“​ប្រាសាទព្រះវិហារ ប្រៀប​ឋាន​តុសិត ដូច​ទេព​និមិត្ត លើ​ដែន​កម្ពុជ​”

​ព្រះវិហារ​៖ ទស្សនា​ថ្ងៃ​រះ​នា​ប្រាសាទព្រះវិហារ ប្រៀបបាន​ឋាន​តុសិត បានមក​ប្រ​ដិ​ស្ឋា​ន​អោយ​យើង​បានឃើញ​ច្បាស់​នៅ​នឹង​ភ្នែក នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​ជាមួយនិង​ពន្លឺ​ពណ៌​មាស ចែងចាំង​លើ​ភ្នំ​ហ៊ុំព័ទ្ធ​ទៅដោយ​លំហូរ​នៃ​ពពក ក្រោម​ចង្កេះភ្នំ​ប្រាសាទព្រះវិហារ ទិដ្ឋភាព​ទាំងនេះហើយ​អោយ​យើង​ប្រៀប​ប្រាសាទព្រះវិហារ​ទៅនឹង​ឋានសួគ៌​នៃ​អាទិទេព ដូច​ទៅនឹង​អ្វីដែល​បុព្វបុរស​យើង​បាន​សាង​ថ្វាយ​ចំពោះ​ព្រះអាទិទេព​ព្រះនាម​ព្រះ​ស្រី​សិខរី​ស្វរៈ ដែល​ប្រែ​ថា អាទិទេព​នៃ​កំពូលភ្នំ នោះ​មែន​។​

​ប្រាសាទព្រះវិហារ ត្រូវបាន​ចាប់ផ្តើម​កសាង​ឡើង​ដំបូង នៅ​ដើម​សតវត្ស​ទី​៩ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​២ (៨០២-៨៥០) រហូតដល់​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ (១១១៣-១១៥០)​។ ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២ (៨៤៤-៩៦៨) បា​នស​សេ​រថា ព្រះអង្គម្ចាស់​ឥន្ទ្រា​យុទ្ធ ជា​ព្រះ​បុត្រា​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​២ បាន​ទៅធ្វើ​តបៈ​នៅ​ភ្នំ​លិង្គ​ប​ព៌​ត​(​ប្រាសាទ​វត្ត​ភូ​ចំប៉ា​សាក់​ប្រទេស​ឡាវ​) ហើយ​បាន​នាំយក​លិង្គព្រះឥសូរ​ពី​ថ្ម​លិង្គ​ភ្នំ​ធម្មជាតិ (​ស្វយម្ភូ​លិង្គ​) មក​តម្កល់​នៅលើ​ភ្នំ​ព្រះវិហារ​ក្នុង​ព្រះនាម​អាទិទេព ព្រះ​ស្រី​សិខរី​ស្វរៈ ដែល​មានន័យថា​អាទិទេព​នៃ​កំពូលភ្នំ​។ ស្រី​សិខរី​ស្វរៈ​នេះហើយ ដែល​ហៅ​ចំពោះ​លិង្គព្រះឥសូរ​តម្កល់​នៅ​ប្រាសាទព្រះវិហារ និង​ជា​ឈ្មោះ​ប្រាសាទព្រះវិហារ​សម័យបុរាណ​ផង​។ ប្រាសាទព្រះវិហារ​សាងសង់​សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះ​ឥសូរ ក្នុង​សាសនាព្រាហ្មណ៍ ។​

​ប្រាសាទព្រះវិហារ មិន​គ្រាន់តែ​ជា​មោទកភាព​ក្នុង​ផ្នែក​សិល្បៈ​វប្បធម៌​ប៉ុណ្ណោះ​ទេ ប្រាសាទព្រះវិហារ​ជា​មោទកភាព​ដល់​ធំធេង ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​ខ្មែរលើ​គ្រប់​វិស័យ និង​ជា​សក្ខីភាព​នៃ​មហាអំណាច​របស់​ខ្មែរ នៃ​ការគ្រប់គ្រង ដ៏​ល្អប្រសើរ​មួយ ដែលមាន​ទ្រឹស្តី​ពិតប្រាកដ​និយម មាន​ចក្ខុវិស័យ​ល្អ​ខ្ពង់ខ្ពស់ ជា​សក្ខីភាព​នៃ​សេចក្តី​អង់អាច​ក្លាហាន ពូកែ​របស់​ខ្មែរ​ចេះ​បន្តវេន​គ្នា​ឱ្យមាន​ចីរភាព​។ កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​ប្រទេស​ខ្មែរ​មាន​ទឹកដី​ដ៏​ធំ​ទូលាយ​ក្លាយជា​អាណាចក្រ​មួយ​យ៉ាង​ធំ​នៅ​អាស៊ីអាគ្នេយ៍​។​

​ប្រាសាទព្រះវិហារ​ត្រូវបាន​សម្រេច​ដាក់ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុងសម័យ​ប្រជុំ​លើក​ទី​៣២ នៅក្នុង​ទីក្រុង​កេ​បិ​ក ប្រទេស​កាណាដា នា​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ដោយ​អង្ការ UNESCO៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close