ជប៉ុន ផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន ១៥​គ្រឿង ក្នុងតម្លៃ​ទឹកប្រាក់ ៤,៥​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​គ្រឿងចក្រ​សាងសង់ ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក SUGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា តំណាង​ក្រុមហ៊ុន Marubini Protechs (TBC) ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ជប៉ុន បានផ្តល់​ជំនួយ​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន រួមមាន​៖ ផ្លូវជាតិ លេខ​៦ ផ្លូវជាតិ លេខ​៧ និង​ផ្លូវជាតិ​លេខ​១ ប្រវែង​សរុប ២៥៤,៣​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩,១​លាន​ដុល្លារ អាមេរិក ស្ពាន​គី​ហ្សូ​ណា និង​ស្ពាន​ត្សឹ​បា​សា​ប្រវែង​សរុប ៣៥៧៥ ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ​១៨៦ លាន​ដុល្លារ​អាមេរិក និង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ប្រវែង​សរុប​១០៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​តាមរយៈ ឯកឧត្តម​ឯកអគ្គរាជទូត MIKAMI Masahiro ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជប៉ុន ដែលជា​និច្ចកាល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី បច្ចេកទេស ឥណទាន​កម្ចីសម្បទាន និង​ជំនួយឥតសំណង​ជា​បន្តបន្ទាប់​សម្រាប់​សាងសង់ ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​-​ស្ពាន និង​កំពង់ផែ​អន្តរជាតិ សម្រាប់​ជួយ​សម្រួល​ដល់​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ​សំដៅ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច អភិវឌ្ឍ​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្តល់ជំនួយ​នេះ​មាន​ឈ្មោះថា ជំនួយឥតសំណង​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​គ្រឿងចក្រ Marubini Protechs ក្នុងតម្លៃ​ទឹកប្រាក់​៥០០​លាន​យ៉េន​ជប៉ុន ស្មើនឹង​ប្រមាណ​៤,៥ លាន​ដុល្លារ​អាមេរិក ដែល​រួមមាន​៖ គ្រឿងចក្រ​ចំនួន​១៥ គ្រឿង​គឺ​៖ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ​ថា ការប្រើប្រាស់​ម៉ាស៊ីន Stabilizer មាន​ប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ ចំណាយ​លើ​ការថែទាំ​ផ្លូវ បើ​ប្រៀបធៀប​នឹង​មធ្យោបាយ​ធម្មតា ពោលគឺ​ចំណាយពេល​ខ្លី​ក្នុង​ប្រតិបត្តិ​ការសាងសង់​ពុំ​សូវ​មានការ​បំពុលបរិស្ថាន (​ការ​ហុយធូលី​ក្នុងពេល​សាងសង់​) ផ្លូវ​អាច​ប្រើប្រាស់​បានយូ​អង្វែង បន្ទាប់ពី​ទទួលបាន​ការពង្រឹង​ដោយ​ប្រើ​ម៉ាស៊ីន Stabilizer​។​

​បច្ចុប្បន្ននេះ ជប៉ុន​កំពុង​ផ្ដល់ជំនួយ​ឥត សំណង​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​កំពុង​ប្រឈម​នឹង​ទឹកជំនន់​ដែល​សាងសង់​ស្ពាន​ចំនួន ៧​កន្លែង​ស្ថិតក្នុង​ខេត្តព្រៃវែង និង​ខេត្តក្រចេះ ចំណាយ​ថវិកា​ប្រមាណ ៣៥​លាន​ដុល្លារ អាមេរិក និង​ផ្លូវជាតិ​លេខ​៥ ប្រវែង​សរុប ៣៦៦​គីឡូម៉ែត្រ ក្នុង​ទំហំ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ អាមេរិក​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close