ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើច្បាប់ថវិកាជាតិ ឆ្នាំ២០២៣
ភ្នំពេញ៖ ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (ច្បាប់ថវិកាជាតិ) ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសដាក់ឲ្យប្រើហើយ តាមរយៈព្រះរាជក្រមចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមព្រះរាជក្រមដែលទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។
ច្បាប់ថវិកាជាតិឆ្នាំ២០២៣ កម្រាស់៤២ទំព័រ មាន៥ជំពូក និង១៤មាត្រា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ហើយដែលត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៤។
តាមរយៈច្បាប់នេះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រងចំណាយថវិកាប្រមាណ ៩ពាន់លានដុល្លារ និងប្រមូលចំណូលឲ្យបានជាង ៨ពាន់លានដុល្លារ។
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ (ច្បាប់ថវិកា) ថាជាថវិកាដើម្បី «មនុស្ស និងកំណើនសេដ្ឋកិច្ច»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលត្រូវការចំណាយថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារកូវីដ១៩ផង និងរងផលប៉ះពាល់នៃអតិផរណាផង រួមទាំងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់នានា ដើម្បីកុំឲ្យពួកគាត់ធ្លាក់ចូលក្រោមបន្ទាត់ក្រីក្រ។
សម្តេចបន្ថែមថា នៅឆ្នាំ២០២៣ ក៏ជាឆ្នាំដែលរាជរដ្ឋាភិបាល ចាប់ផ្តើមដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ រួមទាំងក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិផងដែរ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ បន្ទាប់ពីអាក់ខានដំឡើងអស់រយៈពេល២ឆ្នាំ ដោយសារបញ្ហាកូវីដ១៩៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។