ឯកឧត្តម​ ​សុខ​ ​ផល​ ​ចូលរួម​បិទ​សន្និបាត​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​

​ឯកឧត្តម​ ​សន្តិ​បណ្ឌិត​ ​សុខ​ ​ផល​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​បាន​អញ្ជើញ​ជា​អធិបតី​ ​បិទ​សន្និបាត​បូ​កស​រុល​លទ្ធផល​ការងារ​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​បន្ដ​ ​ឆ្នាំ២០១៩​ ​របស់​អគ្គនាយក​ដ្ឋាន​ ​អន្ដោ​ប្រវេសន៍​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ​ថ្នាក់ដឹកនាំ​នគរ​បាល​អន្ដោ​ប្រវេសន៍​ ​និង​មន្ដ្​រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀតផង​ដែរ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​ឯកឧត្តម​ ​សុខ​ ​ផល​ ​ក៏បាន​ណែនាំ​ដល់​នគរ​បាល​អន្ដោ​ប្រវេសន៍​ ​ពិសេស​នៅ​តាម​បណ្ដា​ស្នងការ​ដ្ឋាន​រាជធានី​-​ខេត្ត​ ​លើ​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ ​ដែល​កាន់កាប់​ដោយ​ជនបរទេស​ ​ខណៈ​ដែល​ឱ​សា​ទ​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ​លើ​បញ្ហា​នេះ​កាន់តែ​គៀក​នឹង​ផុតកំណត់​ទៅ​ហើយ​នោះ​។​

​ឯកឧត្តម​ ​សន្តិ​បណ្ឌិត​ ​បាន​គូសបញ្ជាក់​ថា​ ​រហូតមកដល់​ពេលនេះ​ ​ការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ ​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់​ក្នុង​កម្ពុជា​ ​ចំនួន៣៥,០០១ឯកសារ​ ​ស្មើនឹង៨៨.៧៩​%​ ​នៃ​ផែនការ​។​ ​បាន​ទទួលពាក្យ​សុំ​ប្រកាស​ទទួលស្គាល់​ជា​ ​ជនបរទេស​អន្តោប្រវេសន្ត​ ​(​ចាប់ពី​អាយុ១៨ឆ្នាំ​ឡើង​)​ ​បាន​ចំនួន​ ​៧៥,០៨៩នាក់​ ​ស្មើនឹង៥៩.៦៤​%​ ​ក្នុង​នោះ​ ​បាន​ចេញប្រកាស​ទទួលស្គាល់​ចំនួន២៩,១៨១​ ​ដែល​មាន​មនុស្ស​ ​៤៦,៣៨១នាក់​ ​(​១៤,៤៤៩គ្រួសារ​)​ ​។​ ​

​ដោយឡែក​ ​ការ​ទទួលពាក្យ​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ​បាន​ចំនួន​ ​៥៧,៤៤៤នាក់​ ​ស្មើ៤៥.៦២​%​ ​ដោយ​បាន​ផ្តល់​រួច​នូវ​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន​ ​១៨.៥៣០សន្លឹក​ ​ទទួល​បាន​ប្រាក់​អាករ​ពី​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន​ ​១១,១០៦,០០០,០០០រៀល​ ​បង់​ចូល​ថវិកាជាតិ​។​ ​នេះ​បើ​តាម​របាយការណ៍​ ​ដែល​បង្ហាញ​ដោយ​នាយ​ឧត្តមសេនីយ៍​ ​គៀត​ ​ច័ន្ទ​ថា​រិទ្ធ​ ​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍​ ​។​ ​

​ឯកឧត្តម​ ​នាយ​ឧ​ត្ត​សេនីយ៍​ ​គៀត​ ​ច័ន្ទ​ថា​រិទ្ធ​ ​អគ្គនាយក​អន្តោប្រវេសន៍​ ​បាន​បន្ថែម​ថា​ ​ឆ្នាំ២០១៨​ ​មាន​ជនបរទេស​ដែល​ការ​ស្នាក់នៅ​ ​និង​ធ្វើការ​ខុសច្បាប់​កើតមាន៧៧លើក​ ​មនុស្ស១៧៧នាក់​ ​(​ច្រើនជាង​គេ​វៀតណាម​ ​១៣៤នាក់​)​។​ ​

​ស្នាក់នៅ​លើស​រយៈពេល​កំណត់​ ​៨៦លើក​ ​មនុស្ស៨៦នាក់​ ​(​ច្រើនជាង​គេ​នីហ្សេរីយ៉ា​ ​៤៨នាក់​)​ ​កូរ៉េ​ខាងត្បូង០៧នាក់​ ​អង់គ្លេស០៥នាក់​។​ ​ស្នាក់នៅ​គ្មាន​ឯកសារ៥២លើក​ ​មនុស្ស១៤៧នាក់​ ​(​ច្រើនជាង​គេ​វៀតណាម​ ​៨៧នាក់​ ​ចិន០៨នាក់​ ​នីហ្សេរីយ៉ា០៧នាក់​ ​មីយ៉ាន់ម៉ា០៦នាក់​ ​និង​ឡាវ​ ​០៦នាក់​)​។​ ​ជួញដូរ​គ្រឿងញៀន៣១លើក​ ​មនុស្ស៥២នាក់​ ​(​ច្រើនជាង​គេ​ឡាវ១៥នាក់​ ​វៀតណាម១៤នាក់​ ​ថៃ១០នាក់​ ​ចិន០៥នាក់​ ​កូរ៉េ០៣នាក់​)​។​ ​

​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​ ​VOIP​ ​និង​ហ្គេម​អន​ឡាញ​ខុសច្បាប់​ ​១៤លើក​ ​មនុស្ស៤៨១នាក់​ ​(​ភាគច្រើន​ចិន៤០៣នាក់​ ​ម៉ាឡេស៊ី៤៨នាក់​)​។​ ​អំពើ​ហិង្សា​ ​២០លើក​ ​មនុស្ស២៨នាក់​ ​(​ច្រើនជាង​គេ​ចិន១៣នាក់​)​។​ ​អំពើ​អាសអាភាស​ ​និង​អ​ណា​ចារ្យ​ ​១៨លើក​ ​មនុស្ស២៥នាក់​ ​(​ច្រើនជាង​គេ​អង់គ្លេស០៦នាក់​)​ ​ក្រៅពីនោះ​បទ​ល្មើស​ផ្សេង​ៗ​ទៀត​ចំនួន​ ​៧២លើក​ ​មនុស្ស១២៩នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close