ក្រសួងទេសចរណ៍ អបអរ​សារ​ទរ និង​ទទួល​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​មហា​អនុតំបន់​មេគង្គ ឆ្នាំ​២០៣០!

​ភ្នំពេញ​៖ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ និង​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ជួបពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ ដែល​រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​មូលបទ “​ការពង្រឹង​ភាពខ្លាំង ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ទស្សវត្សរ៍​ថ្មី​”​។

​កិច្ច​ប្រជុំបាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​កម្មវិធី GMS និង​បានអនុម័ត​ឯកសារ​សំខាន់ៗ​ចំនួន ២ រួមមាន​៖ (១) ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​មហា​អនុតំបន់​មេគង្គ​ឆ្នាំ ២០៣០ (GMS 2030) សម្រាប់​ដឹកនាំ​កម្មវិធី GMS នៅក្នុង​ទសវត្សរ៍​ថ្មី និង (២) ការ​ឆើ្ល​យ​តប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ផែនការ​ស្តារឡើងវិញ ឆ្នាំ​២០២១-២០២៣ ដែលជា​ឯកសារ​យុទ្ធសាស្ត្រ​បំពេញបន្ថែម​ដល់​យុទ្ធសាស្ត្រ GMS ២០៣០ ផ្តោតលើ​ការគាំទ្រ​ដល់​ការ​ស្តារឡើងវិញ​នៃ​ប្រព័ន្ធ​សុខាភិបាល និង​សេដ្ឋកិច្ច​នៃ​អនុតំបន់​ក្នុង​រយៈពេល​មធ្យម​។​

​ចំពោះ​វិស័យ​ទេសចរណ៍ ការអនុម័ត​ឯកសារ​យុទ្ធសាស្ត្រ​ទាំងពីរ​ខាងលើ បានចង្អុលបង្ហាញ​ពី​ទិសដៅ​សំខាន់​របស់​ប្រទេស​ជាស​មា​ជីក GMS ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ជំរុញ​បង្កើត​នូវ​កាលានុវត្តភាព​ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រលូន និង​មាន​សុវត្ថិភាព តាមរយៈ​ការបន្ត​អនុវត្ត​គម្រោង​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ ជំហាន​ទី​១ និង​ទី​២ ការអនុវត្ត​គម្រោង​ស្តារឡើងវិញ​សហគមន៍​ទេសចរណ៍​ក្នុងដំណាក់កាល​កូ​វីដ​-១៩ បន្ត​ដាក់ចុះ​វិធានការ​បន្ទាន់​នានា​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ ឆ្នាំ​២០១៦-២០២៥ ដែល​ដឹកនាំ​ដោយ​ក្រុមការងារ​ទេសចរណ៍ (TWG) និង​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ (MTCO)​។

យោងតាម​យុទ្ធសាស្ត្រ​ខាងលើ​យើង​រំពឹងថា​នឹង​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) មាន​លក្ខណៈ​ល្អប្រសើរ​នៅក្រោយ​វិបត្តិ សំដៅ​ប្រែក្លាយ​តំបន់ GMS ប្រកបដោយ​សុ​ខុ​ដុម​នីយកម្ម ភាព​ធន់ និរន្តរភាព និង​ការទទួល​សុខ​ត្រូវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close