ក្រសួងកសិកម្ម ណែនាំ​ពី​ការចូល​រួមសហការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កិច្ច​អន្តរាគមន៍​ស្តារ​ការខូចខាត​ឡើងវិញ នៃ​ផលិតកម្ម​កសិកម្ម​

​ភ្នំពេញ​៖ ថ្មីៗ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សង្កេតឃើញថា ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល ដោយមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ នៅ​ទូទាំងប្រទេស ដែល​ធ្វើឱ្យ​តំបន់​មួយចំនួន ទទួលរង​នូវ​បាតុភូត​គ្រោះធម្មជាតិ​បង្កឡើង​ដោយ​ទឹកជំនន់​ទឹកភ្លៀង ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង​ខេត្ត​ភាគ​ខាងជើង​ប្រទេស​។ ស្ថានភាព​នេះ បានធ្វើឱ្យ​ខូចខាត​ជា​រូបវន្ត ខាតបង់​ថវិកា ប៉ះពាល់​លើ​សេដ្ឋកិច្ច សង្គម និង​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស​បង្កឱ្យមាន​កា​រ​ខូចខាត​ជាយថាហេតុ ដល់​ដំណាំ​កសិកម្ម ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​។

ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​ជួបប្រទះ និង​ការធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​រស់នៅ​ដោយ​សុវត្ថិភាព និង​ភាព​ធន់​គ្រោះមហន្តរាយ​នោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

​ទី​១៖ គ្រប់​អង្គភាព​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ត្រូវ​ចូលរួម​សម្របសម្រួល និង​ធ្វើ​ប្រតិបត្តិការ ឆ្លើយតប​គ្រោះអាសន្ន និង​ការ​ស្តារឡើងវិញ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ចាត់វិធានការ​បញ្ចៀស បង្ការ និង​ទប់ស្កាត់​ការខូចខាត​ដែល​បណ្តាល​មក ពី​គ្រោះទឹកជំនន់​តាម​លទ្ធភាព​ជាក់ស្តែង ព្រមទាំង​ធ្វើការ​ស្តារឡើងវិញ​ឱ្យបាន​ប្រសើរ​ជាង​មុន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ភាព​ធន់​ទៅនឹង​មុខសញ្ញា​គ្រោះថ្នាក់​នានា ក្នុង​បរិបទ​នៃ​ហានិភ័យ​គ្រោះមហន្តរាយ​កើនឡើង​។​

​ទី​២៖ អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវ​ពិនិត្យ តាមដាន និង​វាយតម្លៃ​ផលប៉ះពាល់​នៃ​ការខូចខាត​ដំណាំ និង​ត្រៀមលក្ខណៈ​បញ្ចេញ​គ្រាប់​ពូជស្រូវ និង​ពូជ​ដំណាំ​ផ្សេងៗ ពី​សន្និធិ​នៃ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា សម្រាប់​កិច្ច​អន្តរាគមន៍​ស្តារ​ការខូចខាត​ឡើងវិញ តាម​ស្ថានភាព​ជាក់ស្តែង​។​

​ទី​៣៖ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ត្រូវ​សម្របសម្រួល​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ភាគី​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ត្រៀម​ប្រចាំការ​នៅ​កន្លែង​ទីទួល​សុវត្ថិភាព ដើម្បី​ពិនិត្យ​សុខភាព​សត្វ ចាត់វិធានការ​ប​ស៊ី​ពេទ្យ ធានា​បង្ការ ការពារ​ជំងឺ​សត្វ និង​ការផ្តល់​ចំណី​សត្វ​។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ត្រៀម​ថ្នាំ​ការពារ ព្យាបាល សម្ភារ​បសុព្យាបាល​ចំណី​សត្វ ឱ្យបាន​គ្រប់គ្រាន់ និង​ត្រៀម​ទីទួល​ខ្ពស់​មិន​លិច​ទឹក ដើម្បី​ជម្លៀស​សត្វ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ និង​សង្គ្រោះ​សត្វ​។​

​ទី​៤៖ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ត្រូវ​តាមដាន​ជាប្រចាំ​នូវ​ស្ថានភាព​ទឹកជំនន់ ត្រៀមលក្ខណៈ​សង្គ្រោះបន្ទាន់ វាយតម្លៃ​ផលប៉ះពាល់ និង​ការខូចខាត​ជា​បណ្តើរ ដើម្បី​ទទួលបាន​តួលេខ​ពិតប្រាកដ​ដោយ​ក្តាប់​ឱ្យបាន​ទីតាំង និង​ស្ថានភាព​ភូមិសាស្ត្រ​ដែលមាន​លទ្ធភាព​អាច​ស្តារ​នូវ​ការខូចខាត​បាន​។​

​ទី​៥៖ គ្រប់​អង្គភាព​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​ត្រូវ​បង្កើន​យុទ្ធនា​ការជំរុញ​ការដាំដុះ​ដំណាំ​រយៈពេល​ខ្លី ការចិញ្ចឹម​សត្វ និង​ការងារ​វារីវប្បកម្ម នៅតាម​បណ្តា​ខេត្ត​ដែល​បាន​នឹង​កំពុង​រង​ផលប៉ះពាល់ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យបាន​ល្អប្រសើរ​។​

​ទី​៦៖ នាយក​កម្មវិធី និង​គម្រោង​អភិវឌ្ឍន៍​នានា​ត្រូវ​សហការ និង​ព​នឿន​ការអនុវត្ត​កម្មវិធី ឬ​គម្រោង​នានា ក្នុងការ​ស្តារឡើងវិញ​នូវ​ផលប៉ះពាល់​នៅតាម​បណ្តា​ខេត្ត​គោលដៅ​របស់ខ្លួន​។​

​និង​ទី​៧៖ ត្រូវ​រាយការណ៍​អំពី​ផលប៉ះពាល់ និង​បញ្ហា​ប្រឈម​មក​ក្រសួង​ឱ្យបាន​ទាន់ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close