ប្រវត្តិសង្ខេប នៃបុណ្យមាឃបូជា
ថ្ងៃនេះ ជាថ្ងៃ១៥កើត ខែមាឃ ពេញបូរមី ជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា។ ប្រជាជនខ្មែរយើងភាគច្រើនសុទ្ធតែបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះឡើយ។
តើមាឃបូជានេះមានអត្ថន័យយ៉ាងណា?
ពាក្យ «មាឃ» គឺជាឈ្មោះខែមួយតាមប្រតិទិនចន្ទគតិ ឯពាក្យ «បូជា» ប្រែជា ការថ្វាយ ការប្រគេន ការជូន ឬការប្រតិបត្តិតាម។ រួមទាំងពីរមក «មាឃបូជា» គឺមានន័យថា «ការបូជានៅក្នុងខែមាឃ»។
តាមសៀវភៅសាសនាបានបង្ហាញថា ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង ដែលរួមមាន ទី១ ការធ្វើចតុរង្គសន្និបាត និងទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ ហើយទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ។
ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃមួយ ហើយប្រកបដោយអង្គឬហេតុ៤យ៉ាង។ អង្គឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះ គឺទី១ ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ ទី២ ជាថ្ងៃ ដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទី៤ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។
រីឯ ការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។
ក្រោយសម្តែងឱវាទបាតិមោក្ខរួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជាអគ្គសាវ័កកំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២អង្គនោះគឺ ព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។
ចំណែក ការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធ កំណត់ថា៣ខែទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គ ក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។