កម្ពុជា ត្រៀមលក្ខណៈរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រះសីហនុដើម្បីពិនិត្យ និងដាក់ទិសដៅការងារសំខាន់ៗ សំដៅត្រៀមលក្ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ (Rethink for Resilience and Digitalization)។
ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ ឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។
ឯកឧត្តមបានបង្ហាញពីរបៀបវារៈសំខាន់ៗក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានគ្រោងរៀបជាបទបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ (Rethinking Tourism- A Pathway for Building Back Better and Stronger) និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។ ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។
ឆ្លងតាមរយៈកិច្ចប្រជុំ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានផ្តល់អនុសាសន៍គន្លឹះនានា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើដូចខាងក្រោម៖
១. រៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួង ដោយចែកតួនាទីនិងភារកិច្ច ឲ្យបានច្បាស់លាស់ សំដៅនាធាដល់សុខសុវត្ថិភាព ផាសុកភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
២. រៀបចំពិធីការទទួលស្វាគមន៍ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅព្រលានយន្តហោះអន្តរជាតិ និងការជូនដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅខេត្តព្រះសីហនុ និងដំណើរត្រឡប់វិញ។
៣. ឯកភាពលើសេចក្តីព្រាងរៀបវារៈកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីះនុ និងការរៀបចំទទួលអាហារស្វាគមន៍ និងពិធីលៀងសាយភោជន៍ ដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅព្រលានយន្តហោះអន្តរជាតិ
៤. ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឲ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ និងអន្តរជាតិ។
៥. រៀបចំដំណើរទស្សនកិច្ច (Post-Tour) សម្រាប់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយគ្រោងរៀបចំកញ្ចប់ទស្សកិច្ចជាពីរជម្រើសរួមមាន៖ (១) ទស្សនាក្រុងព្រះសីហនុ និងគោលដៅទាក់ទាញទេសចរណ៍លើគោក ក្រោមកិច្ចសហការជាមួយមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ និង (២) ទស្សនា និងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ (Snorkeling and Diving) ក្រោមកិច្ចសហការជាមួយរដ្ឋបាលក្រុងកោះរ៉ុង និងក្រុមហ៊ុន Khmer Dive Group ដើម្បីជំរុញផលិតផលទេសចរណ៍បាតសមុទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។