ឯក​ឧ​ត្ត ប៉ាន សូរ​ស័ក្តិ ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​បី ឆ្លើយតប​ទៅនឹង​កូ​វីដ​១៩

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​បី ឆ្លើយតប​ទៅនឹង​កូ​វីដ​១៩ ដែល​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម ត្រាន់ ទាន់ អាន់ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ដែលជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជប៉ុន សាធារណរដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​កូរ៉េ និង​អគ្គលេខាធិការ​អាស៊ាន​ផងដែរ ដោយ​ទទួលបាន​លទ្ធផល​សំខាន់ៗ​ដូចខាងក្រោម​៖
១) កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​៖ កិច្ចប្រជុំ​បានកត់សម្គាល់ និង​ពិភាក្សា​លើ​សំណើ​ក្នុង​ការបង្កើត​គណៈកម្មកា​រ​ពិសេស​ជាន់ខ្ពស់​ស្តីពី​ការឆ្លើយតប​កូ​វីដ​១៩ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​។ កិច្ចប្រជុំ​ក៏បាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩ និង​ពិភាក្សា​លើ​ការពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន និង​ការតភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​១៩​។ ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចែករំលែក និង​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​ជា​សមាជិក​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ប្រើប្រាស់​ឧ​ស្សហកម្ម​៤.០ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដែល​បានកំណត់​។​
២) កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​បី​៖ បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​បី​បាន​ផ្លាស់ប្តូរ​យោបល់​ពី​ស្ថានភាព​នៃ​កូ​វីដ​១៩ នៅក្នុង​តំបន់ ចែករំលែក​ពី​វិធានការ​នានា​ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​កូ​វីដ​១៩​។ ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យមាន​ការឆ្លើយតប​ដ៏​រហ័ស និង​ស្របគ្នា និង​កិច្ច​សហការគ្នា​តាមរយៈ​យន្តការ​អាស៊ាន​បូក​បី ដែលមាន​ស្រាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ និង​បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន កូរ៉េ ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ទប់ទល់​នឹង​កូ​វីដ​១៩ តាមរយៈ​ជំនួយ​ហិរញ្ញវត្ថុ បច្ចេកទេស និង​គ្រូពេទ្យ ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close