ក្រសួងកសិកម្មគ្រោងសិក្សាគុណភាពដី និងបែងចែកតំបន់ដាំដុះច្បាស់លាស់
ក្រសួងកសិកម្មបាន និងកំពុងរៀបចំសិក្សាគុណភាពដី និងបែងចែកតំបន់ដាំដុះឲ្យបានច្បាស់លាស់ដើម្បីលើកស្ទួយផលិតភាពកសិកម្ម និងងាយស្វែងរកទីផ្សារកសិផលកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ ធ្នូ ថា ក្រសួងបានរៀបចំកិច្ចប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីពិនិត្យ និងសិក្សារួមគ្នា ក្នុងការរៀបចំច្បាប់គ្រប់គ្រងដីកសិកម្ម ដែលជាការងារមានវិសាលភាពធំធេងទាមទារឲ្យមានការគ្រប់គ្រងដីកសិកម្ម និងតំបន់ដាំដុះឲ្យបានច្បាស់លាស់ ក្នុងគោលដៅងាយស្រួលប្រមូលផល និងងាយស្វែងរកទីផ្សារ ។ ក្រសួងក៏កំពុងគ្រោងរៀបចំប្រភេទដី និងសិក្សាឲ្យបានច្បាស់លាស់ដើម្បីងាយដឹងពីការប្រើប្រាស់ជី បញ្ចៀសការប្រើប្រាស់ជីមិនត្រឹមត្រូវ និងកាត់បន្ថយការចំណាយទុនទៅលើដីដើម្បីបង្កើនផលិតភាព ។
លោកបន្តថា ៖ « តាមរយៈច្បាប់គ្រប់គ្រងដីកសិកម្ម ក្រសួងនឹងឈានទៅធ្វើការផាកពិន័យចំពោះម្ចាស់ដីដែលមានទំហំ៣ហិកតាឡើងផងដែរ ប្រសិនជាដីរបស់ពួកគេមិនធ្វើការដាំដុះ ។ ការគ្រប់គ្រងការជីករណ្តៅដី ធ្វើឲ្យខូចគុណភាពដី ការទប់ស្កាត់ការជួលដីនៅតាមព្រំដែន ហើយប្រសិនជាម្ចាស់ដីជួលដី ពួកគេនឹងត្រូវមានទោសទណ្ឌផងដែរ » ។
ទោះជាយ៉ាងណា ច្បាប់គ្រប់គ្រងដីកសិកម្ម ស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ មិនដឹងបញ្ចប់នៅពេលណាទេ ។
លោក វេង សាខុន មានប្រសាសន៍ថា ៖ « នៅពេលមានច្បាប់ យើងអាចស្វែងរកជំនួយបានច្រើន ហើយការងារនេះទាមទារការចូលរួមពីប្រជាពលរដ្ឋ ការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលនានា និងគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ។ ប្រសិនជាមិនមានការចូលរួមគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋយើងមិនអាចធ្វើអ្វីបានទេ » ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ទាក់ទងនឹងបញ្ហាផែនការនេះ ទាល់តែមានគោលការណ៍ និងការរៀបចំផែនការច្បាស់លាស់ មិនមែនមានតែទ្រឹស្តីនោះទេ ព្រោះផែនការនេះ លោកបានឮតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយទេ ។ គំនិតផ្តួចផ្តើមនេះពិតជាល្អ ប៉ុន្តែលោករង់ចាំមើលលទ្ធផលសិន មុននឹងនិយាយតទៅទៀត ។
លោកបានលើកជាសំណួរថា នៅកម្ពុជាមានដំណាំស្រូវច្រើនហើយ តើយើងគួរបន្ថយដំណាំស្រូវ ហើយងាកមកដាំដំណាំអ្វីផ្សេងឬទេ? បើមានផែនការ គួរសិក្សាពីបច្ចេកទេសដាំដុះឲ្យបានច្បាស់លាស់ និងសិក្សាពីទីផ្សារថា មានតម្រូវការឬទេ ។
លោកបន្តថា ៖ « ពេលសិក្សាច្បាស់លាស់ហើយចាំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងរកទីផ្សារឲ្យប្រជាពលរដ្ឋជាមុន ហើយសិក្សាពីទីផ្សារឲ្យច្បាស់ថា គេត្រូវការអ្វីពិតប្រាកដ។ កសិកម្ម ជារឿងឈឺក្បាលមួយសម្រាប់ស្រុកយើង ដែលទាមទារឲ្យមានផែនការស៊ីជម្រៅ មានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ » ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។