ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប៊ុល​ហា្គ​រី សម្រេចបាន​ប្រមាណ ៨,១ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២២

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ ម៉ា​រី​នេ​ឡា ផេ​ត​កូ​វ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប៊ុល​ហា្គ​រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​ជម្រាបលា​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការ​បេ​ជ្ញា​ចិត្ត​ខ្ពស់​របស់​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្របខណ្ឌ​ពហុភាគី​, តំបន់​, អនុតំបន់ និង​ទ្វេភាគី ស្របពេល​នឹង​ការធ្វើកំណែទម្រង់​ច្បាប់ បទ​ប្បញ្ញត្តិ និង​ស្ថាប័ន ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។ ​ឯកឧត្តម ក៏បាន​គូសបញ្ជាក់​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការគ្រប់គ្រង​បញ្ហា​កូ​វីដ​-១៩​ប្រកបដោយ​ប្រសិទ្ធភាព និង​ការបើក​ប្រទេស​ឡើងវិញ ដែល​ធ្វើឱ្យមាន​កំណើន​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។

​ជា​កិច្ច​ឆ្លើយតប លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក រួម​នឹង​ឆន្ទៈ​ក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ លោកជំទាវ បានបញ្ជាក់​ពី​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា ក្នុង​អាណត្តិ​បេសកកម្ម​របស់​ឯកអគ្គ​រដ្ឋទូត​ថ្មី នឹងមាន​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ទ្វេភាគី​និង​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ការលើកទឹកចិត្ត​ដល់​ពាណិជ្ជករ​និង​វិនិយោគិន​ប៊ុលហ្គារី​ឱ្យ​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​ពាណិជ្ជកម្ម វិនិយោគ ជាពិសេស​ក្នុង វិស័យ​កសិកម្ម រួមមាន​ផលិតផល​ផ្លែឈើ និង​ជី​កសិកម្ម ព្រមទាំង​ទេសចរណ៍​នៅ​កម្ពុជា ដែល​កត្តា​ទាំងនេះ អាចរួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ប៊ុលហ្គារី​ថែម​មួយកម្រិត​ទៀត​។

​ភាគី​ទាំងពីរ ក៏បាន​កត់សម្គាល់​ពី​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​សម្រេចបាន​ប្រមាណ ៨,១ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២២ ជាមួយនឹង​កំណើន​ប្រមាណ ៧៨% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែល​សម្រេចបាន ៤,៥៤ លាន​ដុល្លារ​អាមេរិក​។ ទំនិញ​នាំចេញ​សក្តានុពល​ពី​កម្ពុជា​ទៅ​ប៊ុលហ្គារី រួមមាន​៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និង​ថ្នាំជក់​ជាដើម រីឯ​ទំនិញ​នាំចូល​សក្តានុពល​ពី​ប៊ុលហ្គារី​មកវិញ រួមមាន​៖ ជី​កសិកម្ម ស្ពាន់ កែវ និង​ម្ស៉ៅ​។​ល​។ ស្របគ្នា​ដែរ ភាគី​ទាំងពីរ ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ព​ន្លឿ​ន​នីតិវិធី​បង្កើត​គណៈកម្មកា​រ​ចម្រុះ​អន្តរ រដ្ឋាភិបាល​ស្តី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដោយ​យោងតាម​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច បច្ចេកទេស និង​វិទ្យាសាស្ត្រ ដែល​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០១៩​។ បន្ថែម​ពីនេះ ភាគី​ទាំងពីរ ក៏បាន​រំលេច ពី​សារៈសំខាន់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close