សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត

នៅ​រសៀល ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣ បន្ទាប់ពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​ហើយ​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ទទួល​ជួបពិភាក្សា​ការងា​បន្តទៀត​ជាមួយ ឯកឧត្តម ថូរ ម៉ា​តាន់ រួ​ក (Taur Matan Ruak) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ក្នុងឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ក្រុង​ឡា​ប៊ូ​ន​បា​ចូ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។

​ក្នុងជំនួប​នោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី ទី​ម័​រ​ខាងកើត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ជ្រុំ​ជ្រែង​កិច្ចការងារ​យ៉ាងច្រើន ពី​ដើម​រៀងមក ដើម្បី​ឲ្យ​សមាគម​អាស៊ាន​ទទួលយក​ទី​ម័​រ​ខាង​កើតជា​សមាជិក​ទី​១១ ជាមួយ​គ្រួសារ​អាស៊ាន​។

​ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ក៏បាន​ជំរាប​សម្តេច​តេ​ជោ​ថា វត្តមាន​របស់​ទី​ម័​រ​ខាងកើត​មកកាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលនេះ គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការជួយជ្រោមជ្រែង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នោះទេ ។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត បាន​ជំរាប​សម្តេច​ថា ការអញ្ជើញ​របស់​ទី​ម័​រ​ឡេ​ស្ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឯ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលនេះ គឺជា​លើកទីមួយ នៃ​ប្រវត្តិសាស្ត្រ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជ្រោមជ្រែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​បំណង​របស់​សម្តេច​ចង់​ឲ្យ​ទី​ម័​រ​ខាងកើត ចូល​ជា​សមាជិក​ពេញសិទ្ធិ​តែម្តង​នៅ​អាស៊ាន​។ អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​ទី​ម័​រ​ខាងកើត សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​ចង់​ឲ្យ​ទី​ម័​រ​មាន​សន្តិសុខ​ស្បៀង​។ សម្តេច​បន្តថា សម្តេច​មានបំណង​ចង់​ឲ្យ​អ្នកវិនិយោគ​របស់​ទី​ម័​រ​ខាងកើត មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​រោងចក្រ​កិនស្រូវ​នាំ​អង្ករ​ចេញទៅ​កាន់​ទី​ម័​រ ដោយឡែក​កន្ទក់​សម្រាប់​ផលិត​ជា​ចំណី​សត្វ​។ សម្តេច​បានបញ្ជាក់​បន្ថែម​ថា ប្រសិនបើ​ប្រទេស​ទី​ម័​រ​ឯកភាព កម្ពុជា​នឹង​បញ្ជូន​អ្នកជំនាញ​ផ្នែក​កសិកម្ម​ទៅ​សិក្សា​ដី​នៅឯ​ប្រទេស​ទី​ម័​រ​ខាងកើត ថា​តើ​ស្ថានភាព​ដី​នៅ​ទីនោះ​អាច​ដាំ​ដុះ​ទៅលើ​ដំណាំ​អ្វី​បាន​ផល​ច្រើន​។

​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ទី​ម៉​រ​ខាងកើត បានទទួល​យក​នូវ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​ស្បៀង​នេះ ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​ខ្លួនឯង និង​មាន​សន្តិសុខ​ស្បៀង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close