«រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ ខណៈខេត្តកែប ត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត
«រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះ ខេត្តកែបត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ដើម្បីសម្រេចគោលដៅ យុទ្ធសាស្ត្រនេះ យើងទាំងអស់គ្នា ជាមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់»។
នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និង លើកទិសដៅបន្តសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកែប។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរ បរិស្ថានខេត្ដកែប ជាឱកាសដ៏សំខាន់សម្រាប់មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកែបក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារសម្រេច បាន បញ្ហាប្រឈម និងដំណោះស្រាយលើភារកិច្ចការងារដែលបានធ្វើក្នុងពេញមួយឆ្នាំ ២០២២ ព្រមទាំងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០២៣ ដើម្បីបុព្វហេតុបរិស្ថាន និងធនធាន ធម្មជាតិ។ ឯកឧត្តមបានលើកឡើងថា សមិទ្ធិផលក្នុងវិស័យបរិ ស្ថានសម្រាប់ខេត្តកែបកើតចេញពីការខិតខំប្រឹងប្រែងរបស់ មន្ត្រីទាំងអស់ដែលបានប្រមូលផ្តុំកម្លាំងសាមគ្គីភាព ក្នុងបុព្វហេតុនៃការចូលរួមគាំទ្រ និងលើកកម្ពស់កិច្ចគាំពារ វិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជាជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។
គួរបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តកែប បានចូលរួមចំណែកយ៉ាងសកម្មបំផុសចលនាមហាជន និងបានសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ/អង្គភាពពាក់ព័ន្ធ ដៃគូរអភិវឌ្ឍនានា និងវិស័យឯកជន ឱ្យចូលរួមចំណែកថែរក្សាបរិស្ថានទីក្រុង ក៏ដូចទីជនបទ ឱ្យមានភាពបៃតងជានិច្ច តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយ តាមគោលដៅសហគមន៍ សាលារៀន វត្តអារ៉ាម និងលើកទឹកចិត្ត ឲ្យមានការ ចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។ ជាក់ស្តែងបច្ចុប្បន្ន មន្ទីរបរិស្ថានបានកំពុងអនុវត្តគម្រោងជួសជុល និងពង្រីកអាង ប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ នៅខាង មុខឆ្នេរលេងទឹក ឆ្នេរជ្រោយដូង និងផ្សារក្តាម។ លើសពីនេះទៀត មន្ទីរជំនាញក៏បានធ្វើការបំផុសជំរុញឱ្យបងប្អូនអាជីវករដាក់អាងចម្រោះឬអាងប្រព្រឹត្តកម្មសំណល់រាវខ្នាតតូចតាម មូលដ្ឋានអាជីវកម្ម លំនៅដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាការពារបរិស្ថាននៅក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្តកែប បានលើកឡើងថា ថ្វីត្បិតតែខេត្តកែប មិនទាន់មានបញ្ហាប៉ះពាល់ធំដុំពីការប្រែប្រួលអាកាសធាតុនៅឡើយ ប៉ុន្តែ យើង ត្រូវ ចូលរួមគិតគូរ និងកែលម្អ ការអភិវឌ្ឍន៍ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកទីក្រុង និងការអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានទាន់ពេលវេលា ។
កត្តាទាំងនេះបានចូលរួមចំណែកដ៏សំខាន់សម្រាប់ធ្វើអោយខេត្តកែបក្លាយជាទីក្រុងទេសចរណ៍បៃតងបរិស្ថានបៃតង កសិកម្មបៃតង និងឆ្នេរសមុទ្រស្រស់ស្អាត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រសិទ្ទនាមខេត្តជាប់មាត់សមុទ្រ ជាតារារះនាទិសនិរតី និងបានបានដាក់ទិសស្លោកថា « ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។