អាជ្ញាធរ​ជាតិ​អប្សរា បិត​បំពេញ​បាយអរ​នៅតាម​ជង្ហុក និង​ចន្លោះ​ថ្មភក់​កម្រាល​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត

​ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បំពេញការងារ​បិត​បាយអ តាម​ជង្ហុក​ដក់​ទឹក និង​ចន្លោះ​ថ្មភក់​ដែល​បាត់ ឬ​ខូច​ផ្នែក​ខ្លះ​នៃ​កម្រាល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​ឱ្យ​ប្រសើរឡើង បំណង​បញ្ចៀស​ហានិភ័យ​ផ្សេងៗ ពិសេស​លើក​តម្លៃ ព្រមទាំង​សោភ័ណភាព​កម្រាល​ស្ពាន​ហាល ស្របពេល​ការងារ​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ជិត​រួចរាល់​។ បិត​បំពេញ​បាយអ​នេះ បញ្ចៀស​កុំឱ្យ​ទឹក​ដក់​ធ្វើឱ្យ​ដុះ​ស្លែរ បញ្ចៀស​ទឹក​មិនឱ្យ​ហូរ​ចូល​គ្រឹះ នាំឱ្យ​ខូច​គ្រឹះ​របស់​ស្ពាន​ហាល ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ផ្សេងៗ​ពេល​ភ្ញៀវទេសចរ​ដើរ​ឆ្លងកាត់​។​

​មន្ត្រី​បច្ចេកទេស​អភិរក្ស និង​ជួសជុល​ថ្ម (ITALIA) នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា លោក មុំ សុ​ផុន លើកឡើងថា កម្រាល​ស្ពាន​ហាល​ធ្វើ​ពី​ថ្មភក់ នៅ​ផ្ទៃ​ផ្នែក​ខាងលើ​មិន​នៅ​ល្អ​ពេញលេញ​១០០​ភាគរយ​ដូចដើម​នោះ ជ្រុង​ខ្លះ​នៃ​ថ្មភក់​ពុកផុយ បាក់បែក ខូចខាត​ដោយ​អន្លើរៗ បណ្តាលឱ្យមាន​ជង្ហុក​ខ្លះៗ អាចធ្វើឱ្យ​ក្រឡាច់​ឬ​ជំពប់ជើង​ដួល​ពេល​ភ្ញៀវទេសចរ​ដើរ​ឆ្លងកាត់​។ លោក សុ​ផុន បន្តថា ការងារ​នេះ​ធ្វើឡើង​តាម​ដំណាក់កាលៗ និង​បានចាប់ផ្តើម​តាំងពីដើម​ខែកញ្ញា គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​ខាងមុខ​។ ដំណាក់កាល​ទី​១​សម្រេចបាន​ប្រវែង​ទទឹង​៦​ម៉ែត្រ បណ្តោយ​១០​ម៉ែត្រ និង​នៅ​ដំណាក់កាល​ទី​២​នេះ កំពុង​បន្ត​ប្រវែង​ទទឹង​៦​ម៉ែត្រ និង​បណ្តោយ​១០​ម៉ែត្រ​ជា​បន្តទៀត​។​

​លោក មុំ សុ​ផុន បានឱ្យដឹង​ទៀតថា វត្ថុធាតុដើម​សម្រាប់​ផលិត​បាយអ​រួមមាន​ខ្សាច់ ម្សៅ​ថ្មភក់ ម្សៅ​ឥដ្ឋ កំបោរ និង​ទឹក​ជាដើម ជា​វត្ថុធាតុដើម​អាច​រកបាន​នៅក្នុង​ស្រុក និង​មិន​ធ្វើឱ្យប៉ះពាល់​ខូចខាត​ដល់​សាច់​ថ្ម​ឡើយ​។ ក្រុម​អ្នកជំនាញ​រំពឹងថា ក្រោយ​បំពេញ​នៅតាម​ជង្ហុក​នៅ​ស្ពាន​ហាល​ផ្លូវ​ចូល​ប្រាសាទអង្គរវត្ត​រួចរាល់​ភ្ញៀវទេសចរ​អាច​ដើរ​ឆ្លងកាត់​ដោយមាន​សុវត្ថិភាព ដែល​នេះ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ស័ក្តិ​សមនិង​តម្លៃ​របស់​ប្រាសាទអង្គរវត្ត​ផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close