សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញចម្លាក់ព្រះពាន់នៃព្រះពុទ្ធសាសនាធ្វើពីថ្មភក់១ផ្ទាំងដែលជាវត្ថុកម្ររបស់សិល្បៈខ្មែរ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើងនៅអំឡុងចុងសតវត្សរ៍ទី១២នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង។
មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់ ដែលឆ្លាក់រឿងរ៉ាវនៃព្រះពុទ្ធសាសនា រកឃើញដោយការធ្វើកំណាយនេះ ត្រូវបានគេកំណត់ឈ្មោះថា«ថ្មគោលព្រះពាន់» ដែលជាវត្ថុកម្រមាននៅក្នុងសិល្បៈខ្មែរ។ លោក វិបុលសុខុម ពន្យល់ថា លក្ខណៈពិសេសរបស់ថ្មគោលនេះ គឺមានរូបព្រះពុទ្ធតូចៗទាំងអស់ចំនួន១០០៨អង្គ ដែលតំណាងឱ្យមង្គលចក្រវាល មួយទៀត អាចនិយាយបានថា ជាអនុព្យញ្ជនៈរបស់ព្រះសម្មាសម្ពុទ្ធ ឬគ្រប់សត្វទាំងអស់មាន១០០៨។
លោកបន្តទៀតថា ថ្មគោលប្រភេទចម្លាក់បែបសាសនានេះ នៅកម្ពុជាគេប្រទះឃើញចំនួន២ផ្ទាំង គឺទី១ជាថ្មគោលឆ្លាក់រូបព្រះពុទ្ធដែលដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាខេត្តសៀមរាប និងមួយផ្ទាំងទៀត គឺជាថ្មគោលបែបព្រហ្មមញ្ញសាសនា ដែលមានឆ្លាក់រូបព្រះនារាយណ៍ សព្វថ្ងៃដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។
ថ្មគោលព្រះពាន់នេះ មានរាងបួនជ្រុង មានកម្ពស់១២២សង់ទីម៉ែត្រ ទទឹង៥៨សង់ទីម៉ែត្រ និងកម្រាស់៤៥សង់ទីម៉ែត្រ និងទំងន់ប្រមាណជាងកន្លះតោន។ នៅតាមជ្រុងទាំង៤ មានចម្លាក់ព្រះពុទ្ធសមាធិតូចៗចំនួន១០០៨អង្គ។ នៅផ្នែកខាងលើ និងខាងក្រោមមានការខូចខាតខ្លះៗ ដោយផ្ទៃសាច់ថ្មមានស្នាមប្រេះបញ្ឈរ និងនៅកំពូលនៃជ្រុងទាំង៤មានលម្អជាក្បាលនាគ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកទស្សនាស្វែងយល់បន្ថែមនៃផ្ទាំងថ្មគោលព្រះពាន់បែបព្រះពុទ្ធសាសនានេះ រួមទាំងចម្លាក់ប្រតិមាផ្នែកពុទ្ធសាសនាជាច្រើនទៀត ដែលមានតាំងពិព័រណ៌បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។