី​ស្របច្បាប់​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​។ សកម្មភាព​អាជីវកម្ម​ចម្បង​របស់ Foodpanda គឺជា​ទីផ្សារ​អន​ឡាញ និង​សេវាកម្ម​ដឹកជញ្ជូន​។​

Foodpanda ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​អាហារ និង​គ្រឿងទេស​ដល់​អតិថិ​ជនតា​មរយៈ​កម្មវិធី​ទូរស័ព្ទ​វៃឆ្លាត (smart phone) របស់​អតិថិជន​។ វត្តមាន​របស់ Foodpanda បាន​សម្រួល​ឱ្យ​ភោជនីយដ្ឋាន និង​ម្ចាស់​ហាង​ដៃគូ​នានា អាច​បង្ខិត​គ្រឿងទេស និង​ម្ហូបអាហារ​ទៅជិត​អតិថិជន តាមរយៈ​ការ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​សាក​សម​នឹង​សង្គម​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close