សហគមន៍​តំបន់ការពារធម្មជាតិ មាន​តួនាទី និង​ការ​ទទួលខុស ត្រូវ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ

​ខេត្តព្រះវិហារ​៖ ក្រសួងបរិស្ថាន និង​អង្គការ​ជា​ដៃគូ ព្រមទាំង​សហគមន៍​តំបន់ការពារធម្មជាតិ បានរួម​សហការ​គ្នាព​ង្រឹ​ង​ទៅលើ​កិច្ចការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​មិន​ត្រឹម​តែមាន​ទិសដៅ​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ​និង​សត្វព្រៃ​នោះទេ ប៉ុន្តែ​ក្រសួង​បាន​អភិរក្ស​មុខរបរ​ប្រជា​សហគមន៍ ចូល​អភិរក្ស​ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​របស់គាត់​ផងដែរ​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ក្នុង​ការដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​ព្រះវិហារ និង​ក្រុម​អ្នកសារព័ត៌មាន​ទស្សនកិច្ច​ស្វែងយល់​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៩ ខែមិថុនា បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន អង្គការ​ដៃគូ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​បានរួម​គ្នា​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​បង្កើត​មុខរបរ​ជូន​ប្រជាពលរដ្ឋ​សហគមន៍ អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និង​អ​រូបិយ​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។​

​ឯកឧត្តម​មានប្រសាសន៍​ថា នៅក្នុង​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ក្នុង​ខេត្តព្រះវិហារ​មាន ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ៤១ សហគមន៍ ហើយ​ក្នុងចំណោម​សហគមន៍​ទាំងនេះ​តែងមាន​ប្រជាពលរដ្ឋ​ប្រកប​របរ​ដង​ជ័រទឹក​។ សម្រាប់​មុខរបរ​ដង​ជ័រទឹក​នេះដែរ​គឺជា​មុខរបរ​មួយ​ផ្តល់ប្រាក់​ចំណូល​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានលើកឡើង​ដោយ​បញ្ជាក់ថា​ក្នុង​ក្របខណ្ឌ​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន​គឺ​កំពុងតែ​រៀបចំ​ការកំណត់​តំបន់ និង​ជំរុញ​លើ​ការបោះបង្គោល​កំណត់​តំបន់​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​បែងចែក​តំបន់ការពារធម្មជាតិ​។​

​ដោយឡែក​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ​នេះដែរ គឺ​បាន​ផ្ទេរ​មក​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន នៅ​ឆ្នាំ​២០២១៦ ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បានចាប់ផ្តើម​មាន​វត្តមាន​នៅទីនេះ ហើយក៏​បានខ​ចូលរួម​ពី​សហគមន៍​ការពារ​តំបន់​ធម្មជាតិ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ដែលជា​ដៃគូ​បានធ្វើការ​រួមគ្នា​គឺ​ទី​១ ដើម្បី​ពង្រឹង​ទៅលើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ទី​២ អភិរក្ស​នូវ​មុខរបរ​ប្រជា​សហគមន៍​ដែលមាន​ជា​លក្ខណៈ​ប្រពៃណី​ដូចជា​របរ​ដង​ជ័រទឹក និង​ផ្តល់​ជម្រើស​និង​មុខ​ថ្មី​។

​ជា​ទិសដៅ​ក្រសួង​មិន​ត្រឹមតែ​ការពារ​ធនធានធម្មជាតិ ដែលមាន​ព្រៃឈើ សត្វព្រៃ​ទេ តែ​យើង​បាន​ចូលរួម អភិរក្ស​នូវ​ប្រពៃណី ទំនៀមទម្លាប់ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​របស់គាត់​ផងដែរ​។​«​ដោយឡែក​នៅ​សហគមន៍​ផ្សេងៗ​ទៀត ក្រសួង​ក៏​កំពុង​ស្រង់​ស្ថិតិ​នៃ​មុខរបរ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ជ័រ​ច្បោះ​នេះ ដើម្បី​កំណត់​ទីតាំង​ឱ្យបាន​ច្បាស់លាស់ ពិសេស​ដើម​ជ័រ​ច្បោះ​នេះ​ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅៗ​ដែល​អាចធ្វើ​ឱ្យគេ​មាន​ទិន្នន័យ​ច្បាស់លាស់​និង​សិក្សា​តំបន់​ទាំងអស់នេះ​។ សម្រាប់​តំបន់​សហគមន៍ ក្រសួង​បានប្រគល់​តួនាទី​ដល់​សហគមន៍​ដើម្បី​ចូលរួម​ការពារ​ថែរក្សា ហើយ​វា​ជា​ផលប្រយោជន៍​របស់គាត់​។ ពួកគាត់​អាច​អាស្រ័យ​ផល​ពី​ព្រៃ​សហគមន៍​នេះ​បាន​។​

