ត្រី​ប៉ា​សា​ណាក់ ឬ​ត្រី​សាល​ម៉ុ​ន​យក្ស​ទន្លេមេគង្គ បង្ហាញខ្លួន​ជាថ្មី នៅ​ដង​ទន្លេមេគង្គ​កម្ពុជា ក្រោយ​បាត់​វត្តមាន​ជាង ២០​ឆ្នាំ​

​ត្រី «​ប៉ា​សា​ណាក់​» ដែល​ពលរដ្ឋ​ខ្មែរ​ខាន​បានឃើញ​វត្តមាន​របស់​ត្រី​នេះ​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ២០០០ បានបង្ហាញ​មុខ​កាលពី​ពេល​ថ្មីៗ​នេះ​ជា​លើកដំបូង​នៅ​តំបន់​ទន្លេមេគង្គ នៃ​ខេត្តស្ទឹងត្រែង ហើយ​ត្រា​ុ​វ​បាន​ប្រជា​នេសាទ នេសាទ​បាន និង​អ្នកជំនាញ​បាន​ជួបប្រទះ​ពេល​គេ​យកទៅលក់​នៅ​ទីផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង​។



ត្រី​ប៉ា​សា​ណាក់ ឬ​អាច​ហៅ​បាន​ថា​ជា​ត្រី​សាល​ម៉ុ​ន​យក្ស​ទន្លេមេគង្គ ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ត្រី​ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ (IUCN) នៅតែ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​យើង​នៅឡើយ​ទេ​។ នេះ​មានន័យថា​ទន្លេមេគង្គ ឬ​ទន្លេសាប នៅតែ​ជា​ជម្រក​របស់​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ប្រភេទ​ត្រី​កម្រ និង​ត្រី​ទឹកសាប​ដទៃទៀត​។

​ត្រី​ប៉ា​សា​ណាក់​នេះ ភាគច្រើន​រស់នៅ​តំបន់​មេគង្គ​លើ និង​ប៉ែក​ខាង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​។ ដោយឡែក​វា​បង្ហាញ​វត្តមាន​ច្រើន​នៅ​ទន្លេស្រែពក កាលពីពេល​កន្លង​ទៅហើយ ទីនោះ​ជា​ជម្រក​របស់​ប្រភេទ​ត្រី​ប៉ា​សា​ណាក់​នេះ រួម​នឹង​ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន​ទៀត​។ យោងតាម​សៀវភៅ​ស្តីពី​ត្រី​ទឹកសាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រី​ប៉ា​សា​ណាក់ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Aaptosyax grypus ជា​ប្រភេទ​ត្រី​មាន​ស្រកា​ល្អិត មាត់ធំ ថ្គាម​ខាងក្រោម​ធំ​ស្នាម​គន្លាក់​នៅ​កណ្តាល និង​ថ្គាម​លើ​គ្របដណ្តប់​លើ​ថ្គាម​ក្រោម គ្មាន​ពុកមាត់ និង​ព្រុយ​ខ្នង​គ្មាន​ទ្រនុង​រឹង ហើយ​ពោះ​រាង​មូល ខ្លួន​រាង​ស្រ​ឡូ​ន និង​មាន​ប្រវែង​វែង​បំផុត ១០០​សង់ទីម៉ែត្រ ឬ​១​ម៉ែត្រ​។​

ចំពោះ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​ប៉ា​សា​ណាក់​វិញ វា​ជា​ប្រភេទ​ត្រី​ដែលមាន​ទំហំ​ធំ និង​រស់​នៅតាម​តំបន់​នៃ​ទន្លេមេគង្គ​។ ត្រី​ប៉ា​សា​ណាក់ ធ្វើ​ចរាចរណ៍​ឡើង​ពី​ខែមករា ទៅ​ខែកុម្ភៈ រក​កន្លែង​ពង​កូន​នៅតាម​អន្លង់​តាម​ដង​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​ខាងក្រោម​ល្បាក់ខោន​។ ត្រី​នេះ​កម្រ​ចាប់​វា​បាន​ណាស់​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រជា​នេសាទ​នៅ​ស្រុក​ថា​ឡា​បរិ​វាត់ ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី (​ទន្លេស្រែពក​) ធ្លាប់​ចាប់​ត្រី​នេះ នៅ​ទន្លេមេគង្គ​ដោយ​ឧបករណ៍​នេសាទ​មង​។ វា​ជា​ប្រភេទ​ត្រី​ស៊ី​កូន​ត្រី​ដទៃ​ជា​អាហារ និង​អាច​ចាប់បាន​ដោយ​ឧបករណ៍​មង អួន សន្ទូច និង​សំណាញ់​។

​ត្រី​ប៉ា​សា​ណាក់ ស្ថិតក្នុង​ពពួក​ទី​១ នៃ​ឧបសម្ព័ន្ធ របស់​ត្រី​ទឹកសាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​០៣​ប្រភេទ ហើយ​ត្រី​ប៉ា​សា​ណាក់​នេះ ជា​ពពួក​ត្រី​ស ដែល​មានន័យថា​ជា​ប្រភេទ​ត្រី​ដែល​រស់នៅ​ជិត​ពេញ​មួយឆ្នាំ ក្នុង​ជម្រក​សំខាន់ៗ តាម​ទន្លេ និង​ដៃ​ធំៗ​នៃ​ទន្លេ និង​ជា​ប្រភេទ​ត្រី​ធ្វើ​ចរាចរណ៍​ឆ្ងាយ គឺ​ចេញពី​ទន្លេ​ចូលទៅ​តំបន់​លិច​ទឹក​នៅ​រដូវវស្សា លុះ​ទឹក​ស្រក វា​ត្រលប់មក​ជម្រក​សំខាន់​របស់​វា​វិញ​។ សរីរាង្គ​វិទ្យា​របស់​ពពួក​ត្រី​ស មិនអាច​ផ្សាំ​ទៅនឹង​លក្ខខណ្ឌ​បរិស្ថាន​នៃ​តំបន់ដីសើម ដូចជា​កម្រិត​អុកស៊ីសែន​ទាប​ដូច​ប្រភេទ​ត្រី​ខ្មៅ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close