សម្តេច​តេ​ជោ ណែនាំ​ចំនួន ១២​ចំណុច ក្នុង​ថ្ងៃ​បើក​បវេសនកាល ២០២០-២០២១

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ថ្វី​ត្បិត​ឆ្នាំនេះ ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​មិនទាន់មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រារព្ធ​ពី​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដ៏​មាន​សារៈសំខាន់​នេះ ក្រោម​ទស្សនាទាន​ថ្មី​គឺ គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​។​

​ក្នុងឱកាស​នេះ ដើម្បីឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទទួលបាន​លទ្ធផល​ល្អប្រសើរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ចំណុច​មួយចំនួន ដូចជា​៖
​ទី​១. រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​អាទិភាព​ទី​១ លើ​វិស័យ​អប់រំ និង​សុខាភិបាល បន្ទាប់ពី​កម្ពុជា​ទទួលផល​ពី​ដំណក់​ប្រេង​ដំបូង ស្របពេល​នៃ​ខួប​លើក​ទី​២២​ឆ្នាំ នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ក្នុងការ​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា និង​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ ឯកភាព ជាតិ​ទាំងស្រុង ជា​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជាតិ​ទាំងមូល​នៅក្នុង​រយៈពេល​២២​ឆ្នាំ មកនេះ​។​
​ទី​២. សូម​បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​ក្នុង​បរិបទ​កូ​វីដ​-១៩ ដោយ​អនុវត្តតាម​អភិក្រម “៣​ការពារ ៣​កុំ​” ជាពិសេស​ការចូលរួម​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​ក្នុង​គ្រឹះស្ថានសិក្សា ការអប់រំ​អំពី​សុវត្ថិភាព សុខភាព​សិក្សា ការរក្សា​គម្លាត ១.៥​ម៉ែត្រ និង​សុវត្ថិភាព​ចំណីអាហារ​។​
​ទី​៣. ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​ដឹកនាំ និង​អនុវត្ត​នូវ​ទស្សនាទាន​ថ្មី “​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​” ដោយ​គិតគូរ​អំពី​ជម្រើស​ឱ្យបាន​ច្រើន​ក្នុង​ការផ្តល់សេវា​អប់រំ ជាពិសេស​ដំណើរការ​បង្រៀន និង​រៀន​ដែលមាន​ភាពទន់ភ្លន់ និង​ធ្វើ​វិមជ្ឈការ​នៃ​សេវា​អប់រំ អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​នៃ​ហានិភ័យ​ឆ្លង​រីក​រាលដាល​កូ​វីដ​-១៩ និង​ស្ថានភាព​អប់រំ ។ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​ជំរុញ “​ការអប់រំ​ឌីជីថល​” ឱ្យទាន់​សភាពការណ៍​ជាតិ តំបន់ និង​សកលលោក​។​
​ទី​៤. ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​រៀបចំ និង​អនុវត្ត​កម្មវិធីសិក្សា​បំ​ព្រួញ ដោយ​កំណត់​ជា​មុខវិជ្ជា កាតព្វកិច្ច និង​មុខវិជ្ជា​ជម្រើស មេរៀន​សិក្សា​ក្នុង​ថ្នាក់រៀន និង​មេរៀន​ស្វ័យ​សិក្សា ដើម្បី​ធានាថា ការរៀនសូត្រ​របស់​សិ​ស្សានុសិស្ស​បាន​ពេញលេញ​ផ្តោតលើ​ចំណុច​សំខាន់ៗ​និង​ស៊ីជម្រៅ ជាពិសេស មេរៀន​សម្រាប់​ថ្នាក់​ទី​៩ និង​ទី​១២ និង​ការកំណត់​មេរៀន​សម្រាប់​ការប្រឡង​សញ្ញាបត្រ​។​
