ស្ថានភាពសត្វត្មាត បង្ហាញសញ្ញាណវិជ្ជមាន នៅកម្ពុជា
លទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ បានបង្ហាញថា សត្វត្មាតទាំងបីប្រភេទ ដែលមាននៅប្រទេសកម្ពុជាគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន ១៤០ក្បាល នៅក្នុងអាហារដ្ឋានត្មាតសំខាន់ៗចំនួន ០៤ កន្លែងនៅតំបន់ការពារធម្មជាតិ កម្ពុជាគឺ៖ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ដែរថា សត្វត្មាតទាំងបីប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការ IUCN។ ជាមួយ លទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើងឃើញថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរមានការកើនឡើងនូវចំនួនសត្វត្មាតគួរឱ្យកត់សម្គាល់។ អ្នកវិទ្យាសាស្ត្រនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានសម្តែងការអបអរសាទរចំពោះសញ្ញាណវិជ្ជមាននៃស្ថានភាពសត្វត្មាតទាំងបីប្រភេទ ខណៈ ដែលពិភពលោកតែងប្រារព្ធទិវាអន្តរជាតិនៃការយល់ដឹងអំពីសត្វត្មាតនៅសប្តាហ៍ទី១ នៃខែកញ្ញាជារៀងរាល់ឆ្នាំ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។
ឯកឧត្តមមានប្រសាសន៍ថា «ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។
ជាលទ្ធផលនៃការស្រាវជ្រាវនេះដែរ អ្នកវិទ្យាសាស្ត្រក៏បានកត់ត្រាទុកជាពិសេស នូវការវិលត្រលប់របស់សត្វត្មាតត្នោត និងត្មាតផេះ មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ក្រោយអវត្តមានពីទីនោះអស់រយៈពេលជាង ៥ឆ្នាំ។ ទន្ទឹមនឹងនេះដែរ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គបានបង្ហាញថា ចំនួនសត្វត្មាតសរុបទាំងបីប្រភេទបញ្ចូលគ្នាបានកើនឡើងទ្វេដងសម្រាប់តំបន់នេះ ពោលគឺពីចំនួន ២០ក្បាល ដល់ចំនួន ៤១ក្បាលសម្រាប់រយៈពេលពីរខែចុងក្រោយ គឺចន្លោះចុងខែមិថុនា ដល់ ចុងខែសីហា ឆ្នាំ២០២១ នេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖«សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត»។
សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។