កម្ពុជា និង​ជប៉ុន ចុះហត្ថលេខា​លើ​គម្រោង​សិក្សា​ស្រាវជ្រាវ​ការកសាង​កេរ្តិ៍ឈ្មោះ​ម៉ាក

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​កិច្ចសហប្រតិបត្តិកា​រ ស្តីពី​គម្រោង សិក្សា​ស្រាវជ្រាវ​ការកសាង​កេរ្តិ៍ឈ្មោះ​ម៉ាក រវាង​ក្រសួងពាណិជ្ជកម្ម ជាមួយ អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​ប្រទេស​ជប៉ុន និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​អាស៊ាន និង​អាស៊ី​បូព៌ា ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា និង ឯកឧត្តម KOICHI HAMANO ប្រធាន​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​នៃ​ប្រទេស​ជប៉ុន​, សាស្ត្រាចារ្យ HIDETOSHI NISHIMURA ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​អាស៊ាន និង​អាស៊ី​បូព៌ា ដើម្បី​ពង្រឹងសមត្ថភាព​ស្រាវជ្រាវ និង​ការផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ដោយ​ផ្ដោតទៅលើ​ចំណុច​សំខាន់ៗ​ចំនួន​៤ គឺ (១)​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ការស្រាវជ្រាវ​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា (២) រៀបចំ​កម្មវិធី​ចែករំលែក​ចំណេះដឹង (៣)​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ និង​(៤) ផ្តល់នូវ​បដិសណ្ឋារកិច្ច​ដល់​ការធ្វើ​ទស្សនកិច្ច​សិក្សា​។​

​ពិធី​ចុះ​អនុស្សរណៈ​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា ព្រមទាំង​សមាជិក​លេខាធិការដ្ឋាន ជាច្រើនរូប​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ជូន​ចំពោះ ឯកឧត្តម KOICHI HAMANO ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​នៃ​ប្រទេស​ជប៉ុន និង​បង្ហាញ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់ លោក​សាស្ត្រាចារ្យ HIDETOSHI NISHIMURA ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​អាស៊ាន និង​អាស៊ី​បូព៌ា ដែល​បាន​ចូលរួម​ដោយផ្ទាល់​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ព្រមទាំង​តួនាទី​របស់​កម្មសិទ្ធិបញ្ញា​ដែល​ចូលរួម​ជួយ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​បន្ថែមទៀត​។ តួយ៉ាង ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់ ៧% មុន​ការ​ផ្ទុះឡើង​នៃ​វិបត្តិ​សុខភាព​សាធារណៈ​បង្កដោយ​ជំងឺ​កូ​វីដ​១៩​។ កំណើនថេរ និង​ខ្ពស់ ប្រកបដោយ​វិបុលភាព​នេះ​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​អាចឈាន​ទៅដល់​ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​ខ្លួន​ពី​ប្រទេស​ដែលមាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ ២០១៥ ។

​ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​សម្រាប់​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ឱ្យ​ក្លាយជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ការណ៍​នេះ​បានធ្វើឱ្យ​កម្មសិទ្ធិបញ្ញា ជា​ឧបករណ៍​ចាំបាច់​ដែល​ជួយ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​ភាព​ការប្រកួតប្រជែង​របស់​ប្រទេស តាមរយៈ​ការជំរុញ​លើកទឹកចិត្ត​ឱ្យមាន ការផ្ទេរ​បច្ចេកវិទ្យា គាំទ្រ​ដល់​ការច្នៃប្រឌិត ជំរុញ​នវានុវត្តន៍ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​។​

​ជាការ​ឆ្លើយតប ឯកឧត្តម KOICHI HAMANO ប្រធាន​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទ​នង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ព្រមទាំង សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នាពេល​កន្លងមក ជាពិសេស​ការឈាន​មកដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។​

​ក្នុង​បរិការណ៍​នេះ ឯកឧត្តម KOICHI HAMANO លើកឡើងថា ការកសាង​ម៉ាក​ផលិតផល និង​គំនូរ​ឧ​ស្សហកម្ម មាន​សារៈសំខាន់​ណាស់​ក្នុងការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម ហើយ ឯកឧត្តម មានបំណង​ចង់ឃើញ​ផលិត​ខ្មែរ​ជាច្រើន​បន្ថែមទៀត​នៅលើ​ទីផ្សារ ហេតុនេះ តាមរយៈ​អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម ប្រទេស​ជប៉ុន នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​កេរ្តិ៍ឈ្មោះ​ផលិតផល​ខ្មែរ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ល្បីល្បាញ​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះដែរ លោក​សាស្ត្រាចារ្យ ETOSHI NISHIMURA ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​អាស៊ាន និង​អាស៊ី​បូព៌ា បានបង្ហាញ​ចំណាប់អារម្មណ៍​ជាខ្លាំង​ចំពោះ​ការ​វិ​វិ​ឌ្ឍ​ន៍​នៃ​វិស័យ​ឌីជីថល និង​ឥទ្ធិពល​របស់​កម្មសិទ្ធិ​បញ្ញា​នៅក្នុង​ការគាំទ្រ​ឱ្យមាន​ន​វា​នុ​វត្ត​ភាព និង​ជំរុញ​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា​។ ក្នុងន័យនេះ ក្នុងនាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​អាស៊ាន និង​អាស៊ី​បូព៌ា តាមរយៈ​អនុស្សរណៈ​កិច្ចសហប្រតិបត្តិកា​រ ស្តីពី​គម្រោង​សិក្សា​ស្រាវជ្រាវ​ការកសាង​កេរ្តិ៍ឈ្មោះ​ម៉ាក នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​កា​រកង​សាង​ម៉ាក ហើយ​លទ្ធផល​នៃ​ការសិក្សា នឹងត្រូវ​ផ្សព្វផ្សាយ​ទៅដល់​វិស័យ​ពាក់ព័ន្ធ ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា​នៅក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងស្រុក ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close