សត្វ «​ឈ្លូស​យក្ស​» ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​នៅលើ​ពិភពលោក ត្រូវបាន​រកឃើញ​ជា​លើកដំបូង នៅក្នុង​តំបន់ការពារធម្មជាតិ នៃ​ប្រទេស​កម្ពុជា​

​សត្វ «​ឈ្លូស​យក្ស​» ជា​ភាសា​បច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​នៅលើ​ពិភពលោក នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN ត្រូវបាន​រកឃើញ​ជា​លើកដំបូង នៅក្នុង​តំបន់ការពារធម្មជាតិ នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ ចាប់តាំងពី​ពេលដែល​អ្នកជំនាញ​បាន​រកឃើញ​លើកដំបូង នៅ​ឆ្នាំ​១៩៩៤ ក្នុងប្រទេស​វៀតណាម និង​ឡាវ នៅតាម​ជួរ​ភ្នំ​អាណា​ម ដែល​លាតសន្ធឹង​ដល់​ឧទ្យាន​ជាតិ​វីរ​ជ័យ ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​។ ដោយ​ឈរលើ​ទិន្នន័យ​រូបភាព​ប្រមូលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដាក់​ដោយ​មន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​កម្រៗ នៅក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ភូមិសាស្ត្រ​ខេត្តរតនគិរី ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២១​នេះ បានបង្ហាញ​ពី​វត្តមាន​សត្វ​ឈ្លូស​យក្ស​នេះ​។

​សត្វ​ឈ្លូស​យក្ស​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង​និង​ព្រៃ​ពាក់កណ្តាល​ស្រោង​មាន​រយៈកម្ពស់​ខ្ពស់ (​រហូតដល់​ជាង ១០០០​ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ​)​។ នៅ​កំឡុង​ទសវត្ស​ន៏​៩០ ស្នែង​ឈ្លូស​យក្ស ត្រូវ​បានឃើញ​ដាក់លក់​នៅក្នុង​ភូមិ​ដាច់ស្រយាល​មួយ នៃ​ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា ប៉ុន្តែ​មិនដែល​មានការ​រាយការណ៍​ពី​ការ​ឃើញ​ខ្លួន​វា​ដោយផ្ទាល់​នោះទេ​។

ឈ្លូស​យក្ស ជា​ប្រភេទ​ឈ្លូស​ដែលមាន​មាឌធំ​ជាងគេ អាចមាន​ទម្ងន់​លើសពី ៣០​គីឡូក្រាម ក្នុង​មួយ​ក្បាល និង​ស្ថិត​ក្នុងចំណោម​ឈ្លូស​ទាំង​១២​ប្រភេទ ហើយ​លក្ខណៈ​ខុសគ្នា​រវាង​សត្វ​ឈ្លូស​យក្ស និង​សត្វ​ឈ្លូស​ធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមាន​វត្តមាន​ស្ទើរតែ​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ត្រង់ចំណុច​បី​សំខាន់ ទី​១៖ ស្នែង​សត្វ​ឈ្លូស​យក្ស មាន​ទំហំ​ធំ​ជាង​ស្នែង​សត្វ​ឈ្លូស​ធម្មតា ខ្នែង​ស្នែង​តូច ដុះ​ស្រប ឬក៏​ដុះ​បែក​ងាក​ចេញ​ក្រៅពី​ខ្នែង​មេ ហើយ​គល់​ស្នែង​របស់​ឈ្លូស​យក្ស​ខ្លី​ជាង​គល់​ស្នែង​របស់​ឈ្លូស​ធម្មតា​, ទី​២៖ កន្ទុយ​របស់​សត្វ​ឈ្លូស​យក្ស​មាន​ប្រវែង​ខ្លី​ជាង (​ប្រហែល​១/៣) កន្ទុយ​របស់​សត្វ​ឈ្លូស​ធម្មតា ហើយ​កន្ទុយ​នោះ​មាន​រាង​ត្រីកោណ និង​មាន​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោម និង​ទី​៣៖ ថ្ងាស​របស់​សត្វ​ឈ្លូស​យក្ស​ញី មាន​ពណ៌​ក្រ​ម៉ៅ (​ស្ទើរតែ​ខ្មៅ​តែម្តង​) ជាង​ថ្ងាស​ឈ្លូស​ធម្មតា​។​

សត្វ​ឈ្លូស​យក្ស ត្រូវបាន​ចាត់ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង (Critically Endangered) នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN ហើយ​កត្តា​គំរាម កំហែង​ដល់​សត្វ​ឈ្លូស​យក្ស គឺ​ការ​បរបាញ់​យក​ស្នែង និង​សាច់​។ ដូច្នេះ​យើង​ត្រូវ​និយាយថា​ទេ​ចំពោះ​សាច់សត្វ​ព្រៃ និង​សូមកុំ​បរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​បញ្ឈប់​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​សម្លាប់សត្វ​ដោយ​ខុសច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close