ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ តាមរយៈ​សហគមន៍​មូលដ្ឋាន និង​ជនជាតិដើម​ភាគតិច ដែល​រស់នៅក្នុង​ឬ​ក្បែរ តំបន់ការពារធម្មជាតិ​

​ដោយ​មើលឃើញ​នូវ​សារៈសំខាន់​និង​ភាពចាំបាច់​នៃ​កិច្ចការងារ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ពី​សហគមន៍ ក្រុមការងារ​នៃ​គម្រោង និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា តាមរយៈ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ ចំនួន​០៧ រួមមាន​៖

សហគមន៍​តំបន់ការពារធម្មជាតិ (១)​ព្រៃធំ​ពពេល (២)​ព្រៃធំ​អន្លង់​ធំ (៣)​ព្រៃភ្នំ​ក្តូ​ច (៤)​ព្រៃភ្នំ​ម្នាស់ និង​(៥)​សហគមន៍​ជប់​តា​សុខ នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​» ស្ថិតក្នុង ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប (៦)​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង នៃ​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ស្ថិតក្នុង​ភូមិ​បំ​ណ​ក់ ភូមិ​ក្បាល​ទា​ហ៊ាន និង​ភូមិ​ចាម​ចាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ និង​(៧)​សហគមន៍​តំបន់ការពារធម្មជាតិ​ភ្នំ​ទ័ព​ជាង ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ភូមិ​ព្រះអង្គ​កែវ និង​បាក់​អង្រុត ឃុំ​ដង​ពែង​ស្រុក​ស្រែអំបិល ខេត្ដ​កោះកុង​។​

​នៅក្នុង​កិច្ចព្រមព្រៀង​រវាង​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​០៧ ខាងលើ បាន​ចែងថា សហគមន៍​តំបន់ការពារធម្មជាតិ ត្រូវមាន​សុច្ឆន្ទៈ និង​សេចក្តី​ស្មោះត្រង់​ក្នុង​ការចូលរួម​គ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​គោរព​ទៅតាម​ច្បាប់ ស្តីពី​តំបន់ការពារធម្មជាតិ និង​លិខិតបទដ្ឋាន​គតិយុត្ត ព្រមទាំង​អនុវត្ត​សកម្មភាព​ការងារ​ស្របតាម​លក្ខន្តិកៈ និង​ផែនការ​គ្រប់គ្រង​សហគមន៍​។​

​នៅក្នុង​កិច្ចព្រមព្រៀង​កម្រាស់​៧​ទំព័រ​ក៏បាន​បង្ហាញ​ដែរ​ថា​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ មាន​សិទ្ធិ​ដកហូត និង​ប្រើប្រាស់​ធនធានធម្មជាតិ​ជា​លក្ខណៈ​ប្រពៃណី ស្របតាម​លក្ខន្តិកៈ និង​ផែនការ​គ្រប់គ្រង​របស់​សហគមន៍​។ បន្ថែម​ពីលើ​នេះ គណៈកម្មការ​សហគម​ន៍​ក៏មាន​សិទ្ធិ​សម្របសម្រួល​អាជីវកម្ម​ខ្នាតតូច​នៅក្នុង​សហគមន៍​ដើម្បី​លើកកម្ពស់​ជីវភាព​សមា​ជិ​ក​សហគមន៍​តំបន់ការពារធម្មជាតិ​ផងដែរ​។

​សហគមន៍​តំបន់ការពារធម្មជាតិ ត្រូវ​សហការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី និង​ចូលរួម​ល្បាត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើម្បី​រួមគ្នា​ការពារ​រក្សា​ប្រភេទ​សត្វ​និង​រុក្ខជាតិ​ដែលមាន​ដោយ​កម្រ ជិត​ផុត​ពូជ ឬ​ជា​ប្រភេទ​សត្វ​និង​រុក្ខជាតិ​ដែលមាន​លក្ខណៈពិសេស​ក្នុង​តំបន់​។​ ​នៅក្នុង​កិច្ចព្រមព្រៀង​បាន​បញ្ជាក់ដែរថា អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ក៏មាន​សិទ្ធិ​ត្រួតពិនិត្យ​ដំណើរការ​អនុវត្ត​ការងារ របស់​សហគមន៍​តំបន់ការពារធម្មជាតិ​ផងដែរ​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close