​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃ​ទ័ព​បាន​ចូលរួម​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុង​ការពារ​ដើម​ច្បោះ និង​ធនធានធម្មជាតិ​ទាំងនេះ​ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​។ ពួកគាត់​មិន​ត្រឹមតែ​ទទួលបាន​ផល​ពី​ជ័រ​ច្បោះ​នេះ​ទេ ប៉ុន្តែ​ពួកគាត់​ក៏​អាច​ដក​ផលប្រយោជន៍​ពី​អនុផល​ព្រៃឈើ​ផ្សេងៗ​ទៀត​ដូចជា បន្លែ បង្កា ផ្លែឈើ និង​ទឹកឃ្មុំ​ជាដើម​។ ក្រៅពីនេះ​មុខរបរ​ទាំងនេះ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គកា WCS ដើម្បី​បង្កើត​មុខរបរ​ថ្មី​មួយ​បន្ថែមទៀត​គឺ​ការធ្វើ​ស្រូវ​ត្រយង​ដែលជា​ស្រូវ​មួយ​អាច​លក់​ក្នុងតម្លៃ​ខ្ពស់​។

​ពលរដ្ឋ​អាចបង្កើត​មុខរបរ​ធ្វើ​ស្រូវ​ថ្មី​ដែលមាន​តម្លៃ​ខ្ពស់​ពី​ស្រូវ​ពួកគាត់​ប្រក​បរបរ​ធ្វើស្រែ​រៀងរាល់ឆ្នាំ​អស់កាល​ជា​យូរ​មកហើយ​នេះ​។ ពួកគាត់​អាច​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ដើម្បី​ផ្តាច់ខ្លួន​ចេញពី​ការពឹង​ផ្អែកទៅលើ​ធនធានធម្មជាតិ ដោយ​ពួកគាត់​មិនត្រូវ​កាប់​ព្រៃឈើ បរបាញ់​សត្វ ការទន្ទ្រាន​ដី​ខុសច្បាប់ ហើយ​មក​ប្រក​បរបរ​ថ្មី​ដែលជា​របរ​មួយ​រឹងមាំ​អា​ចរក​ចំណូល​ចិញ្ចឹម​គ្រួសារ​។ នេះ​ជា​ផែនការ​របស់​ក្រសួងបរិស្ថាន ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​របស់​ប្រជា​សហគមន៍​ឱ្យ​កាន់តែ​ធូរធា​និង​រឹងមាំ​យូរអង្វែង​។​ ​គួរ​បញ្ជាក់ថា​ជ័រទឹក ឬក៏​បងប្អូន​ប្រជាជន​ជនជាតិដើម​ភាគតិច​កួយ​ហៅថា ជ័រ​ច្បោះ​នោះ គឺជា​មុខរបរ​ទំនៀមទម្លាប់​បន្តវេន​ពី​ដូនតា​របស់​ពួកគាត់​បាន​បន្សល់ទុក ឲ្យ​មកដល់​សព្វថ្ងៃនេះ​។

​ជ័រ​ច្បោះ​ត្រូវបាន​យកចេញ​ពី​ដើមឈើ​មួយចំនួន​ដូចជា​ដើមឈើ​ទាល ដើមឈើ​ផ្ចឹក​និង​ឈើ​ត្រាច ជាដើម​។ ពាក់ព័ន្ធ​ក្នុង​មុខរបរ​ចៀរ​ជ័រ​ច្បោះ​នេះ លោក នង ដេ​ង ប្រធាន​សហគមន៍​ស្រែ​ទ័ព ស្ថិតនៅក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​សព្វថ្ងៃ​លោក​មាន​ដើម​ច្បោះ​១០០៨ ដើម ហើយ​ក្នុងនេះ​មួយ​ដើម​អាច​ផ្តល់​ជា​ជ័រ​ក្នុង​មួយខែ​១០២៥​កាន​ហើយ​អាច​លក់បាន​៨​ម៉ឺន​រៀល​។​

​បុរស​រូបនេះ​បានឱ្យដឹង​បន្ថែមថា​នៅ​តំបន់​នេះ​មាន​ទំហំ​ដី​ចំនួន ៣៤៩០​ហិកតា ហើយ​ក្នុងចំណោម​នេះ​ពលរដ្ឋ​រស់នៅ ៣០០​គ្រួ​សារបាន ប្រកបរ​បរចៀរ​ជ័រ​ច្បោះ នេះ​ជាង​ពាក់កណ្តាល​ទៅហើយ​។ លោក​បាន​ពន្យល់​ប្រាប់ថា​៖«​ដើម​ច្បោះ​មួយ​ដើម​គេ​អាច​យក​ជ័រ​ក្នុង​មួយខែ​៣​ដង ហើយ​គេ​អាច​ដង​គ្រប់​ខួប​ពោល​គឺអាច​ទាញយក​ជ័រ​បាន​ពេញ​មួយឆ្នាំ​តែម្តង​។​ចំពោះ​ដើម​ច្បោះ​មួយ​ដើម​ក្នុង​១​ថ្ងៃ​អាច​ផ្តល់​ជ័រ​២​ទៅ​៣​លីត្រ​និង​ដើម​ខ្លះ​ក៏បាន​តិចជាង​នេះ​។

