រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុនព្រីនម៉ាណ័រ បង្កើតគម្រោងនាវាទេសចរណ៍ធំៗ តាមទន្លេមេគង្គ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់មជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត (Prince Manor Resort) លើគម្រោងរៀបចំដំណើរការនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យមានភាពល្អប្រសើរមួយកម្រិតទៀត។
សំណើនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជាមួយលោក ស៊ូ ជីស៊ីង (Xu Zhixing) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនរៀលអេស្តេតគ្រុប (Prince Real Estate Group) និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
មជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត មានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល (ចន្លោះផ្លូវជាតិលេខ១ និងទន្លេមេគង្គក្រោម)។
លោក ស៊ូ ជីស៊ីង បានលើកឡើងថា នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះ Prince Real Estate Group ចង់បើកសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតជាផ្លូវការ ទើបមកសុំការណែនាំពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមុន។ ចំពោះការលើកឡើងនេះ ត្រូវបានឯកឧត្ដមរដ្ឋមន្ត្រីបង្ហាញការពេញចិត្ត ប៉ុន្តែឯកឧត្ដមមានប្រសាសន៍ថាក្នុងខណៈនេះកម្ពុជាកំពុងស្ថិតក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះអាចនឹងរង់ចាំពេលវេលាសមស្របណាមួយ ដែលរាជរដ្ឋាភិបាលមានការអនុញ្ញាត។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញគោលបំណងចង់ឱ្យមាននាវាទេសចរណ៍ធំៗនៅរាជធានីភ្នំពេញ ដើម្បីនៅពេលមានកិច្ចប្រជុំធំៗលក្ខណៈអន្តរជាតិនានា កម្ពុជានឹងបានអញ្ជើញថ្នាក់ដឹកនាំមកពីអន្តរជាតិ និងរសម្ដេចតេជោ ហ៊ុន សែន ឡើងជិះលើនាវាទេសចរណ៍ ពិសាភោជនាហារ ទស្សនាទេសភាពល្អឯកតាមដងទន្លេមេគង្គ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យ Prince Real Estate Group សម្លឹងលើការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្នុងនោះក៏មានគម្រោងផែនការកសាងទីក្រុងសៀមរាបថ្មី គម្រោងទេសចរណ៍នៅខេត្តកំពង់ធំ ពិសេសជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកផងដែរ។
សូមជម្រាបថា ទន្លេមេគង្គហូរកាត់ពីតំបន់ទីបេ ប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមមានប្រវែងជាង ៤,០០០ គីឡូម៉ែត្រ ក្នុងនោះហូរកាត់ប្រទេសកម្ពុជាប្រមាណជាង ៤០០ គីឡូម៉ែត្រ ខណៈប្រជាជនប្រមាណ ៥,០០០,០០០ នាក់ក៏កំពុងទទួលផលពីទន្លេមេគង្គនេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងទៀតថា សក្ដានុពលធំនៅទន្លេមេគង្គមានវិស័យកសិកម្ម និងវិស័យទេសចរណ៍ ប៉ុន្តែកម្ពុជាមិនទាន់បានទាញសក្ដានុពលពីទន្លេមេគង្គបានច្រើននៅឡើយទេ ដូច្នេះហើយទើបក្រសួងទេសចរណ៍បានខិតខំជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅតាមដងទន្លេនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។