ការឈឺចាប់របស់ស្ដ្រីនៅអាងត្រគាកមួយផ្នែកធម្មតាតែមួយផ្នែកធំជាបញ្ហា
រាជធានីភ្នំពេញ ៖ ការឈឺចាប់នៅអាងត្រគាកជាបញ្ហាជួបប្រទះញឹកញាប់ជាងគេក្នុងជីវិតរស់នៅរបស់ស្ត្រី ។ ស្ត្រីគួរចាប់អារម្មណ៍ថា ការឈឺចាប់នេះមួយចំណែកជារឿងធម្មជាតិរបស់ស្ត្រី (Physiological menses) ប៉ុន្តែមួយភាគធំ វាជារឿងមិនធម្មតា កើតឡើងដោយសារជំងឺផ្សេងៗ។ ខាងក្រោមនេះជាការបង្ហាញនូវរោគសញ្ញាទាក់ទងនឹងការឈឺអាងត្រគាក ៖
១-ការឈឺចាប់ជាខ្លាំងដែលពុំធ្លាប់មាន (Acute pelvic pain)៖ នេះជាសញ្ញាដែលគួរឱ្យចាប់អារម្មណ៍លើមូលហេតុដែលបណ្តាលមកពីជំងឺផ្សេងៗ ហើយចាំបាច់ត្រូវធ្វើការព្យាបាលជាបន្ទាន់ ។ ដកស្រង់ប្រសាសន៍ លោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់មែ៉តដែលបានធ្វើការកត់សម្គាល់ថា ជំងឺទាំងអស់នោះមានដូចជា៖
-ជំងឺដុំដៃស្បូន (Ovarian cyst) ដុំដៃស្បូនអាចរមូរ ឬក៏បែកដែលបណ្តាលឱ្យហូរឈាមពេញពោះ ។
-ជំងឺរលាកអាងត្រគាក (Pelvic inflammatory disease) វាបង្ករោគឡើងដោយបាក់តេរីនៅលើសរីរាង្គបន្តពូជស្ត្រី (ស្បូន ដៃស្បូន អូវែរ) ។
-អាចជាជំងឺរលាកខ្នែងពោះវៀន (Appendicitis) ជាទូទៅវាឈឺនៅផ្នែកអាងត្រគាកខាងក្រោម និងផ្នែកខាងស្តាំ ។
-ជំងឺរលាកស្រោមពោះ (Peritonitis) ជំងឺនេះវាមានសភាពធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវការព្យាបាលជាបន្ទាន់ បើពុំនោះទេវាអាចគ្រោះថ្នាក់ដល់អាយុជីវិត ។
-ជំងឺរលាកផ្លូវបង្ហូរនោម (Urinary tract infection) ជំងឺនេះជាទូទៅឈឺចាប់នៅអាងត្រគាក ហើយរាលដាលទៅផ្នែកខាងក្រោយ ជាពិសេសនៅពេលយើងបន្ទោបង់ទឹកនោម នឹងបណ្តាលឱ្យយើងនោមញឹក ។
-ជំងឺទល់លាមក (Constipation or bowel spasm) ជំងឺនេះកើតឡើងម្តងម្កាល ជាករណីកម្រ ប៉ុន្តែវាអាចធ្ងន់ធ្ងរដែលបណ្តាលឱ្យស្ទះពោះវៀន ។
-ជំងឺអាប់សែអាងត្រគាក (Pelvic abscess) វាបង្កឡើងដោយសារមានខ្ទុះនៅក្នុងអាងត្រគាក ជាពិសេសនៅដៃស្បូន តួស្បូន និងទ្វារមាស ដែលចាំបាច់ត្រូវមកសម្រាកនៅមន្ទីរពេទ្យ និងព្យាបាលជាបន្ទាន់ ។
២-ការឈឺចាប់អាងត្រគាករ៉ាំរ៉ៃ (Persistent or recurrent pelvic pain) ៖ ការឈឺចាប់នេះជាទូទៅពាក់ព័ន្ធនឹងវដ្តរដូវរបស់ស្ត្រី ជាពិសេសឈឺចាប់នៅពេលមានរដូវ ទៅតាមស្ត្រីម្នាក់ៗ និងអាចបណ្តាលមកពីជំងឺរួមផ្សំមួយចំនួនទៀតដូចជា៖
-ជំងឺអង់ដូមេទ្រីយ៉ូស (Endometriosis) ជំងឺនេះធ្វើឱ្យស្ត្រីមានការឈឺចាប់ជារឿយៗ រាល់ពេលមានវដ្តរដូវ ។