​ចំពោះ​ដើម​ច្បោះ​ដែល​ផ្តល់​ជ័រ​បាន​តិច​បំផុត​គឺ​ស្ថិត​ខែ​៣ និង​ខែ​៤​ដែលជា​ខែ​ក្តៅ​បំផុត​នោះ​ជ័រ​មិនសូវ​ចេញ​ទេ​។ បន្ទាប់ពី​ឈានចូល​ដល់​ខែ ៥ ទៅ​ជ័រ​ច្បោះ​វា នឹង​ផ្តល់​ជ័រ​ច្រើន​ដូច​ធម្មតា​វិញ​! លោក​បាន​ប្រាប់​ផង​ថា​សព្វថ្ងៃ​ប្រជាជន​ជនជាតិដើម​ភាគតិច អាច​ប្រមូល​អនុផល​ពី​ជ័រ​ច្បោះ​ម្តងៗ​បាន​ចាប់ពី ៣ ទៅ ៤​កាន ដែល​ក្នុង​មួយ​កាន​មាន​ចំណុះ ៣០ លីត្រ ឬក៏​លើសពីនេះ​ទៅតាម​ដើម​ច្បោះ​ដែល​ពួកគាត់​មាន​។ ដោយ​ពួកគាត់​ត្រូវ​ចំណាយពេល​ប្រហែលជា ២ យប់ ៣​ថ្ងៃ​ក្នុង​ការចូល​ព្រៃ​ដើម្បី​ប្រមូល​ផល ហើយ​ពួកគាត់​អាច​លក់​ជ័រទឹក​ទៅ​ឲ្យ​ឈ្នួ​ញ​កណ្តាល​បាន​មួយ​កាន​ចាប់ពី​តម្លៃ ៧ ម៉ឺន​រៀល ទៅដល់ ៨​ម៉ឺន​រៀល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែរ​។​

​គួរ​បញ្ជាក់ថា ជន​ជន​ដើម​ភាគតិច​កួយ បាន​ចែក​កេរ​មរ​ត​ដើម​ជ័រ​ច្បោះ​ដែលមាន​នៅក្នុង​ព្រៃ​ព្រះ​រកា​ឱ្យទៅ​កូនចៅ​របស់​ពួកគាត់ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ដើម្បី​ប្រក​បរបរ​ចិ​ញ្ជឹ​ម​ជិវិត​ជាប្រចាំ​ថ្ងៃ​។​ចំពោះ វិធី​ដែល​បងប្អូន​ជនជាតិដើម​ភាគតិច​កួយ​ដង​ជ័រ​ច្បោះ​ពី​ដើម​ឈើទាល ដើម​ផ្ចឹក​និង​ដើមឈើ​ត្រាច គឺ​ពួកគាត់​ត្រូវ​ចោះ​ដើមឈើ​យកមុខ​ប្រហែលជា​៦០​សង់ទីម៉ែត្រ និង​ធ្វើ​ការដុត​ភ្លើង​ត្រង់​កន្លែង​ចោះ​នោះ ដើម្បី​ឲ្យ​វា​ចេញ​ជ័រ​បានល្អ និង​ដង​យក​ជ័រ​ច្បោះ​ដាក់​កាន បន្ទាប់មកទៀត​ពួកគាត់​មាន​ធ្វើជា​ឧ​បរ​កណ៍ដា​ក់បាំង​ទឹកភ្លៀង កុំ​ឲ្យ​ហូរ​ចន្លោះ​នាំ​ឲ្យ​ខួច​ខាត​ជ័រ​ច្បោះ​របស់​ពួកគាត់​។ អត្ថប្រយោជន៍​របស់​ជ័រ​ច្បោះ គេ​អាចយ​កវាម​កលាយ​ជាមួយ​ជ័រចុង ទុក​សម្រាប់​បិត​ឬក៏​លាប​ទូក​កុំ​ឲ្យ​ជ្រាប​ទឹក និង​ប្រើ​សម្រាប់ធ្វើ​គប់​ភ្លើង ឬ​ចន្លុះ​ក៏បាន​។ ដោយសារតែ​ជ័រ​ច្បោះ មាន​ភាព​ស្អិត​យ​ខ្លាំង​អាចធ្វើ​ឲ្យ​គេ​លាប​នៅលើ​ផ្ទៃ​ខាងក្រៅ​ឥដ្ឋ ដើម្បី​បន្សារ​ពី​ដុំឥដ្ឋ​ទៅ​ដុំឥដ្ឋ​មួយទៀត ពេល​សាងសង់​ប្រាសាទ​ផងដែរ​កាលពី​សម័យ​ដើម​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close