ប្រតិភូក្រសួងបរិស្ថាន ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៥ របស់សម្ព័ន្ធថាមពលព្រះអាទិត្យអន្តរជាតិ
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តម ប្រាក់ ថាវអមិដា អគ្គនាយករងគោលយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន និងជាជនបង្គោលថ្នាក់ជាតិ បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៥ របស់សម្ព័ន្ធថាមពលព្រះអាទិត្យអន្តរជាតិ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨-១៩ ឆ្នាំ២០២២ នៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា។
មហាសន្និបាតប្រចាំឆ្នាំលើកទី៥ បានធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់លើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតប្រចាំឆ្នាំលើកទី៤ និងរបាយការណ៍វឌ្ឍនភាពនៃប្រភពហិរញ្ញវត្ថុសម្រាប់ការអនុវត្តផែនការប្រចាំឆ្នាំ។ មហាសន្និបាតក៏បានពិភាក្សាលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ និងការពង្រឹងសមត្ថភាពស្ថាប័ននិងធនធានមនុស្សរបស់លេខាធិការដ្ឋានដើម្បីបង្កើនប្រសិទ្ធិភាពលើការអនុវត្តផែនការយុទ្ធសាស្ត្រនិងសកម្មភាព។
ថ្លែងក្នុងមហាសន្និបាតលើកទី៥នេះ ឯកឧត្តម ជា សំអាង បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមនានា ដើម្បីបង្កើនលទ្ធភាពទាញយកថាមពលព្រះអាទិត្យ សម្រាប់ការបំពេញបន្ថែមនូវសេចក្តីត្រូវការលើផ្នែកថាមពលស្អាត ដែលមានការកើនឡើងជាលំដាប់។
ឯកឧត្តម ជា សំអាង បានបញ្ជាក់បន្ថែមពីចក្ខុវិស័យ នៃគោលនយោបាយថាមពលរបស់កម្ពុជា ក្នុងការសម្រេចបានការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ ដែលមាននិរន្តរភាព ស្ថិរភាព គុណភាពខ្ពស់ និងតម្លៃសមរម្យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ វិស័យអាទិភាពជាយុទ្ធសាស្ត្រចំនួនបួនត្រូវបានដាក់ចេញ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ គឺទីមួយ ត្រូវអភិវឌ្ឍប្រភពថាមពល និងខ្សែបញ្ជូនឱ្យបានគ្រប់គ្រាន់នៅគ្រប់កម្រិតស្របតាមផែនការ ដោយរក្សាសុវត្ថិភាព គុណភាព និងសុវត្ថិភាពនៃការផ្គត់ផ្គង់ក្នុងតម្លៃសមរម្យ។ ទីពីរ គឺជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទាំងការផលិត ការបញ្ជូន និងការចែកចាយ រួមទាំងការយកចិត្តទុកដាក់លើប្រសិទ្ធភាពបច្ចេកទេស សេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងសង្គម។ ទី៣ ផ្តោតលើការអភិវឌ្ឍន៍អគ្គិសនីទូទៅ ដោយធានាគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់ និងលើកកម្ពស់លទ្ធភាពទទួលបានអគ្គិសនីដោយសមធម៌សម្រាប់គ្រប់គ្រួសារទាំងទីក្រុង និងជនបទ។ ជាចុងក្រោយ គឺការគាំទ្រដល់ការងារសង្គមក្នុងកម្មវិធីអគ្គិសនីជនបទនៃកម្ពុជា តាមរយៈការចូលរួមចំណែកផ្ទាល់របស់រាជរដ្ឋាភិបាល និងការគាំទ្រអាជីវកម្មរបស់អគ្គិសនីកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ជូនមហាសន្និបាតថា ជាមួយសន្តិភាពពេញលេញ កម្ពុជាបានជំរុញការអភិវឌ្ឍក្នុងល្បឿនគួរកត់សម្គាល់ ជាពិសេសលើវិស័យឧស្សាហកម្ម។ ជាមួយកំណើននេះ តម្រូវការថាមពលមានការកើនឡើងផងដែរ។ ក្នុងន័យនេះ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើការកែលម្អសន្តិសុខថាមពល ការចំណាយថាមពលទាប និងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច ដោយកាត់បន្ថយបន្ទុកនៃការចំណាយថាមពលរបស់អ្នកប្រើប្រាស់ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងការបំពុលផ្សេងៗ និងយកចិត្តទុកដាក់លើថាមពលព្រះអាទិត្យ ក៏ដូចជាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល។
សូមបញ្ជាក់ជូនដែរថា មហាសន្និបាតប្រចាំឆ្នាំលើកទី៥ មានការចូលរួមពីប្រទេសជាសមាជិកចំនួន៩០ អង្គការអន្តរជាតិជាដៃគូរចំនួន៤២ ស្ថាប័នស្រាវជ្រាវនិងអភិវឌ្ឍន៍ចំនួន ៧៣ និងដៃគូរសហការចំនួន២២ ក្រុមហ៊ុន។ ប្រទេសកម្ពុជា គឺជាប្រទេសសមាជិក ដែលបានចូលរួមចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០១៦ នាទីក្រុងមារ៉ាកិច ប្រទេសមារ៉ុក និងត្រូវបានរាជរដ្ឋាភិបាលផ្តល់សច្ចាប័ណនៅខែកុម្ភៈ ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។