រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជំ​រុញឱ្យ​បង្កើន​ការលក់​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​សហគមន៍​អេកូ​ទេសចរណ៍​

​ភ្នំពេញ​៖ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឱ្យ​ការី​ទេសចរណ៍​បង្កើន​ការលក់​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​សហគមន៍​អេកូ​ទេសចរណ៍​អាស៊ាន និង​សហគមន៍​នានា​នៅ​កម្ពុជា ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​។​

​គួរ​ជម្រាប​ថា សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​២​នៅ​កម្ពុជា​បានទទួល​ពានរង្វាន់​ស្ដង់ដា​សហគមន៍​អេកូ​ទេសចរណ៍​អាស៊ាន ក្នុងនោះ​រួមមាន​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន នៅ​ខេត្តស្ទឹងត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃធំ​អន្លង់​ធំ នៅ​ខេត្តសៀមរាប​។​ ​ដើម្បី​ផ្សព្វផ្សាយ​នូវ​កិត្តិនាម​នេះ ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ គម្រោង​ព្រៃ​ឡង់​បៃតង អង្គការ​កម្មវិធី​ផ្លាស់​បទពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា (NTFP-EP/Cambodia) បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលដៅ​សហគមន៍ និង​អេកូ​ទេសចរណ៍​នៅ​តំបន់​មេគង្គ​លើ និង​នៅ​ភ្នំ​ត្បែងមានជ័យ ទៅដល់​ការី​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​។
​សិក្ខាសាលា​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​។​

​នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​នូវ​អនុសាសន៍​ណែនាំ​ឱ្យ​វិស័យ​ឯកជន ពិសេស​ក្រុមហ៊ុន​ទេសចរណ៍ និង​ការី​ទេសចរណ៍​ទាំង​ក្នុង​ក្របខណ្ឌ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) និង​បណ្តា​អ្នករៀបចំ​កញ្ចប់​ទស្សន​កិច្ច​ឯកជន​ជួយ​បញ្ចូល​គោលដៅ​សហគមន៍​ទាំង​៥​ខាងលើ ទៅក្នុង​កញ្ចប់​ទស្សនកិច្ច​របស់ខ្លួន ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទៅដល់​ភ្ញៀវទេសចរ និង​ស្នើឱ្យ​ពង្រឹង​ការគាំទ្រ​ជួយ​ដល់​សហគមន៍ តាមរយៈ​ការប្រើប្រាស់​សេវា​របស់​សហគមន៍​ឱ្យបាន​ច្រើន ដែលជា​ការលើកទឹកចិត្ត​ដល់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​លេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ ត្រូវ​បន្ត​សហការ​ជាមួយ​ក្រុមការងារ​ទីភ្នាក់ងារ USAID និង​អង្គការ NTFP-EP រួមជាមួយ​មន្ទីរ​ទេស​ចរណ៍​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ និង​សហគមន៍​គោលដៅ​ទាំង​៥ រៀបចំ​នូវ​ឧបករណ៍​ផ្សព្វផ្សាយ​នានា (Promotional Materials) ពិសេស​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ផ្សព្វផ្សាយ​គោលដៅ​សហគមន៍​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។​

​ឯកឧត្ដម​ក៏បាន​ស្នើឱ្យ​ស្ថាប័ន​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ​និង​អន្តរជាតិ​នានា​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​តំបន់​សហគមន៍​ទាំង​៥​នេះ ទាំង​លើ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​។ មិនតែប៉ុណ្ណោះ សូមជួយ​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នានា​ដល់​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍ លើ​ការអនុវត្ត​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​អេកូ​ទេសចរណ៍ និង​សហគមន៍​។​

​ជាមួយគ្នា​នោះដែរ លោក ស៊ឹម ប៊ុនធឿន ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​របស់ NTFP-EP Cambodia និង​កញ្ញា ហា​ញ់ ង្វៀន (Hanh Nguyen) នាយក​បេសកកម្ម​ស្តីទី​របស់ USAID ក៏បាន​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍ​សហគមន៍​អេកូ​ទេសចរណ៍​នៅតាម​តំបន់​មេគង្គ​លើ និង​នៅ​ភ្នំ​ត្បែងមានជ័យ​ថែមទៀត​ដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close