ឡ​ជីវឧស្ម័ន ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ផលិតកម្ម​ចិញ្ចឹមសត្វ​ទំពារ​អៀង និង​សត្វ​ជ្រូក

​ឡ​ជីវឧស្ម័ន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ផលិតកម្ម​ចិញ្ចឹមសត្វ​ទំពារ​អៀង (​គោ ក្របី ចៀម និង​ពពែ​) និង​សត្វ​ជ្រូក​ផងដែរ តាមរយៈ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ បាន​ពី​លាមក​សត្វ ចេញ​ជា​ចំហេះ​សម្រាប់​ចំអិន​អាហារ ភ្លើង​បំភ្លឺ​លំនៅឋាន កាកសំណល់​ឡ​ជា​ជីធម្មជាតិ​មានគុណ​ប្រយោជន៍ សម្រាប់​ផលិតកម្ម​បន្លែ និង​ឈើ​ហូប​ផ្លែ​។

​មិនតែប៉ុណ្ណោះ ឡ​ជីវឧស្ម័ន​បាន​ចូលរួម​កាត់ បន្ថយ និង​លុបបំបាត់​ពពួក​ប​រ៉ា​សិត​ដែលមាន​នៅក្នុង​លាមក​សត្វ និង​រក្សា​បរិស្ថាន (​ក្លិន​) ក្នុងភូមិ ឋាន និង​ក្នុង​កសិដ្ឋាន​បានល្អ និង​ជាពិសេស​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ចូលទៅក្នុង​បរិយាកាស ហើយ​នេះ​គឺជា​កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​។ ​ទាំង​ថាមពល និង​កាកសំណល់​បាន​ពី​ឡ​ជីវឧស្ម័ន បាន​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាកសិករ​នៅ​ជនបទ​បាន​យ៉ាង​ល្អប្រសើរ​តាមរយ​:​ការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល អគ្គីសនី ប្រេងឥន្ធន​: ការកាប់បំផ្លាញ​ឈើ​សម្រាប់ធ្វើ​អុស និង​ព្យូ​ង និង​ជីគីមី​ប្រើ​លើ​ដំណាំ​។

​យល់ច្បាស់​ពី​គុណប្រយោជន៍​របស់​ឡ​ជីវឧស្ម័ន​នេះ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០០៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ MOU ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​ហូ​ឡង់​ដ៌ (SNV) ដើម្បី​បង្កើត​វិស័យ​ឡ​ជីវឧស្ម័ន​លក្ខណៈ​គ្រួសារ​កំរិត​ជាតិ​ហៅថា “​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ National Biodigester Programme NBP”​។ ​ដើម្បី​លើកកម្ពស់​សុខុមាលភាព សេដ្ឋកិច្ច​គ្រួសារ ថែរក្សា​បរិស្ថាន រួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់ និង​ការផ្សារភ្ជាប់​ប្រព័ន្ធ​កសិកម្ម​ចំរុះ (​ចិញ្ចឹមសត្វ ត្រី ដាំ​បន្លែ ស្រូវ និង​ឈើ​ហូប​ផ្លែ​) គឺជា​កម្មវត្ថុ​នៃ​ការអនុវត្ត​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​។ ចាប់តាំងពី​ឆ្នាំ​២០០៦ កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​បានចាប់ផ្តើម​អនុវត្ត​ក្នុង​ខេត្ត​គោល ដៅ​ចំនួន ០៦​។

​ដោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ជា​សេនាធិការ កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​ ​នៅ​ឆ្នាំ​២០២០ កម្មវិធី​នេះ​សម្រេចការ​សាងសង់​ឡ​ជីវឧស្ម័ន​បាន​ចំនួន ២៨ ៦៨៥​ឡ (​ខ្នាត​ផ្សេងៗ​គ្នា​) នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១៦ (​បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល កំពត កែប ព្រះសីហនុ កំពង់ ស្ពឺ កំពង់ធំ ពោធិសាត់ ព្រៃវែង សៀមរាប ស្វាយរៀង ត្បូងឃ្មុំ និង​តាកែវ​) និង​មាន​កសិករ​ទទួលផល​ដោយផ្ទាល់​ចំនួន ១៥៧.៧៦៧​នាក់ និង​បាន​ចូលរួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ជាង ៨៥២ ២៩២​តោន​។

