ឯកឧត្តម វេ​ង សាខុន ចុះ​ពិនិត្យ​ផលប៉ះពាល់​ដំណាំ​ស្រូវក្នុងខេត្តចំនួន៣ រងគ្រោះដោយទឹកជំនន់

​ស្ថិតក្នុង​ស្ថានភាព​នៃ​គ្រោះទឹកជំនន់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ និង​សត្វពាហន​:​របស់​ប្រជាកសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុងនាម​ក្រសួង​ទទួលខុសត្រូវ​លើ​សន្តិសុខ​ស្បៀង នា​ព្រឹក​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន អមដំណើរ​ដោយ​សហការី និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​អញ្ជើញ​ចុះមក​ពិនិត្យ និង​វាយតម្លៃ​លើ​ផលប៉ះពាល់​ដំណាំ​ស្រូវ ដែល​បណ្តាលមកពី​គ្រោះទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។​

​ចុះ​ពិនិត្យឃើញ​ទិដ្ឋភាព​នៃ​គ្រោះមហន្តរាយ​លើ​ដំណាំ​ស្រូវ នៅ​ភូមិ​ពោធិ​វង្ស ឃុំ​ពោធិ​វង្ស ស្រុក​កណ្តៀង ឯកឧត្តម​រដ្ឋមន្ត្រី ចំពោះមុខ​បាន​បញ្ជា​ឲ្យ​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បញ្ចេញ​ស្រូវពូជ​ចំនួន ២៩​តោន ជាបន្ទាន់​យកមក​ដោះស្រាយ​បឋម​ជូន​ប្រជាកសិករ​។

អគ្គនាយកដ្ឋាន​កសិក​ម្ម មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចុះមក​តាមដាន​ស្ថានភាព​គ្រោះទឹកជំនន់​នេះ​ឲ្យ បាន​ជាប់​ជាប្រចាំ រួច​វាយតម្លៃ​ផលប៉ះពាល់​ជារួម​ទូទាំង​តំបន់​ដែល​ទទួលរង​គ្រោះ​នេះ បន្ទាប់មក​ត្រូវដាក់​សំណើ​ស្រូវពូជ​ជូន​មក​ក្រសួង​ដើម្បី​ធ្វើការ​ពិនិត្យ​ដោះស្រាយ​តាម​ការចាំបាច់​។

តាម​ការប៉ាន់ប្រមាណ​ប​ឋ​ម​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ថា​ខេត្តពោធិសាត់​អាច​ត្រូវការ​ស្រូវពូជ​ប្រហែល ៦០០​តោន​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទូទាំង ២៤ រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​លេខ ៤០២ ស​ណន​. កសក ចុះ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្តីអំពី “​ការចូល​រួមសហការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កិច្ច​អន្តរាគមន៍​ស្តារ​ការខូចខាត​ឡើងវិញ​នៃ​ផលិតកម្ម​កសិកម្ម​” ។​

​យោង​លើ​របាយការណ៍​របស់​ម​ន្ទីរ​បាន​បង្ហាញថា បច្ចុប្បន្ន​ខេត្តពោធិសាត់​កំពុង​ទទួលរង​នូវ​គ្រោះមហន្តរាយ​ទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ផលដំណាំ និង​សត្វពាហន​:​របស់​ប្រជាកសិករ ក្នុងស្រុក​/​ក្រុង​ចំនួន ៦ គឺ​ស្រុក​កណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តា​លោ​មានជ័យ និង​ក្រុង​ពោធិសាត់​។ ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្តបាន ១៤៥ ៣៤២​ហ​.​ត ក្នុងនោះ​ផ្ទៃដី​ចំនួន ២៦ ៩៥០​ហ​.​ត ត្រូវបាន​ទទួលរង​នូវ​ផលប៉ះពាល់ ហើយ​ផ្ទៃដី​ចំនួន ៦ ១៤៣​ហ​.​ត ត្រូវបាន​ខូចខាត​ទាំងស្រុង​។ ដោយឡែក​ដំណាំ​រួមផ្សំ ឈើ​ហូប​ផ្លែ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ១០ ០៨២​ហ​.​ត និង​ផ្ទៃដី​ខូចខាត​ទាំងស្រុង​មាន ចំនួន ២ ៤៩៤​ហ​.​ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close