អ្នកស្រុក​គូលែន ខេត្តព្រះវិហារ ធ្វើ​ពិធី​ឡើងអ្នកតា ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ

​ជា​រៀងរាល់ឆ្នាំ ពោលគឺ​ដល់​ខែមាឃ អ្នកភូមិ​សំបូរ និង​អ្នកភូមិ​កោះ​កេរ ឋិត​ក្នុង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ តែង​ប្រារព្វ​ពី​ធី​សែនព្រេន​ឡើងអ្នកតា ឬ​ពិធី​ដេញរ​មល់​របាល (​ដេញ​ព្រាយ​បិសាច​ឧបទ្រពចង្រៃ​ចេញពី​ភូមិ​) ព្រោះ​ពួកគេ​គិតថា ការធ្វើ​បែបនេះ បាន​នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ការរស់នៅ​របស់​អ្នកភូមិ និង​មិនមាន​ឧបទ្រពចង្រៃ បញ្ហា​ផ្សេងៗ ជំងឺ​កាច​សាហាវ​រាតត្បាត ចូល​ភូមិ​
​ឡើយ​។​

​ជាមួយគ្នានេះ ក្រុមការងារ​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​តម្កល់​ឯកសារ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប្រចាំ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ បាន​ចុះ​សិក្សា និង​អង្កេត នៅ​ភូមិ​បុរាណ​ចំនួន​២​គឺ ភូមិ​កោះ​កេរ និង​ភូមិ​សំបូរ ។ តាម​ការស្រាវជ្រាវ បង្ហាញថា ប្រជាជន​នៅ​ទីនោះ​តែងតែមាន​ការគោរព​ប្រតិបត្តិ​នូវ​ជំនឿ​ជី​វច​ល​របស់ខ្លួន ក្នុងនោះ​មាន​ពិធី​មួយ​ក្នុង​ពិធី​ជាច្រើន​ទៀត ដែល​គេ​តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​ក្នុង​ខែមាឃ គេ​ហៅថា “​ពិធី​ឡើងអ្នកតា​” ។

​ពិធី​ឡើងអ្នកតា​នៅ​ភូមិ​សំបូរ មាន​ភាពស្រដៀងគ្នា​ទៅ​និង​ពិធី​ឡើងអ្នកតា​នៅ​ភូមិ​កោះ​កេរ​ដែរ ពោល​គឺមាន​គោលបំណង​រួម​ដូចគ្នា ទី​១ គេ​ធ្វើឡើង​ដើម្បី​សុំ​សេចក្ដីសុខ​ក្នុងការ​រស់នៅ និង​ការប្រកបមុខរបរ​ចិ​ញ្ជឹ​ម​ជីវិត​តាមរយៈ​ការធ្វើ​ស្រែចម្ការ​ឲ្យ​កាន់តែ​បាន​ផល​ច្រើន ពី​ម្ចាស់​ទឹក​ម្ចាស់​ដី (​អ្នកតា​) ដែល​ថែរក្សា​ក្នុង​តំបន់​របស់​ពួកគេ​រស់នៅ ដែលមាន​កិច្ច​បញ្ជាន់រូប ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា ជាមួយ​អ្នកតា ។ ទី​២ គេ​ធ្វើឡើង ក្នុង​គោលបំណង​ដេញ​នូវ​ឧបទ្រពចង្រៃ​នានា ពី​ក្នុង​សហគមន៍​របស់​ពួកគេ​រស់នៅ តាមរយៈ​កិច្ច​មួយ ក្នុង​ពិធី​ឡើងអ្នកតា​នោះ ដែល​គេ​ហៅថា កិច្ច​ដេញរ​មល់​របាល ឬ​ហៅថា “​កិច្ច​ដេញ​ព្រាយ​បិសាច​ឧបទ្រពចង្រៃ​ចេញពី​ភូមិ​”​។

​នៅពេល​ខាងមុខនេះ នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​តម្កល់​ឯកសារ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​ចងក្រង​ឯកសារ​ប្រវត្តិ​នៃ​ការធ្វើ​ពិធី​នេះ ដើម្បី​ផ្សព្វផ្សាយ ដល់​មនុស្សជាតិ បាន​សិក្សា​ស្វែងយល់​កាន់តែច្បាស់ ពី​កេរតំណែល​របស់​ដូនតា នៃ​ជំនឿ​សាសនា បែប​អរូបី​របស់​ប្រជាជន នៅ​ភូមិ​ទាំងពីរ​នេះ​។​

​អាជ្ញាធរ​ជាតិ​ព្រះវិហារ ចាត់ទុកថា ការរក្សាបាន​នូវ​ទំនៀមទម្លាប់​ប្រពៃណី​តាំងពី​ដូនតា នៃ​ពិធី ឡើងអ្នកតា​របស់​អ្នកភូមិ​សំបូរ និង​ភូមិ​កោះ​កេរ ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​នេះ បាន​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍ នៃ​ជំនឿ​សាសនា​បែប​អរូបី បាន​មួយផ្នែក និង​ជា​អត្តសញ្ញាណ​មួយ ដែល​បន្សល់ទុក​តាំងពី​ដូនតា​មក សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏ដូចជា​មនុស្សជាតិ​ទូទាំង​សកលលោក បានដឹង និង​សិក្សា​ស្វែងយល់​ពី​វប្បធម៌ ទំនៀប​ទម្លាប់ ប្រពៃណី សាសនា​របស់​ដូនតា​ខ្មែរ​កាន់តែច្បាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close