កីឡា​ជាតិ​លើក​ទី​៣ ជា​បទពិសោធន៍ ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣

​ភ្នំពេញ​៖ កាលពី​ថ្មីៗ​នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​ការរៀបចំ​កីឡា​ជាតិ លើក​ទី​៣​នេះ ដែលមាន​សមាសភាព​ពា​ក់​ព័ន្ធ​ដ៏​សំខាន់​ដូចជា​សហព័ន្ធ​ពាក់ព័ន្ធ​រួមមាន ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៣៨ និង​ប្រតិភូ​កីឡា​ទាំង​២៥​រាជធានី​-​ខេត្ត​-​ស្ថាប័ន​ក្រសួង កំពុង​ត្រៀម​រៀបចំ និង​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ​ដ៏​ធំ​រៀងរាល់​២​ឆ្នាំ​ម្តងនេះ​។


​គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​កីឡា​ជាត ដែល​បានចាប់ផ្តើម​លើក​ទី​១ ឆ្នាំ​២០១៦ និង​កីឡា​ជាតិ លើក​ទី​២ ឆ្នាំ​២០១៨ គឺ​ដើម្បី​ដក​ពិសោធន៍​នៃ​ការរៀបចំ​របស់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ និង​បង្កើន​គុណភាព​បច្ចេកទេស​កីឡាករ កីឡាការិនី​បាញ់​ឆ្ពោះទៅរក​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជា​លើកដំបូង​របស់​កម្ពុជា​។​

​ឯកឧត្តម ស សុខា សង្កត់ធ្ងន់ថា ការរៀបចំ​កីឡា​ជាតិ​នេះ គឺ​ផ្តល់​ឲ្យ​មន្ត្រី​រៀបចំ​បច្ចេកទេស​បាន​ស៊ាំ​ទៅនឹង​បទពិសោធន៍ កែលម្អ​ចំណុច​ខ្វះខាត ព្រមទាំង​ជួយ​បង្កើន​បច្ចេកទេស​ដល់​ក្រុម​កីឡាករ កីឡាការិនី ជាពិសេស​ក្រុម​ជម្រើសជាតិ​មួយចំនួន ក្នុងចំណោម​៣៨​ប្រភេទ​កីឡា ខណៈ​ក្រុម​ជម្រើសជាតិ​នៃ​ប្រភេទ​កីឡា​ជាច្រើន​កំពុង​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀមខ្លួន​ក្នុងពេល​ដំណាលគ្នា​នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣​។
​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៨​ប្រភេទ​កីឡា​មាន​តួនាទី​សំខាន់​មួយទៀត តាមរយៈ​ការចាត់តាំង​នាយក​បច្ចេកទេស​ដើម្បី​ធ្វើ​កិច្ចការ​រួមគ្នា​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣​។​

«​គោលបំណង​ធំ​មួយទៀត នៃ​ការរៀបចំ​កីឡា​ជាតិ​លើក​ទី​៣ គឺ​ការបណ្តុះបណ្តាល​មន្ត្រី​អាជ្ញាកណ្តាល ឲ្យ​កាន់​តែមាន​គុណភាព​បន្ថែម ពីព្រោះ​ការប្រកួត​កីឡា​មួយ​ដែល​ជោគជ័យ ត្រូវ​មានការ​កាត់សេចក្តី​ពី​អាជ្ញាកណ្តាល​។ ប្រសិនបើ​អាជ្ញាកណ្តាល​មិនមាន​គុណភាព​ល្អ នឹងធ្វើ​ឲ្យ​ការប្រកួត​មួយ​មិនមាន​ភាពយុត្តិធម៌​។ ការរៀបចំ​កីឡា​ជាតិ​លើក​ទី​៣​នេះ​ផ្តោត​សំខាន់​ទៅលើ​បទពិសោធន៍​មន្ត្រី​បច្ចេកទេស ឆ្ពោះទៅ​គោលដៅ​ចម្បង​ចំពោះមុខ គឺ​ស៊ី​ហ្គេម ២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា ហើយ​ពេល​រៀបចំ​កីឡា​ជាតិ លើក​ទី​៤ នឹង​ផ្តោត​សំខាន់​ទៅលើ​គុណភាព ច្រើន​ជា​បរិមាណ​»​។

​គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​កិច្ចប្រជុំ​នាយក​បច្ចេកទេស​-​សន្និសីទ​សារ​ព័ត​មាន ត្រៀម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​ការប្រកួត​ប៉ា​រ៉ា​ហ្គេម លើក​ទី​១ ឆ្នាំ​២០២២​។

​ព្រឹត្តិការណ៍​នេះ​មាន​ប្រភេទ​កីឡា​មាន​ចំនួន​៣៨ និង​ប្រភេទ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន​៧ ដែលមាន​វិញ្ញាសា​សរុប​៤០៥ នៅ​ភ្នំពេញ ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តសៀមរាប​។ ពិធី​បើក​ផ្លូវការ គ្រោង​ធ្វើ​ថ្ងៃទី​២១ ខែវិច្ឆិកា និង​ពិធី​បិទ​គ្រោង​ធ្វើ​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close