​យោងតាម​របាយការណ៍​របស់​កម្មវិធី​ឡ​ជៅ​វ​ឧស្ម័ន​ថ្នាក់ជាតិ (១៧/៦/២០២១) ដែល​បានធ្វើការ​ពិសោធន៍​សាក​ល្បង​បង្ហាញ ថា បើ​កសិករ​មាន​ឡ​ជីវឧស្ម័ន​មួយ​គាត់​អាច​សន្សំ​អុស ឬ​ធ្យូង​បាន ២​តោន​/​ឆ្នាំ និង​រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន CO2= ៣.២​តោន​/១​ឡ​។ បើ​កសិករ​ប្រើ​កាកសំណល់​ឡ​ជីវឧស្ម័ន ០១ គាត់​ចំណេញ​បាន ១​លាន​រៀល​/​ឆ្នាំ ពី​ការមិន​ទិញ​ជីគីមី​។ គ្រួសារ​កសិករ​ចំនួន ២៥០០​គ្រួសារ​ក្ន​នោះ​មាន ១៥% បាន​ភ្ជាប់​បង្គន់​អនាម័យ​ជាមួយ​ឡ​ជីវឧស្ម័ន​។​

​យល់ឃើញ​អំពី​សារប្រយោជន៍​របស់​ឡ​ជីវឧស្ម័ន អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រោម​ការគាំទ្រ និង​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​កៀងគរ និង​ស្វែងរក​ការគាំទ្រ​បន្ថែម​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ផែនការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ជ្រុង ជ្រោយ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូរ​នេះ​ភាគី​ចិន​បាន​ឧបត្ថម្ភ​ឡ​ជីវឧស្ម័ន​ចំនួន ១ ៨៥០​ឡ រួមទាំង​សម្ភារ​សម្រាប់​ដំណើរការ​សាងសង់​ឡ ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​មធ្យោបាយ​គាំទ្រ (​រថយន្ត​៦​គ្រឿង និង​ម៉ូតូ​១៤​គ្រឿង​) ការបណ្តុះបណ្តាល​មន្ត្រី​ជំនាញ និង​ក្រុម​ជាង ១០៣​នាក់​ផងដែរ​។

​ឡ​ជីវឧស្ម័ន​ជំនួយ​នេះ បាន​តម្លើង និង​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១០ ក្នុងនោះ​មាន​ខេត្តកណ្តាល (៦០​ឡ​) កំពង់ស្ពឺ (១០​ឡ​) តាកែវ (២៧០​ឡ​) កំពង់ចាម (២១០​ឡ​) ត្បូងឃ្មុំ (៣០០​ឡ​) ព្រៃវែង (២០០​ឡ​) ស្វាយរៀង (២០០​ឡ​) ព្រះវិហារ (២០០​ឡ​) ពោធិ៍សាត់ (២០០​ឡ​) និង​កំពង់ឆ្នាំង​(២០០​ឡ​)​។ ​គម្រោង​នេះ​អនុវត្ត​ជា​ដៃគូ​ដោយ មានការ​ចូលរួម​គាំទ្រ​ជា​ឡ ជំនាញ​បច្ចេកទេស សម្ភារ​បរិក្ខា និង​មធ្យោបាយ​គាំទ្រ​ពី​ភាគី​ចិន និង​ការគាំទ្រ​ពី​រាជ​រដ្ឋ​ភិ​បាល​ក្នុងការ​តម្លើង​ឡ​ទាំងនោះ​ដោយ​ឥតគិតថ្លៃ​ជូន​កសិករ​ចំនួន​១ ៨៥០ គ្រួសារ​។ គិត​ជា​ទឹកប្រាក់​សរុប​គាំទ្រ​ជា​ជំនួយឥតសំណង​ពី​ភាគី​ចិន​ប្រមាណ​ជាង​១,៧​លាន​ដុល្លា​និង​ពី​រាជរដ្ឋាភិបាល​ចំនួន​ជាង​០,២​លាន​ដុល្លារ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close