គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨ ប្រវែង​១៤៨​គីឡូម៉ែត្រ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវ ជាតិ​លេខ​៤៨ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក តំណាង​ក្រុមហ៊ុន​សាងសង់​តំណាង ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​សូមជម្រាបថា ផ្លូវ​នេះ​មាន​ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពី​ចំការ​ហ្លួង ស្រុកស្រែ​អំបិល ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ​ប្រវែង​១២២,៩ គីឡូម៉ែត្រ​មាន​ចំនួន​ពីរ​គន្លង ប្រវែង​២៥,១​គីឡូម៉ែត្រ​មាន ចំនួន​៤​គន្លង លើ​ទីតាំង​ចំនួន​៤​គឺ​៖ ១). ប្រវែង​១២​គីឡូម៉ែត្រ​, ២). ប្រវែង​៣,៤ គីឡូម៉ែត្រ ចំណុច​អន្ទង់អាំង និង​ជា​កន្លែង​ប្តូរ​ខ្សែ ផ្លូវ​ថ្មី​ទី​១, ៣). ប្រវែង​៤,២​គីឡូម៉ែត្រ ចំណុច​ចំណោត​តា​តៃ និង​ជា​កន្លែង ប្តូរ​ខ្សែ​ផ្លូវ​ថ្មី​ទី​២ និង​៤). ប្រវែង​៥,៥ គីឡូម៉ែត្រ ទទឹងផ្លូវ​១១​ម៉ែត្រ​(​ពីរ​គន្លង​) ១៨,៥​ម៉ែត្រ​ដល់ ២១,៥​ម៉ែត្រ​(​បួន​គន្លង​) ក្រាល​បេតុង កៅស៊ូ​(AC) (​កម្រាស់ ០៧​សង់ទីម៉ែត្រ ) បេតុង​សរសៃដែក​(២៥​សង់ទីម៉ែត្រ​) ត្រង់​ផ្លូវ​ប្រសព្វ​។​

​ជាងនេះទៅទៀត ផ្លូវ​នេះ​មានការ​កែសម្រួល​ចំណុច​ផ្លូវ​ប្រសព្វ​ចំនួន​០៥​កន្លែង ១). ចំការ​ហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែក​ចូលទៅ​គី​រី​សាគរ ៤). ផ្លូវបំបែក​ចូលទៅ​ទំនប់​វា​រី​អគ្គីសនី ៥).​ផ្លូវបំបែក​ចូលទៅ ព្រលានយន្តហោះ សាងសង់​ស្ពាន​ថ្មី​ចំនួន​០៤​កន្លែង (​ប្រវែង​១១៣​ម​) ប្រព័ន្ធ​បង្ហូរ​រំដោះ​ទឹក លូ​មូល​បេតុង ១៤០​កន្លែង​(​ថ្មី​១៥​កន្លែង និង​ពង្រីក​១២៥​កន្លែង​) លូ​ប្រអប់ ១៥​កន្លែង​(​ថ្មី ៣​កន្លែង និង​ពង្រីក ១២​កន្លែង​) បំពាក់​គ្រឿង​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍ ការកំណត់​ល្បឿន​៨០​គីឡូម៉ែត្រ​/​ម៉ោង (​តំបន់​ទំនាប ឬ​ផ្លូវត្រង់​) ៦០​គីឡូម៉ែត្រ​/​ម៉ោង (​តំបន់​ខ្ពង់រាប ឬ​ផ្លូវ​កោង​) រយៈពេល​សាងសង់​ចំនួន​៣២​ខែ គ្រោង​ចាប់ផ្តើម​សាង សង់​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារ​អាមេរិក ក្នុងនោះ​៖ តម្លៃ​គម្រោង​សាងសង់​ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារ​អាមេរិក តម្លៃ​សិក្សា​និង​ត្រួតពិនិត្យ គម្រោង​ចំនួន​៦ ០០០ ០០០​ដុល្លារ​អាមេរិក ក្រោម​មូលនិធិ​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃ​សាធារណរដ្ឋ​កូរ៉េ ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ១៣ ២៥២ ០០០ ដុល្លារ​អាមេរិក​សម្រាប់​ការងារ​ដោះស្រាយ​ផល ប៉ះពាល់ ដោះមីន និង​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការគ្រប់គ្រង​គម្រោង និង​ពន្ធអាករ សាងសង់​ដោយ ក្រុមហ៊ុន​សាងសង់​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​បច្ចេកទេស​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture​។

​ផ្លូវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​១២៣ (ASEAN Highway 123) ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ និង​ប្រទេស​ភូមា ត្រង់​ក្រុង​ដា​វ៉េ​(Dawai)​។ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​នេះ​មាន​តំបន់​សេដ្ឋកិច្ច ពិសេស​(SEZ) ចំនួន​០៤​កន្លែង​៖ ១). តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​(Koh Kong SEZ) ២). តំបន់ សេដ្ឋកិច្ច​ពិសេស​ស៊ួ​យ ឆេង (Suoy Chheng SEZ) ៣). តំបន់​សេដ្ឋកិច្ច​ពិសេស​គិរីសាគរ​កោះកុង (Kirisakor Koh Kong SEZ) និង​៤). តំបន់​សេដ្ឋកិច្ច​ពិសេស​រតនា​(Ratana SEZ) ព្រមទាំង​មាន​តំបន់ ទេសចរណ៍​គិរីសាគរ​ផងដែរ​។

​គួរ​កត់សម្គាល់ថា គម្រោង​លើក​កម្រិត​គុណ​ផ្លូវជាតិ​លេខ​៤៨​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ដូច តទៅ​៖ ១). ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចរាចរណ៍​របស់​អ្នកដំណើរ​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ធ្វើ ដំណើរ​និង​ដឹកជញ្ជូន ២). បង្កើន​ការធានា​សុវត្ថិភាព​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​តាមរយៈ​បំពាក់​គ្រឿង បរិក្ខារ​សុវត្ថិភាព​គ្រប់គ្រាន់ និង​កែសម្រួល​កាំ​កំណោង និង​ចំណោត​ខ្លាំង​របស់​ផ្លូវ ៣). ជំរុញ​សក្តានុពល តំបន់​ទេសចរណ៍ ៤). បង្កើន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាពិសេស​ជាមួយ​ប្រទេសជិតខាង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close