ត្រីក្រពត​មានជាតិពុល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ក្រសួងសុខាភិបាល​ ​អំពាវនាវ​កុំ​ឲ្យ​បរិភោគ​

​ជាថ្មី​ម្តង​ទៀត​ក្រសួងសុខាភិបាល​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​សូមកុំ​បរិភោគ​ត្រី​ក្រពត​ ​ដោយសារ​ពពួក​ត្រី​ប្រភេទ​នេះ​ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។​

​សេចក្ដីជូនដំណឹង​ចេញផ្សាយ​ ​កាលពី​ថ្ងៃទី២០​ ​ខែកុម្ភៈ​ ​ក្រសួង​បាន​លើកឡើង​ថា​ ​ពពួក​ត្រី​ក្រពត​ចំនួន៣ប្រភេទ​ ​ក្នុងចំណោម​ចំនួន១០ប្រភេទ​ ​មាន​ជាតិពុល​ខ្ពស់​ ​ដែល​អាច​សម្លាប់​ជីវិត​មនុស្ស​បាន​ ​ប្រសិន​បរិភោគ​សាច់​របស់​វា​។​

​ក្រសួង​បញ្ជាក់​ថា​ ​ត្រី​ក្រពត​ដែល​មាន​សារធាតុពុល​ទាំង៣ប្រភេទ​នោះ​ ​មាន​ជាតិពុល​ខ្ពស់​បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ​ ​ដែល​ជា​ធម្មតា​កើតឡើង​នៅក្នុង​ខែកុម្ភៈ​ ​ខែមីនា​ ​និង​ចន្លោះ​ខែកក្កដា​ ​ទៅ​ខែកញ្ញា​។​ ​ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ ​ក៏​មានកម្រិត​ខុសគ្នា​ដែរ​ ​គឺ​ពង​ ​និង​មេជី​វិត​របស់​វា​ ​មាន​ជាតិពុល​ខ្ពស់​ជាងគេ​ ​បន្ទាប់មក​ ​គឺ​ថ្លើម​ ​ពោះវៀន​ ​ស្បែក​ ​និង​សាច់​។​

​អ្នក​បរិភោគ​ត្រី​ក្រពត​នេះ​ ​អាច​មាន​អាការៈ​ពុល​រយៈពេល២០នាទី​ ​ទៅ២ម៉ោង​ ​បន្ទាប់ពី​បាន​បរិភោគ​រួច​ ​ហើយ​រោគសញ្ញា​ទៅលើ​អ្នក​ដែល​ពុល​រួមមាន​៖​ ​រមាស់​ចា​ក់ៗ​នៅ​បបូរមាត់​ ​និង​មាត់​ ​ឈឺក្បាល​វិលមុខ​ ​រមាស់​ចា​ក់ៗ​នៅ​ចុង​អវៈយវៈ​ ​ពិបាក​និយាយ​ ​បាត់​លំនឹង​ដងខ្លួន​ ​ខ្សោយ​សាច់ដុំ​ ​ខ្វិន​ ​ស្ពឹក​ចុងដៃចុងជើង​ ​ក្អួត​ ​រាគ​ ​ល្ហិតល្ហៃ​ ​រឹង​ថ្គាម​ ​ជាដើម​។​

​នៅក្នុង​សេចក្តី​ជូនដំណឹង​នោះ​ ​លោក​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ ​ប្រុងប្រយ័ត្ន​ ​និង​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​ការ​ពុល​ចំណីអាហារ​ ​ពិសេស​ការ​រួមគ្នា​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​ចំណីអាហារ​ល្អ​គ្រប់​ៗ​គ្នា​ ​ចាប់តាំងពី​អ្នក​បរិភោគ​រហូតដល់​អ្នកបម្រើ​អាហារ​។

​លោក​បញ្ជាក់​ថា​ ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​នេះ​ ​មិន​អាច​កំចាត់​ចោល​បានទេ​ ​ទោះបីជា​បាន​ចំអិន​ ​ឬ​ដាក់ឲ្យ​កក​យ៉ាងណាក៏ដោយ​។​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​សុខាភិបាល​ថា​ ​គិត​ចាប់ពី​ឆ្នាំ២០១៧​ ​មកដល់​ដើមឆ្នាំ២០១៩នេះ​ ​មាន​ករណី​ពុល​ ​និង​បណ្ដាលឲ្យ​ស្លាប់​មនុស្ស៥នាក់​ហើយ​ ​ក្នុង​នោះ​ចំណោម​អ្នកជំងឺ​ចំនួន៤០នាក់​ ​ក្រោយពី​បរិភោគ​ត្រី​ក្រពត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close