ភ្នំ​ទាក់​ទ្រាំង ជាប់​ឈ្មោះ ជា​ភ្នំ​ធម្មជាតិ​មួយ​ដ៏​លេចធ្លោ នៅ​កម្ពុជា​

​ភ្នំ​ទាក់​ទ្រាំង ស្ថិតនៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ យើង​អាចធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៧ ចេញពី​ក្រុង​បាត់ដំបង​ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន មកដល់​គីឡូ​លេខ​៤០ បត់​ចូល​តាមផ្លូវ​ក្រាល​គ្រួសធម្មជាតិ ចំងាយ​ជិត ៤​គីឡូម៉ែត្រ​នឹង​ទៅដល់​ភ្នំ​ទាក់​ទ្រាំង​។​

​ភ្នំ​ទាក់​ទ្រាំង មានតម្លៃ​ផ្នែក​ប្រវត្តិសាស្ត្រ និង​វប្បធម៌​៖ ជា​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​តែមួយ គត់​នៅ​ខេត្តបាត់ដំបង ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ បំណែក​ថ្ម និង កម្ទេចកម្ទី​កុលាលភាជន៍​ទាក់ទង​នឹង​ការតាំង​លំនៅ​ក្នុង​រូងភ្នំ​របស់​មនុស្ស​នៅ​សម័យ​យុគ​ថ្ម​បំបែក​។ គេ​បាន​រកឃើញ​ផ្នូរ​បុរាណ​ចំនួន ២ អាយុកាល ជាង ៣៣០០​ឆ្នាំ និង​វត្ថុ​បុរាណ​ជាច្រើន​នៅ​ជិត​ផ្នូរ​ដូចជា ផ្តិល កាំបិត ពូថៅ ធ្វើ​ពី​ថ្ម​រំលីង និង​ថ្ម​រឹង បំណែក​ឆ្អឹង​សត្វ​រមាស ពពែ ក្តាន់ និង​ប្រើស​។​

​សារ​:​សំខាន់​ផ្នែក​សណ្ឋាន​ដី និង​ភូ​គ​ម្ភ​សាស្ត្រ​៖ យោងតាម​គេហទំព័រ កេរដំណែល ភ្នំ​ទាក់​ទ្រាំង​កកើតឡើង​នៅ​ចុង​ស័ក​ទី​១ សម័យ​ពែ​មី​ញៀ​ង ដែលមាន​អាយុកាល​ប្រហែល​៣០០​លាន​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​។ ក្នុង​ភ្នំ​នេះ មាន​ល្អាង​ធំ​មួយ ដែល​គេ​ហៅ ថា​ល្អាង​ស្ពាន​។​ល្អាង​ស្ពាន​នេះ បង្កើតឡើង ដោយ​ធម្មជាតិ មាន​រាង​ដូច​ស្ពាន ទាក់ទាញ​ណាស់​ដល់​មនុស្ស​គ្រប់រូប ចង់ឃើញ និង​មើល​ផ្ទាល់​។​

​ផ្នែក​ជីវ​:​ចម្រុះ ភ្នំ​នេះ​គ្របដណ្តប់​ដោយ​ដើមឈើ និង​រុក្ខជាតិ​ដែលមាន​ពណ៌​ខៀវស្រងាត់ តែ​នៅ​មិនទាន់​ដឹងថា​ទីជម្រក​ធម្មជាតិ​នេះ​មាន​ជីវៈចម្រុះ ជាពិសេស ប្រភេទ​សត្វ​និង​រុក្ខជាតិ​ប៉ុន្មាន​ជា​ប្រភេទ​រង​ការគំរាមកំហែង ដែលមាន​តម្លៃ​លេចធ្លោ​ជា​សាកល សម្រាប់​អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ច្បាប់​(​លេខ​៦៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០) អនុញ្ញាតឱ្យ​ក្រសួងបរិស្ថាន​រៀបចំ​អភិរក្ស​ភ្នំ​ទាក់​ទ្រាំង​ទំហំ​៧៩,៨២​ហិកតា ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ សម្រាប់​ជា​មរតក​មនុស្ស​គ្រប់​ជំនាន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close