-ការរលាកអាងត្រគាករ៉ាំរ៉ៃ (Pelvic inflammatory disease) ភាគច្រើនបង្ករោគដោយមេរោគផ្សេងៗនៅលើសរីរាង្គបន្តពូជរបស់ស្ត្រីដូចជា Chlamydia ឬក៏Gonorrhoea ដែលតម្រូវឱ្យព្យាបាលដោយថ្នាំផ្សះ ។
-ការរលាកពោះវៀន (Irritable bowel syndrome) ដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារដែលបណ្តាលឱ្យឈឺពោះ ហើមពោះ រាគរូស និងទល់លាមកជាដើម ។
-ជំងឺគីសដៃស្បូន (Recurrent ovarian cysts) ដុំគីសនេះជាធម្មតាអាចកើតហើយបាត់ទៅវិញ អាស្រ័យទៅតាមអ័រម៉ូននៃវដ្តរដូវ ។
-ជំងឺស្រុតស្បូន (Prolapse of the womb) ជាទូទៅសរីរាង្គបន្តពូជរបស់ស្ត្រី ជាពិសេសនៅពេលមានវ័យចំណាស់ ត្រូវធ្លាក់ចុះតាមទ្វារមាសខុសទីតាំងធម្មតាចេញមកក្រៅតិច ឬច្រើនទៅតាមកម្រិតនៃជំងឺ ដែលបង្កឱ្យមានការឈឺចាប់រ៉ាំរ៉ៃ និងរំខានដល់ជីវភាពប្រចាំថ្ងៃរបស់ស្ត្រី ។
-ជំងឺដុំស្បូន (Fibroids or adenomyosis) ជំងឺនេះជាទូទៅ ឈឺស្ទុំៗ និងមានអារម្មណ៍តឹងណែននៅលើអាងត្រគាក ហើយអាចឈឺចាប់ខ្លាំងនៅពេលដុំនេះរមួល ដែលស្ត្រីត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា ។
៣-ការឈឺចាប់នៅអាងត្រគាកចំពោះស្ត្រីមានផ្ទៃពោះ (Pelvic pain in pregnant women) ស្ត្រីមានផ្ទៃពោះទាំងឡាយគួរចាប់អារម្មណ៍ការឈឺចាប់នេះអាចបណ្តាលមកពីជំងឺទាំងឡាយដែលរៀបរាប់ខាងលើក្នុងកំឡុងពេលគាត់មានផ្ទៃពោះ ប៉ុន្តែដោយឡែកស្ត្រីក៏អាចបណ្តាលមកពីគភ៌របស់គាត់ដូចជា៖
-ជំងឺកូនក្រៅស្បូន (Ectopic pregnancy) ជំងឺនេះកើតឡើងនៅត្រីមាសដំបូងនៃគភ៌ ហើយធ្វើឱ្យហូរឈាមនៅក្នុងពោះ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។
-ការរលូតកូន (Miscarriage threatening) កើតឡើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើឱ្យស្ត្រីមានការកន្ត្រាក់ស្បូន និងធ្លាក់ឈាមតាមទ្វារមាស ។
-កូនស្លាប់ក្នុងពោះ (MFIU) ជាទូទៅស្ត្រីជាម្តាយមានការឈឺពោះ ហើយទារកក្នុងផ្ទៃមិនកម្រើក ។ ស្ត្រីជាម្តាយត្រូវប្រញាប់មកជួបគ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រីជាបន្ទាន់ ដើម្បីពិនិត្យគភ៌ ។
-ការសម្រាលកូនមុនខែ (Premature delivery) ជាទូទៅកើតនៅត្រីមាសចុងក្រោយ ដែលស្ត្រីមានការឈឺចាប់នៅអាងត្រគាក កន្ត្រាក់ស្បូន និងមានធ្លាក់ឈាម ឬក៏ហូរទឹកភ្លោះ នៅមុនថ្ងៃកំណត់នៃការសម្រាល។ ប្រសិនបើស្ត្រីដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមមេត្តារួសរាន់មកពិគ្រោះ និងពិនិត្យសុខភាព ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។