ក្រសួងពាណិជ្ជកម្ម បាន​ត្រៀម​រួចជាស្រេច ក្នុងការ​ដោះស្រាយ​ជាបន្ទាន់​នូវ​បញ្ហារ និង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលមាន​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​ជា​សេនាធិការ បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការរៀបចំ​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ចូលរួម​ដោះស្រាយ​ជាបន្ទាន់​នូវ​រាល់​បញ្ហារ និង​ផលប៉ះពាល់​នានា ដែល​បង្កឡើង​ដោយសារ​ទឹកជំនន់​។​


ការលើកឡើង​នេះ បាន​ធ្វើឡើង​នាឱកាស​ដែល ឯកឧត្ដម​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​បូកសរុប​ការវាយតម្លៃ​ផលប៉ះពាល់ ការខូចខាត​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ ដោយសារ​ទឹកជំនន់ និង​ដាក់ចេញ​វិធានការ​ដោះស្រាយ​បន្ទាន់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​, ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​, ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​, ឯកឧត្ដម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​។​



ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើងថា ស្ថានភាព​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​ជា​រូបវ័ន្ត​របស់​រាជរដ្ឋាភិបាល ដែល​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម បានទទួល​គ្រប់គ្រង​ផ្ទាល់​លើ​ស្តុក​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​នេះ គឺ​បាន​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ផ្អែក​តាម​អនុក្រឹត្យ​លេខ ១២៤ អនក្រ​.​បក ស្តីពី​ការបង្កើត​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា ក្នុងកំឡុងពេល​មាន​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយសារ​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​កន្លងទៅ ដោយ​ផ្អែក​តាម​លិខិត​របស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ក៏ដូចជា តាម​ការណែនាំ​ផ្ទា​ល់ពី ឯកឧត្តម​បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម បាន​ចាត់ចែង​បញ្ចេញ​ស្តុក​ស្បៀង រួមមាន ៖ អង្ករ មី ទឹក​សុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ត្រីខកំប៉ុង ជូន​ខេត្ត​គោលដៅ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ បាន​ទាន់ពេលវេលា ក្នុងនោះ​រួមមាន ៖
១- ខេត្តកំពង់ធំ ចំនួន ៧.៨២៥​គ្រួសារ
២- ខេត្តបន្ទាយមានជ័យ ចំនួន ២.៧៥០​គ្រួសារ
៣- ខេត្តបាត់ដំបង ចំនួន ១.០០០ គ្រួសារ​
៤- ខេត្តព្រះវិហារ ចំនួន ២៤៧​គ្រួសារ
៥- ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ២៥០​គ្រួសារ
៦- ខេត្តសៀមរាប ចំនួន ៥.៩១៤​គ្រួសារ (​បញ្ចេញ ២ លើក ក្នុង​បរិមាណ​សរុប ១០.០៥០ គ្រួសារ​)។

​សរុប​រួម គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ចេញ​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៧.៩៨៦​គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់ ដែល​ក្នុង​មួយកញ្ចប់ មាន​អង្ករ​ចំនួន ២៥ គ​.​ក្រ​, មី ០១ កេស (២៤​កញ្ចប់​), ទឹកត្រី ០១ យួរ (០៦ ដប​), ទឹកស៊ីអ៊ីវ ០១​យួរ (០៦ ដប​), ទឹក​សុទ្ធ ១ កេស (១២ ដប ១ ដប​ចំណុះ ១,៥ លីត្រ​) និង​ត្រីខកំប៉ុង ០១ យួរ (១០ កំប៉ុង​)​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា តាម​កិច្ចប្រជុំ​ថ្នាក់​បច្ចេក​ទេសនា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ នៃ​ក្រសួងពាណិជ្ជកម្ម នឹង​បញ្ចេញ​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​នេះ ចែកជូន​ប្រជាពលរដ្ឋ​ជា​បន្តទៀត ក្នុងនោះ​គ្រោង​នឹង​បញ្ចេញ​ជូនទៅ​ខេត្តសៀមរាប ចំនួន ១០.០៥០ គ្រួសារ និង​ត្រៀម​ជាស្រេច ដើម្បី​បញ្ចេញ​ទៅ​បណ្តា​ខេត្ត​ផ្សេងទៀត ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​។​

ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ជូន​ថា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះមហន្តរាយធម្មជាតិ​នេះ ក្រសួងពាណិជ្ជកម្ម​បាន និង​កំពុង​ធ្វើ​សកម្មភាព​ឆ្លើយតប ដោយ​ប្រើប្រាស់​ស្បៀង​បម្រុង​រដ្ឋ​ចែកជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​ត្រៀមខ្លួន​ចូលរួម​ដោះស្រាយ និង​វាយតម្លៃ​លើ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close