ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២២ រំពឹងថា មាន​អ្នកដាក់ពាក្យ​ស្នើសុំ​រក​ការងារ និង​សម្ភាស​ផ្ទាល់​នៅនឹងកន្លែង​ប្រមាណ ៣​ម៉ឺន​នាក់​

​ភ្នំពេញ​៖ មហា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​គឺ​”​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២២” ជាទី​កន្លែង​ជួបជុំគ្នា​ដោយ​ងាយស្រួល​សម្រាប់​និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ក្នុងការ​ទទួលបាន​ឱកាស​ការងារ ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​។

ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២២​នេះ មាន​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ​-​អន្តរជាតិ ចូលរួម​តាំង​បង្ហាញ​ចំនួន ១៥០​បញ្ជរ ដែល​នាំមក​នូវ​ឱកាស​ការងារ​ថ្មីៗ​ថែមទៀត​ចំនួន​ជាង ២​ម៉ឺន​កន្លែង នៅក្នុង​វិស័យ​នាំមុខ​សំខាន់ៗ​ដូចជា​៖ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​, សេវាកម្ម​លក់ដុំ​និង​រាយ​, ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​, ម្ហូបអាហារ​និង​ភេសជ្ជៈ​, អចលនទ្រព្យ​និង​សំណង់​, ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​, ឧស្សាហកម្ម​និង​កម្មន្តសាល ព្រមទាំង​វិស័យ​សេវាកម្ម​ផ្សេងៗ ហើយ​រំពឹងថា​មាន​អ្នកដាក់ពាក្យ​ស្នើសុំ​រក​ការងារ និង​សម្ភាស​ផ្ទាល់​នៅនឹងកន្លែង​ប្រមាណ ៣ ម៉ឺន​នាក់​។​

​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នា​ព្រឹក​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្ដាល​បាន​បញ្ជាក់ថា​៖ ពិព័រណ៍​ការងារ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ជួបជុំគ្នា​ផ្ទាល់​ជាថ្មី​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​យ៉ាង​ល្អប្រសើរ​នូវ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ទីផ្សារការងារ​ចាប់ផ្តើម​មានដំណើរ​ការ​វិល​ទៅរក​ប្រក្រតីភាព​ជាធម្មតា ដោយបាន​បង្ហាញ​ពី​សំទុះ​នៃ​ការបើកឱកាស​ការងារ​ថ្មីៗ​ជា​បន្តបន្ទាប់ និង​សកម្មភាព​ដាក់ពាក្យ​ស្វែងរក​ការងារ​របស់​យុវជន​មានការ​កើនឡើង​យ៉ាងសកម្ម​។

​ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន បាន​រំឭកថា ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លងមក ទោះបីជា​មានការ​រំខាន​ដោយ​បញ្ហា​កូ​វីដ​-១៩​ក្តី ក៏​NEA​បាន​បន្ត​រៀបចំ​ពិព័រណ៍​ការងារ​ជា​ទៀងទាត់​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​បម្រើ​ជូន​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ស្មារតី​ចូលរួមចំណែក​ជំរុញ និង​រក្សា​តុល្យភាព​ដំណើរការ​ទីផ្សារការងារ​ក្នុងពេល​ទទួលរង​សម្ពាធ​។
​ក្នុងន័យនេះ ពិព័រណ៍​ការងារ​គឺជា​អន្តរការី​ក្នុង​ការជួយ​ឱ្យ​និយោជក​អាច​ជ្រើសរើស​កម្លាំង​ពលកម្ម​បាន​តាម​តម្រូវការ​, ទាន់ពេលវេលា និង​ឆ្លើយតប​តាម​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​។ ដោយ​រួមបញ្ចូល​គ្នា​នូវ​របៀបវារៈ​សំខាន់ៗ​រួមមាន ៖
១. ការតាំង​បង្ហាញ​ឱកាស​ការងារ និង​ដាក់ពាក្យ​ស្វែងរក​ការងារ​, ការទទួលបាន​ព័ត៌មាន​ថ្មីៗ អំពី​តម្រូវ​ការជំនាញ​ក្នុង​ទីផ្សារការងារ​, ការប្រឹក្សា​យោបល់​អាជីព និង​ការត្រៀមខ្លួន​ចូល​ទីផ្សារការងារ​។​
២. សិក្ខាសាលា​ស្ដីពី «​ការលើកកម្ពស់​កម្លាំង​ពលកម្ម​ជំនាញ​, ឌីជីថល​នីយកម្ម និង​ផលិតភាព​» ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការផលិត​ភាពជា​តិ ដើម្បី​ចែករំលែក​នូវ​គំនិត​, ចំណេះដឹង​, ចំណេះធ្វើ និង​បទពិសោធន៍​ល្អៗ ដោយ​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ សំដៅ​បណ្តុះ​ផ្នត់គំនិត​វិជ្ជមាន​, កែប្រែ​ឥរិយាបថ​និង​ទម្លាប់​មិនល្អ​ចោល​, បង្កើន​ការយល់ដឹង​អំពី​ការលើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង​អាជីវកម្ម​ក្នុង​បរិបទ​នៃ​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​
៣. កម្មវិធី​ជ្រើសរើស​រោងចក្រ​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​អនុវត្ត​វិធានការ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​(OSH) ជាពិសេស​លើ​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ក្នុង​ឆ្នាំ​២០២២​។
៤. កម្មវិធី​បង្កើត​បណ្តាញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស ក្នុងចំណោម​និយោជក និង​ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ដើម្បី​ផ្សារភ្ជាប់​កាន់តែ​ជិតស្និទ្ធ​នូវ​លំហូរ​ព័ត៌មាន​ទៅវិញទៅមក​ស្តីពី​ឱកាស​ការងារ​, ការជ្រើសរើស​បុគ្គលិក​, គោលនយោបាយ​ផ្នែក​ធនធានមនុស្ស​, ការបណ្តុះបណ្តាល​ជំនាញ និង​ការពង្រីក​សក្តានុពល​ផ្នែក​សហគ្រិនភាព ជាដើម​។​

​សូម​ជម្រាបជូន​ថា ពិព័រណ៍​នេះ​រៀបចំឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សុក្រ​-​សៅរ៍ ទី​២៨ និង​២៩ ខែតុលា ឆ្នាំ​២០២២ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ៨ យប់​។ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​គឺជា​អន្តរាគមន៍​ទីផ្សារការងា​រ​ដ៏​ចាំបាច់​មួយ​នៅក្នុង​ដំណើរ​ការផ្តល់សេវា​ការងារ ដែលមាន លក្ខណៈ​ប្រមូលផ្តុំ នូវ​ព័ត៌មាន​និង​កាលានុវត្តភាព ហើយ​ត្រូវបាន​រៀបចំឡើង​ក្នុង​មួយឆ្នាំ​ម្តង បន្ថែម​ទៅលើ​ការផ្តល់សេវា​ការងារ​ជាប្រចាំ​ថ្ងៃ​របស់ NEA​។

​គោលបំណង​សំខាន់បំផុត​គឺ ៖​ការ​នាំឱ្យ​កាន់តែ​ខិតជិត​គ្នា​រវាង​និយោជក ដែលមាន​ឱកាស​ការងា​រ​ច្រើនសន្ធឹក​សន្ធាប់ និង​អ្នកស្វែងរក​ការងារ​ដែលមាន​សមត្ថ​ភាព នៅ​មួយកន្លែង​ដោយ​ងាយស្រួល ដើម្បី​ធ្វើការ​ជ្រើសរើស​កម្លាំង​ពលកម្ម​តាម​តម្រូវការ​, ដាក់​ពាក្យសុំ​ការងារ​ដែល​ខ្លួន​ចូលចិត្ត​, ទទួលបាន​ការប្រឹក្សា​យោបល់​អាជីព​, ការត្រៀមខ្លួន​ចូល​ការងារ​យ៉ាងសកម្ម​ផុលផុស និង​ការស្វែងយល់​ពី​ការបង្កើន​ផលិតភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close