អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​អន្ដរជាតិ កំពុង​កំណាយ​ស្រាយ​ជ្រាវ​ខឿន​ព្រះវិហារ​ខាងកើត ប្រាសាទបាយ័ន​

គម្រោង​ស្រាវជ្រាវ​ព្រះវិហារ​សម័យអង្គរ​រ​បស់​សាកលវិទ្យាល័យ​តូ​រិ​ន​តូ​ប្រទេស​កាណាដា ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ខឿន​ព្រះវិហារ​បុរាណ​មួយ ស្ថិតនៅ​ខាងកើត​ប្រាសាទបាយ័ន ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​។ ការស្រាវជ្រាវ​បង្កើត​ទ្បើង​ក្នុង​គោលបំណង​ស្វែងយល់​អំពី​តួនាទី​របស់​រចនា​សម្ព​ន្ធ
​និង​តួនាទី​របស់​សំណង​បុរាណ​នានា​ដែល​ក្នុងនោះ​រួមមាន ខឿន​ព្រះវិហារ ខឿន​កាកបាទ​ស្ថិត​ខាងលិច​ជាប់​នឹង​ព្រះវិហារ និង​សំណង់​ខឿន​ព្រះ​ធាតុ​។ ជាពិសេស​គឺ​ស្វែងយល់​អំពី​សម័យកាល​វិវត្តន៍​នៃ​ការ​គោរពបូជា​ព្រះពុទ្ធសាសនា​នា​ចុង​សម័យអង្គរ​។​

​លោក Andrew Harris ជា​ប្រធាន​គម្រោង​ស្រាវជ្រាវ​ព្រះវិហារ​សម័យអង្គរ (Angkor Vihara Project) បានឱ្យដឹងថា នេះ​ជា​គម្រោង​កំណាយ​ស្រាវជ្រាវ​លើក​ទី​៣ លើ​ខឿន​ព្រះវិហារ​នៅក្នុង​ក្រុង​អង្គរធំ​។ លោក​ពន្យល់ថា កំណាយ​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ក្នុង​បំណង ស្វែងយល់​ពី​តួនាទី​ខឿន​កាកបាទ និង​ខឿន​ព្រះពុទ្ធសាសនា​ដែល​ស្ថិតនៅ​ជ្រុង​ខាងកើត ដើម្បី​ដឹង​ពី​អាយុកាល និង​តួនាទី​នៃ​សំណង់​ទាំងនោះ​។

​លោក​បញ្ជាក់​បន្ថែមថា ការងារ​លើក​នេះ​គឺ​រួមបញ្ចូល​ទាំង​ការសិក្សា​អំពី​តួនាទី មុខងារ អាយុកាល​របស់​ខឿន​ព្រះ​ធាតុ ដែល​ស្ថិតនៅ​ដាច់​អំពី​សំណង់​ព្រះវិហារ​បុរាណ និង​ជាពិសេស​គឺ​ស្វែងយល់​អំពី​ទំនាក់ទំនង​ប្រើប្រាស់​របស់​សំណង់​ព្រះវិហារ​ទៅ​ជាមួយនឹង​សហគមន៍​មនុស្ស​រស់នៅ​ជុំវិញ​។​ល​។​ ​កំណាយ​ស្រាវជ្រាវ​ក្នុង​រយៈពេល​ជិត​មួយខែ​កន្លងមក ដល់​ថ្ងៃទី​៧ ខែ កុម្ភៈ ឆ្នាំ​២០២៣ លោក Andrew Harris បាន​ពន្យល់​នូវ​របកគំហើញ​នានា ដូចជា​មានការ​រកឃើញ គំនរ​បំណែក​ក្បឿង​នៅលើ​ខឿន​កាកបាទ ដែលជា​សក្ខីភាព​បញ្ជាក់​អំពី​សំណង់​ឈើ​ប្រក់​ក្បឿង​មាន​វត្តមាន​នៅលើ​ខឿន​នេះ​។

ជាទូទៅ​ក្រៅ​អំពី​បំណែក​កុលាលភាជន៍​ខ្មែរ និង​ភាជន៍​ចិន ដែលជា​ភស្តុតាង​ការប្រើប្រាស់​នា​សម័យអង្គរ ក្រុមការងារ​ក៏​ជួបប្រទះ​នូវ​ភស្តុតាង​នៃ​ការប្រើប្រាស់​កុលាលភាជន៍​សម័យ​ក្រោយ​អង្គរ (​នា​សតវត្សរ៍​ទី​១៦​ទៅ​១៧) នៅក្នុង​ស្រទាប់​ជិត​ព្រះវិហារ​។ ជាពិសេស​ចាស់​បុរាណ​នា​សម័យ​ក្រោយ​អង្គ​រលោក​បាន​បញ្ចុះធាតុ​អ្នកស្លាប់​ក្នុង​កូន​ក្រឡ​កប់​ក្នុង​ដី​បរិវេណ​ខឿន​កាកបាទ ទៅតាម​ទំនៀមទម្លាប់​ជំនឿ​ព្រះពុទ្ធសាសនា​។ ជាងនេះទៅទៀត គេ​ក៏​ប្រទះឃើញ​ស្លាកស្នាម​ទឹក​ហូរ ចេញចូល​ពី​ស្រះ​ទឹក​ដ៏​ធំ​មួយ​ក្បែរ​នោះ ទៅមុខ​ព្រះវិហារ​ផងដែរ​។​

