លោកស្រី អោង សានស៊ូជី ចាប់អារម្មណ៍លើសិលាចារឹកភូមាដែលមាននៅតំបន់អង្គរ
នៅក្នុងដំណើរទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩នេះ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសិលាចារឹកភូមា នៅក្នុងតំបន់អង្គរ។
នេះបើតាមការឱ្យដឹងពីសំណាក់ លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ដែលជាអ្នកបកស្រាយពន្យល់ផ្ទាល់ជូនដល់លោកស្រី អោង សានស៊ូជី អំពីប្រវត្តិប្រាសាទបុរាណខ្មែរ។
លោកអ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីអង្គរនេះ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្តែងការស្ញប់ស្ញែងចំពោះប្រាសាទបុរាណរបស់ខ្មែរនេះ។ ជាមួយគ្នាលោកស្រី អោង សានស៊ូជី គឺជាគណៈប្រតិភូជាន់ខ្ពស់ម្នាក់ដែលបានទស្សនាប្រាសាទ និងធ្វើការសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរយ៉ាងហ្មត់ចត់។ ក្នុងនោះលោកស្រីមានការចាប់អារម្មណ៍ខ្លាំងនៅពេលបានឃើញ សិលាចារឹកភូមាមាននៅក្នុងតំបន់អង្គរ ដែលសិលាចារឹកនេះបង្ហាញថា កម្ពុជា និងភូមាមានទំនាក់ទំនងតាំងពីសម័យបុរាណ។
បន្ទាប់ពីបានទស្សនាប្រាសាទដ៏អស្ចារ្យរបស់ខ្មែររួចមកលោកស្រី អោង សានស៊ូជី មានបំណងធ្វើកិច្ចប្រតិបត្តិការជាមួយកម្ពុជាក្នុងការតភ្ជាប់ទំនាក់ទំនងវិស័យទេសចរណ៍ គឺការតភ្ជាប់ក្រុងបាហ្គាន់(Bagan)របស់ភូមាមកក្រុងសៀមរាប ដើម្បីធ្វើឱ្យទំនាក់ទំនងវិស័យទេសចរណ៍នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។
លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា កម្ពុជា និងភូមា មានទំនាក់ទំនងគ្នាតាំងពីស័យបុរាណមកម្លេះ ព្រោះថា តាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា កន្លងមកបានប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា។ ក្នុងនោះទីតាំងដែលរកឃើញនោះមាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំក្បែរប្រាសាទបាយ័ន។ហើយបើតាមការសិក្សាគេបានរកឃើញថា អក្សរចារឹកដែលចារចាស់ជាងគេ គឺនៅដើមសតវត្សរ៍ទី២០។ អ្នកដែលបានមកចារខ្លះមកជាលក្ខណៈគ្រួសារ និងមកតែឯង ហើយអត្ថន័យជាទូទៅ គឺបញ្ជាក់ពីឈ្មោះអ្នកសរសេរ ពេលវេលា និងតំបន់ដែលពួកគេរស់នៅ។ ចំណែកនៅប្រាសាទបាយ័ន អ្នកដែលចារគឺព្រះសង្ឃភូមា ដែលលោកបានមកគោរពព្រះនៅក្នុងប្រាសាទ ជាពិសេសព្រះអង្គងោកតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។