​ទី​៥. ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ​ឱ្យស្រប​នឹង​បរិបទ​ថ្មីៗ ដែល​តម្រូវឱ្យមាន​ភាព​រស់​រវើក និង​កាន់តែ​ធានាបាន​នូវ​ភាព​ស័ក្តិសិទ្ធិ​នៃ​ការដឹកនាំ និង​គ្រប់គ្រង​របស់​បុគ្គលិក នៅ គ្រប់លំដាប់​ថ្នាក់ រួមបញ្ចូល​ទាំង​ការគ្រប់គ្រង​គ្រូបង្រៀន ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង វិស័យ​អប់រំ និង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ការអនុវត្ត​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​វិស័យ​អប់រំ និង​ការអភិវឌ្ឍ​សមត្ថភាព និង​វិជ្ជាជីវៈ​ជាប្រចាំ​ដល់​អ្នកគ្រប់គ្រង នាយក​សាលា និង​គ្រូបង្រៀន​។​
​ទី​៦. ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ផ្តោតលើ​ការឆ្លើយតប​ទៅនឹង​ទីផ្សារការងារ ដោយ​អនុវត្ត​វិធីសាស្ត្រ បង្រៀន​តាមបែប​ការ​រិះរក និង​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ក្នុង​សតវត្ស​ទី​២១ ដែលជា វិធីសាស្ត្រ​តាមបែប​ចម្រុះ ដោយ​សិស្ស​ត្រូវអនុវត្ត​ក្នុង​ថ្នាក់រៀន និង​ការធ្វើ​ស្វ័យ​សិក្សា និង​ការ​ផ្តោតលើ​ការអប់រំ វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលជា​ជំនាញ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល ជាពិសេស សិស្ស​មាន​បំ​ណិ​ន​សតវត្ស​ទី​២១ ។ ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ រៀបចំ​ប្រព័ន្ធ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ រួមទាំង​វគ្គ​វិ​ក្រឹ​ត​ការ​តាម​គ្រប់​រូបភាព ដើម្បី​លើកកម្ពស់​គុណវុឌ្ឍិ និង​សមត្ថភាព​របស់​គ្រូបង្រៀន​គ្រប់​កម្រិត ជាពិសេស​ការបង្រៀន និង​រៀន​តាមបែប​បច្ចេកវិទ្យា ទំនើប ។ ក្រសួង ត្រូវ​បន្ត​កែលម្អ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដល់​សាលារៀន បន្ទប់រៀន បន្ទប់ ពិសោធន៍ បន្ទប់​កុំព្យូទ័រ និង​បន្ទប់​សាស្ត្រាចារ្យ​ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង​របស់ សាលារៀន សម្រាប់​បម្រើ​ដល់​ការបង្រៀន​និង​រៀន​បែប​ថ្មី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​បរិបទ​កូ​វីដ​-១៩​។​
​ទី​៧.​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវខិតខំ​ពង្រីក​សក្តានុពល​របស់​ខ្លួន ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ទាំង​សេវា​បង្រៀន និង​រៀន ដើម្បីឱ្យ​សាលារៀន​របស់​យើង​ក្លាយ ទៅជា​សាលា​កុមារ​មេត្រី កម្រិត​អភិវឌ្ឍន៍​ជា​សាលារៀន​ជំនាន់​ថ្មី និង​ជា​សាលារៀន​ដែលមាន​ប្រសិទ្ធភាព​។ គ្រឹះស្ថានសិក្សា ត្រូវ​បន្ត​កសាង​បរិស្ថាន​សាលារៀន​ស្អាត សាលារៀន​បៃតង មាន​ទឹកស្អាត មាន​បង្គន់​អនាម័យ កន្លែង​លាង និង​សួន​ធម្មជាតិ ។ ល ។ ឱ្យ​ស័ក្តិ​សមជា​ទីកន្លែង​សម្រាប់​ការអប់រំ និង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ និង​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត ផ្លូវកាយ ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សា​ត្រូវ​ត្រៀមលក្ខណៈ តាម​គ្រប់​រូបភាព ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ករណី​មាន​ប្រធាន​ស័ក្ដិ កើតឡើង ដូចជា​អាកាសធាតុ​ក្តៅ​ហួតហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់ និង​ការ​រាតត្បាត​នៃ​ជំងឺ​នានា ។​
