ក្រសួងបរិស្ថាន ​ប្រកាស​ផ្សព្វផ្សាយ «​របាយការណ៍​បច្ចុប្បន្ន​ភាព​រួមចំណែក​របស់​ជាតិ ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​ប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​»

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បានរៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី «​របាយការណ៍​បច្ចុប្បន្ន​ភាព​ការចូលរួមចំណែក​រប​ស់​ជាតិ ដើម្បី​អនុវត្ដ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​» ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មានការ​អញ្ជើញ​ចូលរួម​តំណាង​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល អ្នកសារព័ត៌មាន និង​វិស័យ​ឯកជន​ជាច្រើនរូប​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​ដើរតួ​ជា​ប្រទេសមួយ​ដែលមាន​ជំហរ​គាំទ្រ​ដ៏​រឹងមាំ​ចំពោះ​សកម្មភាព​ពហុភាគី ក្នុងការ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុងនាម​ជា​ប្រទេសមួយ​ដែល​ងាយ​រងគ្រោះ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ រាជា​រដ្ឋាភិបាល​បាន​យល់​ពី​ភាព​បន្ទាន់​ដែល​តម្រូវឱ្យ​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​មហិច្ឆតា ស្របទៅតាម «​ការទទួលខុសត្រូវ​រួម តែ​កម្រិត​ផ្សេងគ្នា​ទៅតាម​សមត្ថភាព​រៀងៗ​ខ្លួន​» ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ​។

​ឯកឧត្តម បាន​បន្ថែមទៀតថា របាយការណ៍ Updated NDC របស់​ប្រទេស​កម្ពុជា បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​តម្រូវការ​សម្រាប់​ទសវត្ស​រ៍​បន្ទាប់ ដើម្បី​ធ្វើឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​សង្គម​មួយ​ដែលមាន​ការបញ្ចេញ​កាបូន​តិច មាន​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំ​អាល់ បាន​គូសបញ្ជាក់​បន្ថែមថា​ក្រសួងបរិស្ថាន​បាននិងកំពុង​ធ្វើ​ការងា​រលើ​វិស័យ​បរិស្ថាន ស្របតាម​សសរស្តម្ភ​ទាំង ០៤ រួមមាន កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការរស់នៅ​ប្រកបដោយ​ចីរភាព និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​។

​ក្រសួងបរិស្ថាន​មាន​ជំហរ និង​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា ដើម្បីឱ្យ​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ទទួលបាន​ជោគជ័យ ត្រូវមាន​ការចូលរួម​យ៉ាងសំខាន់​ពី​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន ហើយ​ដើម្បីឱ្យ​មានការ​ចូលរួម​ទៅបាន​លុះត្រាតែ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ជម្រើស​ថ្មី​ក្នុងការ​រស់នៅ ជៀសវាង​ការពឹង​អាស្រ័យ​លើ​ធនធាន​ធាន​ធម្មជាតិ​ទាំងស្រុង ហើយ​ដែល​ទាមទារ​កិច្ចសហការ​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្តល់ជូន​នូវ​តម្រូវការ​ចាំបាច់​នានា រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទឹកស្អាត និង​សេវា​សុខភាព​ជាដើម​។ ក្នុងនោះដែរ ការរៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ គឺជា​យន្តការ​ចាំបាច់ ដើម្បី​អាចឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ចូលរួម​ការងារ​ការងា​រកា​រពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

​ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ថា ក្នុងនាម​ជា​សមាជិក​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ (UNFCCC) និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ កម្ពុជា​បានរៀបចំ និង​ដាក់ជូន​របាយការណ៍​កា​រ​ចូលរួមចំណែក​រប​ស់​ជាតិ​លើក​ទី​១​ទៅ​លេខាធិការដ្ឋាន UNFCCC នៅ​ឆ្នាំ​២០១៥ និង​ដាក់ជូន​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព (Updated NDC) ទៅ​លេខាធិការដ្ឋាន UNFCCC នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ស្របតាម​ការប្តេជ្ញាចិត្ត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​អាកាសធាតុ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close