សភានីតិកាលទី៦ បានបើកកិច្ចប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ
ដូចការគ្រោងទុករដ្ឋសភានីតិកាលទី 6 បានបើកសម័យប្រជុំរបស់ខ្លួនលើកដំបូងនៅថ្ងៃទី 5 ខែកញ្ញាឆ្នាំ 2018 នេះតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ យោងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភាបើកសម័យប្រជុំដំបូងហុកសិបថ្ងៃយ៉ាងយូរក្រោយការបោះឆ្នោតតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។
នៅព្រឹកនេះសម័យប្រជុំដំបូងលើកទី 1 នីតិកាលទី 6បាន ធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងនេះ បានចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦និងកម្មវិធីបន្ត នៅពេលរសៀលតំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រមុនចាប់បំពេញការងាររបស់ខ្លួន។
ដោយឡែកសម្រាប់ថ្ងៃបន្ទាប់ គឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។
សូមរម្លឹកថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋជាង៦លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាន៣សែននាក់ និងមានគណបក្សនយោបាយចំនូន២០បានចូលរួមប្រកួតប្រជែង។
ក្នុងចំណោមប្រជាពលរដ្ឋចេញទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា គណបក្សនយោបាយតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ ឈានទៅគ្រប់គ្រងអាសនៈនៅរដ្ឋសភាទាំង ១២៥។
សូមរម្លឹកថាការដឹកនាំសភាមកពីគណបក្សនយោបាយតែមួយក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ គឺជាលើកទី៨ហើយនៃប្រវត្តិរដ្ឋសភាខ្មែរដែលដឹកនាំដោយគណបក្សនយោបាយតែមួយ គិតចាប់តាំងពីថ្ងៃនៃការកកើតរដ្ឋសភានៅឆ្នាំ១៩៤៦។ ប្រវត្តិនៃការដឹកនាំរដ្ឋសភាមកពីគណបក្សនយោបាយតែមួយនោះរួមមាន៖ រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប, រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោតមានសមាជិក ៦១រូប, រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប, រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប, សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក ១២៦រូប, សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប, សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក ១១៧រូប។
បើយោងតាមប្រវត្តិសភាកម្ពុជាបង្ហាញថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។
ប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំឲ្យមានការបោះឆ្នោតសាកលលើកដំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦។ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំងសមាជិកសភាធម្មនុញ្ញ៦៧រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។