វិស័យ​ឯកជន​សហការ​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​

«​វិស័យ​ឯកជន រួមទាំង​វិស័យ​ធនាគារ​នៅ​កម្ពុជា បាន​យល់​កាន់តែច្បាស់​អំពី​ហានិភ័យ និង​កាលានុវត្តភាព​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ តួនាទី​របស់ខ្លួន​នៅក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​នេះ និង​វិធានការ​ឆ្លើយតប​ចាំបាច់​នានា ដែល​ត្រូវ​ពិចារណា​ដាក់បញ្ចូល​នៅក្នុង​ការសម្រេចចិត្ត​វិនិយោគិន អនុលោម​តាម​គោលនយោបាយ និង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ វិស័យ​សាធារណៈ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​រួមចំណែក​កសាង​សេដ្ឋកិច្ចសង្គម​កម្ពុជា ដែលមាន​ភាព​ធន់ កាន់តែ​បៃតង បញ្ចេញ​កាបូន​តិច បរិ​យាប​ន្ន និង​កំណើន​ប្រកបដោយ​ចីរភាព​» នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក «​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​២០២២» ដោយមាន​ការចូលរួម ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា តំណាង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល វិស័យ​ឯកជន វិស័យ​ធនាគារ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល តំណាង​យុវជន និង​អ្នកពាក់ព័ន្ធ​នានា នៅ​ទីក្រុង​សៀមរាប នា​ថ្ងៃ​អង្គារ ទី​១៨ ខែតុលា ឆ្នាំ​២០២២ នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា កិច្ចប្រជុំ​ថ្ងៃនេះ​នឹង​ផ្តល់នូវ​ធាតុ​ចូល​ដ៏​សំខាន់ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ស្ថានភាព និង​ហានិភ័យ បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក ដែល​ក្នុងនោះ​កម្ពុជា​ក៏បាន​នឹង​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ សង្គម សេដ្ឋកិច្ច ជីវភាព​រស់នៅ និង​សុខមាលភាព​ប្រជាជន បើទោះបី​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​បង្កឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​ក៏ដោយ​។ ជាមួយគ្នានេះ​ផងដែរ នេះ​គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​កាលានុវត្តភាព សម្រាប់​វិស័យ​ឯកជន និង​ជា​មូលដ្ឋាន​សម្រាប់​ការពិចារណា​សម្រេចចិត្ត​សម្រាប់​វិស័យ​ធនាគារ និង​វិនិយោគិន ក្នុង​ការផ្តល់​ហិរញ្ញប្បទាន និង​ការវិនិយោគ​លើ​បណ្តា​គម្រោង​ដែល​មិន​ប៉ះពាល់​បរិស្ថាន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ រួមចំណែក​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ទទួលបាន​បច្ចេកវិទ្យា​បៃតង​ថ្មី​ទំនើប​។​

​កម្ពុជា​ជា​ប្រទេស​តូច និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច ដែល​រួមចំណែក​តិចតួច​បំផុត​ក្នុងការ​បង្កឱ្យមាន​ការ​ខូចខាត​បរិស្ថាន​ពិភពលោក ជាពិសេស​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ តែ​យើង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ និង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ពហុភាគី​និយម នៅក្នុង​ការចរចា​អន្តរជាតិ ហើយ​យើង​អាច​សម្រេច​កិច្ចការ​នេះ​បាន ដោយសារតែ​កម្ពុ​ជាមាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ​។

​ជាក់ស្តែង កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ និង ជា​ប្រទេស​ទី​២ ក្នុងចំណោម​ប្រ​ទេ​ល​អភិវឌ្ឍន៍​តិចតួច​ទាំង​៤៦ ដែល​បានអនុម័ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ដែល​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ​២០៥០ ហើយ​បាន​បេ្ត​ជ្ញា​ចិត្ត និង​គាំទ្រ «​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥» ដែល​ផ្តោតទៅលើ តុល្យភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​និរន្តរភាព​បរិស្ថាន​។

​ម្យ៉ាងទៀត ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​គំនិត​ផ្តួចផ្តើម​ស្តីពី «​កិច្ចព្រមព្រៀង​អាស៊ាន​បៃតង​» ក្នុង​គោលបំណង​ផ្តល់នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រួម សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បញ្ចេញ​កាបូន​តិច បៃតង និង​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close