ឯកឧត្តម វេង សាខុន ចុះពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែប នៅស្រុកប្រាសាទបាគង
កាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានអញ្ជើញដំណើរមកពិនិត្យកសិដ្ឋានបង្កាត់-ភ្ញាស់កង្កែបរបស់លោក គង់ គីមឆាវ នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។
លោក គង់ គីមឆាវ បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅឆ្នាំ២០១៦ គាត់បានត្រលប់ទៅស្រុកកំណើតវិញជាមួយ នឹងកង្កែបមេពូជចំនួន ៣០គូរ។ ដោយសារចំណង់ចំណូលចិត្ត និងឆន្ទ:តស៊ូមោះមុត បច្ចុប្បន្ន គាត់មានលទ្ធភាពបង្កើនមេពូជកង្កែបរហូតដល់ទៅ ៣០០០គូរ/ឆ្នាំ។
លោកបានប្រើប្រាស់ប្រាក់ ចំណេញធ្វើការកែលម្អកន្លែងបង្កាត់ភ្ញាស់របស់គាត់ជាអាំងស៊ីម៉ង។ លោក គីម ឆាវ ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថាជាវារីវប្បករគំរូម្នាក់ក្នុងខេត្តសៀមរៀមរាប ដែលទទួលបានជោគជ័យអាជីវកម្មខ្នាតតូច និងមធ្យម។
យុវជនរូបនេះ បាននិយាយថាទីផ្សារកូនកង្កែបកំពុងមានការកើន ឡើងស្ទើរគ្រប់បណ្តាខេត្តមកបញ្ជាទិញតាម YouTube និង Facebook ដោយលក់ ១គូក្នុងតម្លៃ ៥-៦០ ០០០រៀល ប៉ុន្តែកសិដ្ឋានមិនទាន់បញ្ចេញលក់ច្រើន ដោយសារទុកពង្រីកបន្ថែម។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ លើកទឹកចិត្ត និងជូនពរឲ្យអាជីវកម្មចិញ្ចឹមកង្កែបនេះ ទទួលបានជោគជ័យជាបន្តបន្ទាប់ និងស្នើសុំឲ្យលោក គីមឆាវ ជួយចែករំលែកបទពិសោធន៍ល្អៗដល់អ្នកទើបចាប់ផ្តើមចិញ្ចឹម និងលក់ចែកចាយពូជ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់និស្សិតដែលទើបបញ្ចប់ការសិក្សា គួរចាប់យក ឬបង្កើតមុខរបរទៅតាមជំនាញរបស់ខ្លួនមួយដើម្បីមានការងារធ្វើ និងមានប្រភពចំណូល ចៀសវាងធ្វើចំណាកស្រុក និងជាពិសេសគួរឆក់យកឱកាសមាសនេះ ដោយប្រើប្រាស់សក្តានុពលរបស់ខ្លួនដែលទទួលបានពីសាលា។
តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ការអនុវត្តគម្រោងវារីវប្បកម្មឆ្លើយតបទៅ នឹងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ កម្មវិធី CapFish Aquaculture គឺជាសកម្មភាពការងារគម្រោងអភិវឌ្ឍន៍មួយ ដែលត្រូវបានរៀបចំដំណើរការធ្វើឡើងនៅក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកវារីវប្បកម្ម ដែលទទួលបានហិរញ្ញប្បទានពីសហ គមន៍អឺរ៉ុប។ សកម្មភាពការងារអភិវឌ្ឍន៍របស់គម្រោងមានគោលដៅផ្តោតជាសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍផលិតកម្មវារីវប្បកម្មឱ្យដំណើរការបានលឿនឆាប់រហ័ស ហើយអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាសន្តិសុខស្បៀងនៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺ រាតត្បាតកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។