​ទី​៨. លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូម​បន្ត​ដើរតួ​ជា​បុគ្គល​នាំមុខ ជា​ឪពុក ម្តាយ​ទី​២ ជា​មគ្គុទ្ទេសក៍ ជា​អ្នកស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត ព្រមទាំង​ត្រូវខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន ជាប្រចាំ ទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ គរុកោសល្យ​ថ្មីៗ មក​បង្ហាត់បង្រៀន​ដល់​សិស្ស និស្សិត ឱ្យមាន​ចំណេះដឹង​ទូលំទូលាយ និង​អភិវឌ្ឍន៍​ខ្លួន​ទៅជា​ពលរដ្ឋ​សកល និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ អនាគត ។​
​ទី​៩. ក្មួយៗ​សិស្សានុសិស្ស និស្សិត យុវជន យុវនារី​ទាំងអស់ សូម​បន្ត​ខិតខំ​រៀនសូត្រ និង​ស្រាវជ្រាវ​ឱ្យ បាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ក្នុង “​អំពើ​ល្អ​” ដើម្បី​ការរីកចម្រើន​នៅក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រទេសជាតិ​យើង​ទាំងមូល​។ ជាមួយគ្នានេះដែរ សូម​ក្មួយៗ​ចងចាំ​ជានិច្ច​ថា បើ​យើង​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុកម្តាយ និង​សង្គមជាតិ​យើង គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​
​ទី​១០. មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប សូម​នាំ​កូន នាំ​ចៅ​មក​ចុះឈ្មោះ​ចូលរៀន និង​បន្ត​ផ្តល់​គាំទ្រ ការលើកទឹកចិត្ត និង​ការបង្រៀន​បន្ថែម​ដល់​កូន ដល់​ចៅ​តាម​គ្រប់​រូបភាព​។​
​ទី​១១. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ យកចិត្តទុកដាក់ និង​ចូលរួម​គាំទ្រ​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​សាលារៀន ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ – រូបវ័ន្ត​និង​ការ គាំទ្រ ផ្សេង ទៀត តាម​គ្រប់​លទ្ធភាព ជាពិសេស​ការចូលរួម​សហការ​របស់​ក្រសួង សុខាភិបាល ក្នុងការ​ធានា​នូវ​សុវត្ថិភាព​សុខភាព ការអប់រំ​អំពី​អនាម័យ និង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ម៉ឺងម៉ាត់ ធ្វើយ៉ាងណា ទប់ ស្កាត់​កុំឱ្យ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​គ្រឹះ ស្ថាន – សិក្សា​។​
​ទី​១២. គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត សូម​បន្ត​ជួយ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ អំពី​យុទ្ធនាការ​នៃ​ការប្រមូល​កុមារ​ចូលរៀន និង​សារៈសំខាន់​នៃ​ការអប់រំ ជាពិសេស​ការផលិត​ក​ម្ម​វិធី​អប់រំ និង​វីដេអូ​បង្រៀន ដើម្បីឱ្យ​សេវា​អប់រំ​កាន់តែ​បាន​ឈានទៅដល់​គ្រប់ ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹង​ទស្សនាទាន​នៃ​ការអប់រំ​ពេញ​មួយជីវិត ។​

​ក្នុងឱកាស​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈ​គ្រប់គ្រង​សាលារៀន ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​បាន​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង​ក្នុងការ​គាំទ្រ និង​ផ្តល់នូវ​ការរៀនសូត្រ​ដល់​សិស្សានុសិស្ស និស្សិត​តាម​គ្រប់​រូបភាព ក្នុងអំឡុងពេល​នៃ​ការប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close