កូន​ទន្សោង​ញី​១​ក្បាល​ទៀត ប្រទះឃើញ​ស្លាប់ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​

​ខេត្តមណ្ឌលគិរី​៖ កូន​សត្វ​ទន្សោង​ញី​មួយ​ក្បាល ដែលមាន​អាយុប្រមាណ​ទើប ៣​ខែ​ទៅ ៤​ខែ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រកឃើញថា ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​លំផាត់​ក្នុង​ស្ថិតក្នុង ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បញ្ជាក់ថា កូន​សត្វ​ទន្សោង​ញី ដែល​ដេកស្លាប់​នេះ​មាន​របួស​ដាច់​កជើង​ក្រោយ​ខាងស្តាំ ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងថា តាម​ការត្រួតពិនិត្យ និង​វិនិច្ឆ័យ​របស់​មន្ត្រី​ឧ​ទ្យា​នុ​ក្ស ឃើញថា កូន​សត្វ​ទន្សោង (​ញី​) បាន​ស្លាប់​ប្រហែលជា ៤​ទៅ ៥​ថ្ងៃមុន​រកឃើញ​។ កជើង​ម្ខាង ក្រោយ​ខាងស្តាំ​ត្រូវបាន​ដាច់ និង​មាន​ស្នាម​បាក់ជើង​ជា​សញ្ញា​ជាប់អន្ទាក់​។ មាន​ស្ថានភាព​ស្អុយរលួយ​ខ្លាំង មិនអាច​ចូលទៅ​ជិត​បាន​។ តាម​ការសន្និដ្ឋាន​រប​ស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស គឺ​កូន​សត្វ​ទន្សោង​(​ញី​) ដែល​បាន ស្លាប់​នៅ​ចំណុច​ខាងលើ​បណ្តាលមកពី​ជាប់អន្ទាក់​ខ្សែកាប ដែល​ជនល្មើស បាន​លួច​ចូលមកក្នុង​ព្រៃ​តំបន់​ស្នូល​ខាងលើ ដើម្បី​ដាក់​អន្ទាក់​សត្វព្រៃ​គ្រប់​ប្រភេទ ក្រោយ​ពេលដែល​មន្ត្រី​ឧ​ទ្យា​នុ​ក្ស វិលត្រឡប់​ពី​ល្បាត​វិញ​។​

​ឯកឧត្តម ថា ចាប់តាំងពី​ខែមករា ដល់​ខែមិថុនា​នេះ សត្វ​ទន្សោង​ចំនួន​៥ ក្បាល​ហើយ​ដែល​បាន រកឃើញថា ស្លាប់​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ដែល​ក្នុងនោះ ១ ក្បាល​រកឃើញ​ស្លាប់​ដោយ ជាប់អន្ទាក់​នៅក្នុង​ខេត្តកំពង់ស្ពឺ ១ ក្បាល​ស្លាប់​ដោយ​ជាប់អន្ទាក់​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​៣​ក្បាល ក្នុង​តំបន់​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ដោយសារ​ការបាញ់ សម្លាប់ និង​កូន​ទន្សោង​ញី​១​ក្បាល​រកឃើញ​ស្លាប់​ក្នុង​ដែន ជម្រក​សត្វព្រៃ​លំផាត់​។​

​សូមជម្រាបថា ក្នុង​រយៈពេល ៤​ខែ ឆ្នាំ​២០២០ គឺ​ពី​ខែមករា​ដល់​ខែមេសា អន្ទាក់​ចំនួន ៨៩៥០ ត្រូវបាន​ដោះ ចេញពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង កាំភ្លើង​កែច្នៃ និង​ស្នា​តេះ​ដែល​ប្រើ​សម្រាប់​ការ​បរបាញ់​សត្វ ចំនួន ២៣៩ ដើម​ត្រូវបាន​ដកហូត​។ នៅ​ឆ្នាំ​២០១៩ កន្លងទៅ​អន្ទាក់​ជិត ២០០០០ ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​ដើម្បី​ការពារ​សត្វព្រៃ ដែល​កំពុង​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close