អាជ្ញាធរ​ជាតិ​អប្សរា បន្ត​កិច្ចការ​អភិរក្ស និង​ជួសជុល​ពង្រឹង​រចនា​​សម្ពន្ធ​ឥដ្ឋ​នៅ​ប្រាសាទ​គោកចក​

​ខេត្តសៀមរាប​៖ ប្រាសាទ​គោកចក​គឺជា​ប្រាសាទ​ឥដ្ឋ​ដែលមាន​ចំនួន​២​ប៉ម​សង់​ទន្ទឹមគ្នា​បែរមុខ​ទៅ​ទិស​​ខាងកើត​ក្នុង​រាជ​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៣​នា​ចន្លោះ​ឆ្នាំ ៨៥០​គ​.​ស ដល់ ៨៧៧​គ​.​ស​.​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​នរាយណ៍​។ ចំណែក​សិលា​ចារិក​នៃ​ប្រាសាទ​គោកចក (K.521) ក៏បាន​អធិប្បាយ​ផងដែរ​អំពី​ ​កាលបរិច្ឆេទ​សាងសង់​ប្រាសាទគោក​ច​ក្នុង​ឆ្នាំ ៨៥០​គ​.​ស​។

​ភាព​ដ៏​ចំណាស់​ផ្នែក​សម្ភារ​សំណង់​ឥដ្ឋ​នៃ​ប្រាសាទ​នេះ បានទទួល​រង​នូវ​ការ​ទ្រុឌទ្រោម​ធ្ងន់ធ្ងរ​ពី​សំណាក់​រុក្ខជាតិ​តូចធំ​គ្រប់​ប្រភេទ​ដុះ​​ចាក់​បំបែក​ប៉ម​ទាំងពីរ​បណ្តាលឱ្យ​ស្រទាប់​ឥដ្ឋ​នីមួយៗ​ផ្នែក​ខាងលើ​នៅតែ​បន្ត​រលុះ​បាក់​ដោយ​អន្លើៗ​។ ប្រាសាទ​គោកចក ត្រូវបាន​យកចិត្តទុកដាក់​លើ​ផ្នែក​ថែទាំ អភិរក្ស និង​ជួសជុល​ឡើងវិញ​ ច្រើន​ដំណាក់កាល ទាំង​ថវិកា និង​អ្នកបច្ចេកទេស​ខ្មែរ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោកស្រី ឈុន រតនា ជា​មន្ត្រី​បច្ចេកទេស​អភិរក្ស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានផ្តល់​នូ​វទ​ន្និ​ន័យ​មួយចំនួន​ស្តីអំពី​ដំណើរ​ប្រព្រឹត្តិ​ទៅលើ​ផ្នែក​ការ​​ងារ​អភិរក្ស​នៃ​ប្រាសាទ​គោកចក​ចាប់តាំងពី​ឆ្នាំ ២០១២​រហូតដល់​បច្ចុប្បន្ន ក្នុងនោះ​កិច្ចការ​ទល់​ទ្រ​​សង្គ្រោះបន្ទាន់​បានធ្វើ​ឡើង​នៅ​ក្លោងទ្វារ​ខាងកើត​និង​ជញ្ជាំង​ខាងលិច​នៃ​ប៉ម​ខាងត្បូង​នា​ឆ្នាំ​២០១២​កន្លងទៅ​។​

​លោកស្រី​បានបញ្ជាក់​បន្ថែមថា ទោះបីជា​មានការ​ទល់​ទ្រ​ត្រង់ចំណុច​មាន​ហានិភ័យ​ខ្ពស់​​មួយចំនួន​ក៏ដោយ ក៏​នៅតែ​ពុំ​គ្រប់គ្រាន់​នៅឡើយ​សម្រាប់​សុវត្ថិភាព​ប្រាសាទ​ទាំងមូល ព្រោះថា ដុំឥដ្ឋ​មួយចំនួន​នៅតែ​បន្ត​រលុះ​ធ្លាក់​ជាប្រចាំ​នៅ​រដូវភ្លៀង ដូចនេះ​គម្រោង​ជួសជុល​លើ​រចនា​សម្ពន្ធ​​ឥដ្ឋ​បាន​អនុវត្ត​ឡើងជា​ផ្នែកៗ​នៅ​ប៉ម​ខាងត្បូង​ចាប់ពី​ខែ កញ្ញា ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ នា​ដំណាក់កាល​ទី​១ ហើយ​រាល់​បច្ចេកទេស​នៃ​ការជួសជុល​ប្រាសាទ​គោកចក គឺ​មន្ត្រី​ជំនាញ​ទាំងអស់​បាន​ប្រើ​​ប្រាស់​នូវ​ទ្រឹស្តី​និង​ទស្សន​ផ្នែក​អភិរក្ស​លើ​វិស័យ​បេតិកភណ្ឌ ដោយ​គោរព​លើ​បទដ្ឋាន​អភិ​ក្ស និង​​ច្បាប់ទម្លាប់​នានា​សម្រាប់​ការពារ​និង​ថែរក្សា​សំណង់​បុរាណ រួមទាំង​គិត​ទៅលើ​ការប្រើប្រាស់​​សម្ភារ​ថ្មី​និង​ចាស់​បូក​បញ្ចូល​គ្នា​ផងដែរ​ដោយ​រក្សាបាន​គុណ​តម្លៃ​ជា​ប្រវត្តិ​ផ្នែក​សិល្បៈ​និង​ប្រវត្តិ​​សំណង់​ស្ថាបត្យកម្ម​នៃ​ប្រាសាទ​គោកចក​។​

​ជា​លទ្ធផល​លើ​គម្រោង​អភិរក្ស​នៃ​ប្រាសាទ​គោកចក​គឺ​បានបញ្ចប់​កិច្ចការ​ជួសជុល​ពង្រឹង​​ឥដ្ឋ​ដោយ​ផ្នែកៗ​នៅ​ប៉ម​ទាំងពីរ​ដូចជា ទទួលបាន​នូវ​ភាពរឹងមាំ​ឡើងវិញ​ត្រង់​រចនា​សម្ពន្ធ​ខ្លោងទ្វារ​ខាងកើត​និង​ជញ្ជាំង​ខាងត្បូង​នៃ​ប៉ម​ខាងត្បូង និង​បន្ត​ពង្រឹង​ជញ្ជាំង​ឥដ្ឋ​ជ្រុង​និរតី​នៃ​ប៉ម​ខាងជើង​។​ ​ចំណែក​សម្រាប់​ផែនការ​នា​អនាគត ប្រាសាទ​គោកចក​នឹង​គ្រោង​បន្ត​កិច្ចការ​អភិរក្ស​និង​ជួសជុល​​បន្ថែម​ នា​ដំណាក់កាល​ទី​២​ក្នុង​ឆ្នាំ​២០២២​នៅ​ប៉ម​ខាងត្បូង​ផ្នែក​ខាងលិច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close