វិបត្តិតំបន់ឈូងសមុទ្ររុញច្រានតម្លៃមាស និងប្រេងឱ្យហក់ឡើង ខណៈទីផ្សារបារម្ភពីរលកអតិផរណាថ្មី

តម្លៃមាស និងប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបន្តវាយលុកឡើងថ្លៃបន្តិចបន្តួចនៅចុងសប្តាហ៍នេះ បន្ទាប់ពីភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងកាន់តែក្តៅនៅក្នុងតំបន់ឈូងសមុទ្រ។ ស្ថានភាពនេះកំពុងបង្កើតក្តីបារម្ភជាថ្មីជុំវិញបញ្ហាអតិផរណា ដែលអាចបង្ខំឱ្យធនាគារកណ្តាលអាមេរិក (Fed) បន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។
យោងតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន CNBC នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានកើនឡើង ០.២ ភាគរយ ដោយហក់ឡើងដល់ ៤,១២៨ ដុល្លារ ក្នុងមួយអោន។
ដោយឡែក សម្រាប់ទីផ្សារហាងឆេងមាសនៅក្នុងប្រទេសកម្ពុជាវិញ ក៏មានការប្រែប្រួលទៅតាមនោះដែរ ដោយតម្លៃហាងឆេងបានហក់ឡើងដល់ ៤៩៦ ដុល្លារ ក្នុងមួយជី ឬ៤,៩៦១ ដុល្លារ ក្នុងមួយតម្លឹង។
លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃមាសកំពុងស្ថិតក្នុងដំណាក់កាលរក្សាស្ថិរភាព (Consolidation)។ ក្រុមវិនិយោគិនហាក់កំពុងបង្ហាញក្តីស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញបន្ថែម ដោយសារតែរង់ចាំអ៊ុតមើលស្ថានភាពមិនប្រាកដប្រជា រវាងអាមេរិក និងអ៊ីរ៉ង់។
ស្របពេលជាមួយគ្នានេះ ការវាយបកផ្នែកយោធាទៅវិញទៅមក បានជំរុញឱ្យតម្លៃប្រេងឆៅសកលងើបក្បាលឡើងដូចគ្នា៖
ប្រេងឆៅប្រភេទ Brent: កើនឡើង ០.២៥ ភាគរយ ឡើងដល់ ៧៦.៤៩ ដុល្លារ ក្នុងមួយបារ៉ែល។
ប្រេងឆៅប្រភេទ WTI (West Texas Intermediate): កើនឡើង ០.២៦ ភាគរយ ឡើងដល់ ៧២.២៧ ដុល្លារ ក្នុងមួយបារ៉ែល។
ការហក់ឡើងនៃតម្លៃប្រេងនេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អាមេរិក នៅក្នុងបណ្តាប្រទេសតំបន់ឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ សកម្មភាពនេះធ្វើឡើងដើម្បីសងសឹកទៅនឹងការដែលអាមេរិក បានវាយប្រហារលើខេត្តឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់អ៊ីរ៉ង់ មុននោះ។
ទោះបីជាមាសត្រូវបានគេស្គាល់ថាជា «ទ្រព្យសម្បត្តិសុវត្ថិភាព» សម្រាប់ការពារហានិភ័យពីអតិផរណាក៏ដោយ ប៉ុន្តែវាក៏អាចរងសម្ពាធវិញផងដែរ ប្រសិនបើធនាគារកណ្តាលអាមេរិកសម្រេចដំឡើងអត្រាការប្រាក់។ បច្ចុប្បន្ន វិនិយោគិន និងពាណិជ្ជកររហូតដល់ ៦៤ ភាគរយ បានព្យាករណ៍ថា Fed នឹងដំឡើងអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ ដែលភាគរយនេះបានកើនឡើងយ៉ាងគំហុកពី ៥៤ ភាគរយ កាលពីសប្តាហ៍មុន។
នៅក្នុងបរិបទដែលអត្រាការប្រាក់ឡើងខ្ពស់ មាសនឹងបាត់បង់ភាពទាក់ទាញរបស់ខ្លួនបន្តិច ដោយសារវាជាទ្រព្យសកម្មដែលមិនផ្តល់ផលទុន (Non-yielding asset) ឬមិនផ្តល់ការប្រាក់ប្រចាំខែដូចជាការដាក់ប្រាក់បញ្ញើ ឬទិញប័ណ្ណបំណុលនោះឡើយ។
លោក Tim Waterer បានបន្ថែមថា ភាពទាក់ទាញរបស់មាសនឹងនៅតែបន្តរក្សាបាន ដរាបណាតម្លៃប្រេងឆៅមិនហក់ឡើងខ្លាំងហួសកម្រិតបច្ចុប្បន្ន។ ប៉ុន្តែ ប្រសិនបើតម្លៃប្រេងហក់ឡើងខ្លាំងពេក វានឹងរុញច្រានអតិផរណាឱ្យកាន់តែខ្ពស់ ហើយនៅពេលនោះ ធនាគារកណ្តាលនឹងបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដែលនឹងធ្វើឱ្យតម្លៃមាសធ្លាក់ចុះមកវិញយ៉ាងដំណំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។