​កិច្ចការ​សហការ​សិក្សា​ស្រាវជ្រាវ​សំណង់​ខឿន​ព្រះវិហារ​សម័យអង្គរ​នេះ​បង្ហាញ​នូវ​ភស្តុតាង​មួយចំនួន​ទាក់ទង​នឹង​ការវិវត្ត​សង្គម​សាសន​នា​ចុង​សម័យអង្គរ និង​សង្គមមនុស្ស​បន្ត​រស់នៅ​ក្រោយ​កា​ររ​ផ្លាស់ប្ដូរ​រាជធានី​ទៅ​ភាគខាងត្បូង​។ លោក Andrew Harris ពន្យល់​បន្ថែមថា កន្លងមក​អ្នកស្រាវជ្រាវ​យល់ថា​រាជធានី​អង្គរ​ត្រូវបាន​គេបោះបង់​ចោល និង​ពុំមាន​មនុស្ស​រស់នៅ​។ តែ​តាមរយៈ​ការសិក្សា​ថ្មីៗ​របស់​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ រួមទាំង​ការស្រាវជ្រាវ​ទាំងបី​លើក​ក្នុង​គម្រោង​ព្រះវិហារ​អង្គរ ក៏បាន​បន្ថែម​នូវ​ភស្តុតាង​សំខាន់ៗ​មួយចំនួន ដែល​អាច​បញ្ជាក់​អំពី​ការផ្លាស់ប្តូរ​ជំនឿ​សាសនា និង​ការស្ថាបនា​សំណង់​សាសនា តាមបែប​ទស្សនៈ​ព្រះពុទ្ធសាសនា ដែល​អាច​រាប់​ចាប់ពី​ចុង​សតវត្សរ៍​ទី​១៣ ដល់ទី​បញ្ចប់​សតវត្ស​រ៍​ទី​១៤ និង​ជាពិសេស​នៅ​សតវត្សរ៍​ទី​១៦ តរៀងមក​។

​តាមរយៈ​សិល្បៈ​សំណង់​ព្រះវិហារ​នីមួយៗ​ក្នុង​ក្រុង​អង្គរធំ បញ្ជាក់​នូវ​អាយុកាល​នៃ​ការស្ថាបនា​នា​ចុង​សម័យអង្គរ និង​មាន​សំណង់​មួយចំនួន​តូច​ទាក់ទង​នឹង​សម័យ​ក្រោយ​អង្គរ​។ ជាការ​ពិតណាស់​ព្រះវិហារ​មួយចំនួន​ត្រូវបាន​កែលម្អ ឬ​ស្ថាបនា​ក្រោយ​វត្តមាន​ព្រះបាទ​អង្គចន្ទ ព្រះរាជ​វង្ស និង​ព្រះពុទ្ធ​សាស​នឹង​ត្រលប់​មកកាន់​រា​ធានី​ចាស់​។​

​របកគំហើញ​ថ្មីៗ​របស់​ក្រុម​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​ផ្តល់​លទ្ធភាព​ក្នុងការ​ចងក្រង​ប្រវត្តិសាស្ត្រ​មួយបែប​ថ្មី ដែល​កន្លងមក​តែង​យល់ថា​ព្រះវិហារ​ក្នុង​រា​ធានី​អង្គរ​ត្រូវបាន​ស្ថាបនា​ទ្បើង​នា​សម័យ​ក្រោយ​អង្គរ​ស្រប​ជាមួយ​ការ​ត្រ​ទ្ប​ប់​មកវិញ​របស់​ព្រះបាទ​អង្គចន្ទ យាង​មក​ជួសជុល​ទី​សការៈបូជា​ក្នុង​ប្រាសាទអង្គរវត្ត​។ ជា​សក្ខីភាព​ដូចជា​ជួសជុល​កែប្រែ​ប្រាសាទអង្គរវត្ត ស្ថាបនា​ព្រះ​ពុទ្ធរូប​ធំៗ លើ​ភ្នំ​បាខែង និង​ប្រាសាទ​បា​ភួ​ន និង​ព្រះវិហារ​ជុំវិញ​ប្រាសាទបាយ័ន​។​

​តាម​ការស្រាវជ្រាវ​កន្ល​ង​មក គេ​បាន​សន្និដ្ឋានថា សំណង់​ខឿន​ព្រះវិហារ​ព្រះពុទ្ធសាសនា​ក្នុង​កំពែង​ក្រុង​អង្គរធំ មាន​ចំនួន​ចន្លោះ​ពី​៦២​ទៅ​៧២​។ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ការស្រាវជ្រាវ​នៅ​ទួល​ព្រះវិហារ​ទាំងនោះ​មាន​ចំនួន​តិចតួច​នៅ​ទ្បើ​យ និង​ជា​ប្រធានបទ​ថ្មី​មួយ​សម្រាប់​ក្រុម​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​សហការគ្នា​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​អំពី​សង្គមរ​ស់​នៅ​របស់​បុព្វបុរស​ខ្មែរលើ​រាជធានី​អង្គ​រនា​ចុង​សម័យអង្គរ និង​ក្រោយ​អង្គរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close