ក្រសួងវប្បធម៌ជំរុញការគ្រប់គ្រងស្ថានីយបុរាណកុំឲ្យមានការទន្ទ្រានយកជាកម្មសិទ្ធិឯកជនបន្តទៀត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញការគ្រប់គ្រងស្ថានីយបុរាណមិនឱ្យមានការទន្ទ្រានយកជាកម្មសិទ្ធិឯកជន ខណៈបច្ចុប្បន្នមានស្ថានីយបុរាណខ្លះខូចទ្រង់ទ្រាយដើម និងខ្លះទៀតត្រូវបានបំផ្លាញទាំងស្រុង។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកំណត់និយាមការ និងកំណត់ទំហំការពារស្ថានីយបុរាណនៅតាមបណ្តារាជធានី-ខេត្ត ដែលធ្វើនាទីស្តីការក្រសួងថ្ងៃទី២៧ ខែសីហា ម្សិលមិញ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា កត្តាយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ប្រជាពលរដ្ឋនៅមានកម្រិត និងកំណើនដីធ្លីកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបណ្តាលឱ្យស្ថានីយបុរាណមួយចំនួន ត្រូវបានធ្វើការទន្ទ្រាន ឈូសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ឯកឧត្តមបញ្ជាក់ថា ក្រសួងបានពង្រឹងការងារដល់មន្ត្រីជំនាញចុះកំណត់ទំហំដែនការពារស្ថានីយបុរាណដែលកំពុងប្រឈមខ្លាំងបាត់បង់។
ក្រុមមន្ត្រីអភិរក្ស និងនគរបាលបេតិកភណ្ឌវប្បធម៌ បានលើកឡើងស្រដៀងគ្នាថា នៅស្ថានីយ បុរាណនៅតែជាគោលដៅនៃការបំផ្លិចបំផ្លាញ ដោយការឈូសឆាយ រំលោភ ការទន្ទ្រានកាន់កាប់ យកជាកម្មសិទ្ធិ ដោយពុំបានគិតដល់ការអភិរក្សសម្បត្តដែលមានតម្លៃ ខណៈមន្ត្រី និងសមត្ថកិច្ចពាក់ ព័ន្ធខ្វះកិច្ចសហការ និងចំណេះដឹងអំពីស្ថានីយបុរាណ។
យោងតាមស្ថិតិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា មានស្ថានីយបុរាណរហូតដល់ជាង៦ពាន់កន្លែង ដោយស្ថានីយបុរាណមួយចំនួនធំ ត្រូវបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរ ដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។