៦ខែ ដើមឆ្នាំនេះ ក្រសួងបរិស្ថាន ដោះអន្ទាក់បានជាង ២ម៉ឺនអន្ទាក់ ក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថា ន បានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពីតំបន់ការពារធម្មជាតិ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ពោលគឺពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០,១៧៩ អន្ទាក់ ត្រូវបានដោះយកចេញ មានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅឆ្នាំ២០១៩ កន្លងទៅ អន្ទាក់ចំនួនជាង ៤ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។
ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឡើង ក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអ្នកសារព័ត៌មាន ទៅកាន់ស្នាក់ការល្បាតស្ទឺងព្រាត់ ក្នុងឧទ្យានជាតិភ្នំក្រវាញខាងត្បូង ស្ថិតក្នុស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០។
ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ចំនួន ៣២ ៣២២អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ (ខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០)។
អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់ គឺជាឃាតករលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពីលើផែនដីយើងនេះ។
ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ការដាក់អន្ទាក់ ចាប់សត្វ សូមបងប្អូនប្រជាព លរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថា បរិភោគសាច់សត្វ ឈាម ឬយក ឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំង ឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈម មុ ខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។
ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ ននិងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការបង្កើនជីវភាព ប្រជាសហគ មន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។