ឥណទានកាបូន បញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ការពារធម្មជាតិរបស់កម្ពុជា
ខេត្តព្រះវិហារ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័គ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺបញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថាទីផ្សារនេះ គឺពិតជាមានសារសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ដែលការបោះជំហានទៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ធម្មជាតិរបស់យើង»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ក្រសួងបរិស្ថាន ដែលបានយុត្តាធិការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ នៅលើផ្ទៃដី ៧លាន ៣សែនហិកតា ក្នុងតំបន់ការពារធម្មជាតិជាង ៧០កន្លែង នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការពង្រឹងទៅលើយុទ្ធសាស្ត្រ វិធីសាស្ត្រ ក្នុងការពារព្រៃឈើតាមរយៈការពង្រឹងសមត្ថភាព របស់មន្ត្រីឧទ្យានុរក្ស ការចូលរួមរបស់សហគមន៍ ការពង្រឹងភាពជាដៃគូរ ជាមួយនឹងអង្គការដៃគូរ ដើម្បីឈានឆ្ពោះទៅរកប្រសិទ្ធភាពនៃការពារ និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមបានរំឮកឡើងថា ជាក់ស្តែងអត្ថប្រយោជន៍នៃគម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង ១០,០០០ដុល្លារ ក្នុងមួយឆ្នាំ។ គម្រោងរេដបូកបានផ្តល់ផលប្រយោជន៍៖ កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការបាត់បង់ជីវៈចម្រុះ អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ។ គម្រោងរេដបូកនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង។ តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅទស្សនា និងស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល២ ថ្ងៃគឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃនៅកម្ពុជា រួមទាំងកិច្ចការថែរក្សា អភិរក្សធនធានធម្មជាតិនៅកម្ពុជា របស់ក្រសួងបរិស្ថាន និងអង្គការដៃគូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។